លោកជំទាវ ឱ វណ្ណឌីន អំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋ និងយុវវ័យ ចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ១៩, កូមីក្រុង ឈឺស្រាលជាង ដែលតា តែអាចសម្លាប់មនុស្ស

246
UI Promtion 2021

(ភ្នំពេញ)៖ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីអំពាវនាវអំពាវនាវដ៏ទទូច ដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងយុវវ័យទាំងឡាយ ឲ្យចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ អូមីក្រុង ពីពេលនេះតទៅ។
ការអំពាវនាវរបស់លោកស្រី ធ្វើឡើងបន្ទាប់ពីការឆ្លងរាលដាលជំងឺកូវីដ១៩ អូមីក្រុង ក្នុងសហគមន៍ បានបន្តកើនឡើងជាលំដាប់ ខណៈថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ក៏ជាថ្ងៃនៃទិវានៃសេចក្តីស្រឡាញ់ផងដែរ ពិសេសយុវជន។
លោកជំទាវ លើកឡើងថា ការឆ្លងរាតត្បាត និងការបំប្លែងខ្លួននៃវីរុសកូវីដ-១៩ នៅតែជាកង្វល់របស់បណ្តាប្រទេសនៅលើពិភពលោក ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ ជាក់ស្តែង គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ មានមនុស្សជិត៤រយលាននាក់ ដែលបានឆ្លងវីរុសកូវីដ-១៩ និងមនុស្សជាង ៥លាននាក់ដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ ហើយកម្ពុជា ក៏មានអ្នកឆ្លងសរុបចំនួន ១២៣,០៤២ នាក់ និងស្លាប់ចំនួន ៣,០១៥នាក់ដែរ។ ដូច្នេះបុគ្គលគ្រប់រូបចាំបាច់ត្រូវបន្តការពារខ្លួន ពីការចម្លងវីរុសដ៏កាចសាហាវនេះ ជាពិសេសគឺមនុស្សជាទីស្រឡាញ់របស់ខ្លួន ដោយមិនត្រូវមើលរំលងពីលទ្ធភាពនៃការវាយលុកដ៏ខ្លាំងក្លារបស់សត្រូវអត់ស្រមោលអូមីក្រុង នាពេលនេះឱ្យសោះបើទោះបីជាវាមានសភាពឈឺស្រាលជាង ដែលតា ក៏ដោយតែ អូមីក្រុង ក៏អាចធ្វើឱ្យមនុស្សស្លាប់បាត់បង់ជីវិត ជាបន្តបន្ទាប់នៅតាមបណ្តាប្រទេសមួយចំនួននៅលើសាកលលោករួចហើយដែរ។

លោកជំទាវ បន្តថា ថ្ងៃនៃក្តីស្រឡាញ់ ១៤ កុម្ភៈ មិនមែនជាទំនៀមទម្លាប់ប្រពៃណីយជាតិខ្មែរនោះទេ តែបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវវ័យមួយចំនួនបានប្រើប្រាស់ថ្ងៃនេះ ធ្វើការជួបជុំគ្នាពិសារអាហារជាមួយគ្នា ដើម្បីបង្ហាញនូវក្តីស្រឡាញ់របស់ខ្លួន ជូនទៅបុគ្គលណាម្នាក់ ឬច្រើននាក់ដែលខ្លួនស្រឡាញ់។ នៅក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩ ជាពិសេស អូមក្រុង សូមបងប្អូន និងយុវវ័យទាំងអស់ កុំភ្លេចខ្លួនឱ្យសោះថា អូមីក្រុង កំពុងតែចរាចរយ៉ាងសកម្ម នៅក្នុងសហគមន៍ យើងទាំងអស់គ្នាក៏មិនត្រូវព្រងើយកន្តើយ មិនអើពើទៅនឹងការទប់ស្កាត់ ការឆ្លងរាតត្បាតជំងឺដ៏កាចសាហាវនេះដែរ។

អ្នកនាំពាក្យរូបនេះបន្ថែមថា «យើងត្រូវបង្កើននូវសកម្មភាព ចូលរួមអនុវត្តន៍វិធានការ ៣ការពារ (ពាក់ម៉ាស់ លាងដៃ រក្សាគម្លាត សុវត្ថិភាពបុគ្គល) ៣កុំ (កុំទៅកន្លែងដែលមានមនុស្សច្រើន កុំទៅកន្លែងដែលបិទជិត កុំចាប់ដៃគ្នាឫកៀកគ្នា) និងនាំមនុស្សជាទីស្រឡាញ់របស់ខ្លួន ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសដូសទី៣ ឬដូសជំរុញ ឱ្យបានគ្រប់ៗគ្នាជាចាំបាច់ ដើម្បីផ្តល់នូវក្តីស្រឡាញ់ពិតៗ ជូនដល់ពួកគាត់ នាពេលនេះព្រោះវ៉ាក់សាំងកូវីដ-១៩ រួមជាមួយនឹងការនាំគ្នាអនុវត្តន៍ឱ្យបានត្រឹមត្រូវនូវវិធានការ ៣ការពារ និង៣កុំ គឺពិតជាជួយសង្គ្រោះអាយុជីវិតមនុស្សជាទីស្រឡាញ់របស់លោកអ្នក»។

លោកជំទាវ សំណូមពរទៀតថា សូមនាំគ្នាប្រើប្រាស់ថ្ងៃដ៏សំខាន់របស់លោកអ្នក ជួយដល់អ្នកជាទីស្រឡាញ់ទាំងឡាយទាំងក្តីស្រឡាញ់ផ្ទាល់ខ្លួន ក្តីស្រឡាញ់ក្រុមគ្រួសារខ្លួន និងផ្តល់នូវការការពារសុខភាពពីជំងឺកូវីដ-១៩ នៅក្នុងសហគមន៍យើងឱ្យគ្រប់ៗគ្នា សំដៅកាត់បន្ថយការឆ្លងរាលដាលជំងឺកូវីដ-១៩ និងបន្តការរស់នៅធម្មតាក្នុងប្រក្រតីភាពថ្មីបានយូរអង្វែងនិរន្តន៍តទៅ។ សូមកុំឱ្យមានការស្តាយក្រោយដោយសារការធ្វេសប្រហែសរបស់យើង ចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ទាំងអស់គ្នាពីពេលឥឡូវនេះតទៅ៕