ឯកឧត្តមបណ្ឌិត ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អំពាវនាវឱ្យកងទ័ពបន្តថែរក្សាសន្តិភាព និងទប់ស្កាត់ អ្នកនយោបាយជ្រុលនិយម ដែលប៉ុនប៉ងបង្កឲ្យមានភ្លើងសង្គ្រាមឡើងវិញ

260
UI Promtion 2021

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអំពាវនាវឱ្យកងទ័ពទាំងអស់បន្តថែរក្សាសន្តិភាព និងត្រូវរារាំងអ្នកនយោបាយអគតិណាមួយ ដែលចង់មកបំផ្លាញសុខសន្តិភាពកម្ពុជា និងបង្កឲ្យមានភ្លើងសង្គ្រាមឡើងវិញ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារទីបញ្ជាការ អគារស្នាក់នៅ អគារសាលប្រជុំ អគារកងអនុសេនាតូចព្រំដែន និងសមិទ្ធផលនានា របស់តំបន់ប្រតិបត្តិការសឹករងតាកែវ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។
ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះថា៖ «សូមបន្តចូលរួមថែរក្សាសុខសន្តិភាពនេះ ឲ្យបានឋិតឋេរគង់វង្សយូរអង្វែង ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ហើយរារាំងមិនឱ្យអ្នកនយោបាយអគតិណាមួយ មានឱកាសមកបំផ្លាញសុខសន្តិភាពនេះ និងបង្កឲ្យមានភ្លើងសង្គ្រាមឡើងវិញជាដាច់ខាត»។
ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកអំពីការយកចិត្តទុកដាក់របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជំរុញជាប់ជាប្រចាំឲ្យថ្នាក់ដឹកនាំគ្រប់ផ្នែក គ្រប់កម្រិត យកចិត្តទុកដាក់គិតគូរចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់អ៊ំពូមីងអតីតយុទ្ធជន ដោយសម្តេចទាំងពីរ បានធ្វើការកៀរគរសប្បុរសជន និងបង្កើតឱ្យមានយន្តការឧបត្ថម្ភ ប្រកបដោយនិរន្តរភាព ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ពួកគាត់ និងក្រុមគ្រួសារ។
ឯកឧត្តម បន្តថា៖ «កាយវិការ និងទឹកចិត្តដ៏ប្រពៃនេះរបស់លោកទាំងពីរ គឺជាការតបស្នងសងគុណរៀមច្បងអតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ នៅលើសមរភូមិជាច្រើន ក្នុងសម័យកាលដែលប្រទេសយើងឆ្លងកាត់សង្គ្រាម ដើម្បីនាំមកនូវសុខសន្តិភាពពេញលេញ បរិបូរណ៍ ដូចពេលបច្ចុប្បន្ន និងមិនដែលធ្លាប់កើតមានក្នុងប្រវត្តិសាស្ត្រកម្ពុជានាពេលជាង៥០០ឆ្នាំចុងក្រោយនេះ»។
លោកបានថ្លែងអំណរគុណថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្តតាកែវ ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធនឹងជំងឺ-១៩ ទាំងយប់ទាំងថ្ងៃ ដោយមិនគិតពីការនឿយហត់។
លោកសូមគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបង្ហាញភាពជាអ្នកដឹកនាំប្រកបដោយគតិបណ្ឌិត ដោយបានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ តាមរយៈការវាយតម្លៃស្ថានការណ៍ និងពិចារណា វិនិច្ឆ័យ ហ្មត់ចត់ គ្រប់ជ្រុងជ្រោយ អារកាត់រហ័សទាន់ពេលវេលា ទាំងក្នុងការទិញវ៉ាក់សាំង ការបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំង និងការថែទាំព្យាបាល នៅទូទាំងប្រទេស ដើម្បីសង្គ្រោះអាយុជីវិតប្រជាជនទាំងខ្មែរ និងបរទេស ដោយមិនមានការរើសអើង ឬប្រកាន់និន្នាការនយោបាយណាមួយទ្បើយ៕