ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធអគារសិក្សាសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) សាខាខេត្តបាត់ដំបង

192
UI Promtion 2021

នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសិក្សាសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) សាខាខេត្តបាត់ដំបង ។

លោកសាស្រ្ដាចារ្យបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI)បានមានប្រសាសន៍ថា សាកលវិទ្យាល័យនេះ ដើមឡើយមានឈ្មោះថា សាកលវិទ្យាល័យចំរើនពហុបច្ចេកវិជ្ជា (CUP)ដែលកកើតឡើងនៅឆ្នាំ២០០២ និងនៅឆ្នាំ២០១៨ក៏បានផ្លាស់ប្ដូរឈ្មោះជាសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបច្ចុប្បន្ននេះមានចំនួន៤សាខាទូទាំងប្រទេសកម្ពុជា។

នាឱកាសនោះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តខេត្តបាត់ដំបង បានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ១៩៧៩ ពោលគឺក្រោយរបបកម្ពុជាប្រជាធិបតេយ្យ អ្វីៗគ្រប់យ៉ាងត្រូវបានបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុង ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស ក៏ប៉ុន្តែ ដោយសារតែនយោបាយឈ្នះៗរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានកែប្រែប្រទេសកម្ពុជាឲ្យក្លាយជាប្រទេសដែលមានសុខសន្ដិភាពពេញលេញ បានបង្កើតឱកាសដល់វិស័យឯកជននានាមកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ពិសេសវិស័យអប់រំ ដែលជាវិស័យមួយកំពុងតែរីកដុះដាលដូចផ្សិត ហើយវិស័យអប់រំនេះបានបណ្ដុះបណ្ដាលធនធនមនុស្សពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានការកើនឡើងជាលំដាប់ ។ ក្នុងនោះឯកឧត្តម ក៏បានធ្វើការក្រើនរំលឹកដល់លោកគ្រូអ្នកគ្រូ សិស្សនិស្សិត និងប្រជាពលរដ្ឋ ត្រូវបន្តការយកចិត្តទុកដាក់ក្នុងការថែរក្សាអនាម័យបរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈ បូករួមទាំងផ្នែកសំណង់អាណាធិបតេយ្យ ដែលនេះជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋត្រូវតែអនុវត្ត ដើម្បីផលប្រយោជន៍ខេត្ត និងសណ្ដាប់ធ្នាប់ក្នុងខេត្តឲ្យមានរបៀបរៀបរយ គ្មានសំរាម ។

ឯកឧត្តម បានមានប្រសាសន៍ និងឱ្យប្រជាពលរដ្ឋឲ្យបន្តចូលរួមគោរពច្បាប់ចរាចរណ៍ ស្រវឹងកុំបើកបរ ពាក់មួកសុវត្ថិភាព កុំបើកបរក្នុងស្ថានភាពងងុយជាដើម ដើម្បីលុបបំបាត់នៅអាត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យកាន់តែកាត់បន្ថយជាងមុន និងឈានទៅរកការឈប់ទាំងស្រុងនូវការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។

ឯកឧត្តម ក៏បានបន្តជំរុញ ដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងនិស្សិត ក៏ដូចជាបងប្អូនប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំង ដូសទី៣ ឱ្យបានគ្រប់ៗគ្នា ៕