រងទុក្ខផ្ទួនៗ! សត្វស្វាដែល Elon Musk យកទៅដោតបន្ទះឈីបដើម្បីពិសោធន៍ ពេលនេះក្ស័យជីវិតជិតអស់ហើយ

206
UI Promtion 2021

ក្រុមហ៊ុន Neuralink របស់កំពូលមហាសេដ្ឋី Elon Musk បាននាំយកសត្វស្វា និងសត្វព្រៃដទៃទៀត មកដោតបន្ទះឈីបចូលទៅក្នុងខួរក្បាល ដើម្បីធ្វើការពិសោធន៍ មុននឹងឈានចូលដល់ការដាក់ចូលខួរក្បាលមនុស្សពិត។ ក្នុងបេសកកម្មនោះដែរ សត្វស្វាសរុបចំនួន ២៣ ត្រូវបានយកមកពិសោធន៍។


សត្វស្វាទាំងអស់ត្រូវបានយកទៅពិសោធន៍ នៅសាកលវិទ្យាល័យ California Davis ចន្លោះឆ្នាំ 2017 និង 2020ប៉ុន្តែពេលនេះ គួរឱ្យសោកស្ដាយក្នុងចំណោមសត្វស្វា ២៣ក្បាល ក្នុងនោះមានស្វា១៥ក្បាលហើយ ដែលត្រូវបាត់បង់ជីវិតបន្ទាប់ពីដោតបន្ទះឈីបចូលទៅក្នុងខួរក្បាលពួកវារួច នេះបើយោងតាមការចុះផ្សាយរបស់ Yahoo។
ប្រភពដដែលបានបន្តថា សត្វស្វាដែលបានដោតបន្ទះឈីបចូល មានអាការៈខុសៗពីគ្នាមុននឹងពួកវាបាត់បង់ជីវិត ដោយស្វាខ្លះចាប់ផ្ដើមអស់កម្លាំង និងកម្រើកដៃកម្រើកជើងមិនរួចក៏មាន។ យ៉ាងណាមិញចំពោះករណីនេះ ក៏មានអ្នក ដាក់ពាក្យបណ្តឹងទៅ ក្រសួងកសិកម្មនៃសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ដោយចោទប្រកាន់ Neuralink ពីការរំលោភបំពានលើសត្វព្រៃ។

គូសបញ្ជាក់ថាក្រុមហ៊ុន Neuralink ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ក្នុងគោលបំណងដាក់បន្ទះឈីបចូលទៅក្នុងខួរក្បាលមនុស្ស ដើម្បីជួយទៅដល់អ្នកមានជំងឺខួរឆ្អឹងខ្នង ខ្វិន ពិការភ្នែក ឱ្យពួកគេអាចធ្វើសកម្មភាពដូចមនុស្សធម្មតា។ ចន្លោះឆ្នាំ២០១៧ ដល់២០២១ មានសត្វជាច្រើនត្រូវបានដឹកយកមកពិសោធន៍ ក្នុងនោះមានស្វា ត្រូវបានគេពិសោធន៍បានយ៉ាងជោគជ័យ ដោយបញ្ជាឱ្យវាលេងហ្គេមនៅលើកុំព្យូទ័របានដូចមនុស្សដែរ។