អ្នកនាំពាក្យសុខាភិបាល អំពាវនាវយ៉ាងទទូចឲ្យប្រជាពលរដ្ឋគ្រប់រូប ប្រុងប្រយ័ត្នវីរុសអូមីក្រុង សូមបន្តវិធានការ ៣ការពារ និង៣កុំ ជាមួយការចាក់វ៉ាក់សាំង ដើម្បីរក្សាអាយុជីវិត !

223
UI Promtion 2021

(ភ្នំពេញ)៖ ជាថ្មីម្តងទៀត លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញមកអំពាវនាវសូមឲ្យប្រជាពលរដ្ឋគ្រប់រូប កុំមើលស្រាលវីរុសបំប្លែងថ្មី អូមីក្រុង ឲ្យសោះ សូមបន្តអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួនជាមួយនឹងការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ដែលអាចជួយអាយុជីវិតបាន។
ការចេញមកអំពាវនាវជាថ្មីនេះធ្វើឡើង បន្ទាប់ពីរយៈពេលចុងក្រោយនេះ ករណីឆ្លងក្នុងសហគមន៍ប្រភេទវីរុសបំប្លែងថ្មី បានកើនឡើងដល់៣ខ្ទង់ជាបន្តបន្ទាប់។
លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងសុខាភិបាលបានអំពាវនាវហើយអំពាវនាវទៀត វិធានការក៏បានដាក់ចេញជាហូរហែរច្រើនរួចហើយដែរ នៅឡើយតែការចូលរួមអនុវត្តពីបុគ្គលគ្រប់រូបនៅពេលនេះ ដោយសូមឱ្យចូលរួមអនុវត្តបន្តនូវវិធានការ ៣ការពារ និង៣កុំ រួមជាមួយនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសដូសទី៣ ឬដូសជំរុញនេះ ជាវិធានការល្អអាចជួយបុគ្គលគ្រប់រូបពីការវៃលុកនៃអូមីក្រុងធ្ងន់ធ្ងរ និងជួយអាយុជីវិតលោកអ្នកបាន»។
លោកស្រីរដ្ឋលេខាធិការបន្តថា នៅតាមបណ្តាប្រទេសមួយចំនួនលើសាកលលោក និងក្នុងតំបន់មានរកឃើញករណីឆ្លងអូមីក្រុងជារៀងរាល់ថ្ងៃ ក្នុងនោះក៏មានកម្ពុជាយើងដែរ ហើយករណីស្លាប់នៅតាមបណ្តាប្រទេសមួយចំនួននោះ ក៏កើតមានរួចហើយដែរ នៅលើអ្នកដែលមានជំងឺប្រចាំកាយ និងអ្នកដែលមិនបានចាក់វ៉ាក់សាំង ឬចាក់មិនគ្រប់ដូស។ ដូច្នេះមិនត្រូវមើលស្រាលលើលទ្ធភាពវៃលុកនៃវីរុសអូមីក្រុង នាពេលនេះឱ្យសោះ។
អូមីក្រុងបាន និងកំពុងឆ្លងនៅក្នុងសហគមន៍ ជាពិសេសកន្លែងដែលមានមនុស្សម្នាច្រើនកុះករ កន្លែងបិទជិតៗគ្មានខ្យល់ចេញចូលប្រើតែម៉ាស៊ីនត្រជាក់ និងកន្លែងជួបជុំគ្នាច្រើនពេក ខ្វះការអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ ហើយឱ្យតែយើងធ្វេសប្រហែស លទ្ធភាពនៃការឆ្លង គឺមានខ្ពស់ហើយ។
ជាមួយគ្នានេះ លោកស្រីសូមធ្វើការអំពាវនាវសារជាថ្មី យើងត្រូវរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ពីពេលនេះតទៅ ដោយត្រូវបន្តអនុវត្ត៖
១៖ នាំមនុស្សជាទីស្រឡាញ់របស់ខ្លួន ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់គ្នាគ្រប់ដូសមូលដ្ឋាន និងដូសជំរុញ ឥឡូវនេះកុំបីអាក់ខានឱ្យសោះឡើយ។
២៖ យកចិត្តទុកដាក់បន្តអនុវត្តន៍វិធានការ ៣ ការពារ៖ ពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ លាងសម្អាតដៃញឹកញាប់ រក្សាគម្លាតសុវត្ថិភាពពីមួយម៉ែតកន្លះឡើង និង ៣កុំ
ដូចជា៖ កុំបង្កឱ្យមានការជួបជុំគ្នាក្នុងចំនួនកើនឡើងច្រើនពេក ដែលជាហានិភ័យខ្ពស់ណាស់ ក្នុងដំណាក់កាលរាតត្បាតអូមីក្រុងនេះ ហើយកុំអង្គុយជិតៗគ្នាពេក ចាំបាច់ត្រូវអនុវត្តគម្លាតសុវត្ថិភាពបុគ្គល តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន។ កុំទៅកន្លែងមនុស្សច្រើនកុះករ កន្លែងបិទជិតៗ កុំជួបជុំគ្នាច្រើនជាដើម។
៣៖ បើមានការសង្ស័យ៖ សុំធ្វើតេស្តរហ័សដោយខ្លួនឯង បើវិជ្ជមានកូវីដ-១៩ សុំនៅដាច់ដោយឡែក អនុវត្តន៍ការព្យាបាលនិងថែទាំនៅតាមផ្ទះឱ្យបានហ្មត់ចត់ ចៀសវាងចម្លងបន្តទៅសមាជិកគ្រួសារ នៅក្នុងផ្ទះរបស់ខ្លួន ដោយអនុវត្តន៍តាមគោលការណ៍ណែនាំប្រត្តិបត្តិ សម្រាប់ការព្យាបាល និងថែទាំតាមផ្ទះ ដែលក្រសួងសុខាភិបាលបានចេញផ្សាយរួចហើយឱ្យបានត្រឹមត្រូវ។
៤៖ ចូលរួមផ្សព្វផ្សាយនូវវិធានការការពារខាងលើដល់ក្រុមគ្រួសារ និងសហគមន៍របស់យើង ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ អូមីក្រុងនេះ កុំឱ្យរាតត្បាតធំធេងឱ្យសោះ ពីពេលនេះតទៅ៕