ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធស្ពាន៧កន្លែងក្នុងខេត្តក្រចេះ និងព្រៃវែង តម្លៃ៣៥លានដុល្លារ ជាជំនួយរដ្ឋាភិបាលជប៉ុន

253
UI Promtion 2021

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញធ្វើដំណើរទៅខេត្តក្រចេះជាលើកទីពីរ សម្រាប់ខែកុម្ភៈ។ ការដំណើរអញ្ជើញចុះទៅកាន់ខេត្តក្រចេះនាព្រឹកថ្ងៃនេះ ដើម្បីធ្វើជាអធិបតីជាមួយលោក មិកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន ៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន តម្លៃប្រមាណ ៣៥លានដុល្លារអាមេរិក។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ស្ពានទាំង ៧កន្លែងនេះ គឺជាគម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់ នៅតំបន់ប្រឈមនឹងទឹកជំនន់ ស្ថិតនៅទីតាំងភូមិសាស្រ្តខេត្តក្រចេះ និងខេត្តព្រៃវែង ស្ពាននេះមានប្រវែងសរុប ៦៧០ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពានមានប្រវែងសរុប ៣,៤២៤ម៉ែត្រ។ ស្ពានដែលបានសាងសង់នេះ រួមមាន៖
* ស្ពានចំនួន៥កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ តាមបណ្តោយផ្លូវជាតិលេខ៧៣ រួមមាន៖ ស្ពានព្រែកសណ្តាន់ ប្រវែង៣៥ម៉ែត្រ, ស្ពានព្រែកឬស្ស ប្រវែង ៦២ម៉ែត្រ, ស្ពានអន្លង់ឃ្លេ ប្រវែង ៤៨ម៉ែត្រ, ស្ពានព្រែកឆ្លូង ប្រវែង ១៤០ម៉ែត្រ, និងស្ពានពាមទេរប្រវែង ១៧៥ម៉ែត្រ។
* ស្ពានចំនួន២កន្លែង ស្ថិតនៅក្នុងខេត្តព្រៃវែង តាមបណ្តោយផ្លូវជាតិលេខ១១ រួមមាន៖ ស្ពានបាបោងលេខ១ ប្រវែង ១០៥ម៉ែត្រ និងស្ពានបាបោងលេខ២ ប្រវែង ១០៥ម៉ែត្រ។
លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងថា គម្រោងខាងលើនេះ បានស្ថាបនាច្រាំងការពារការហូរច្រោះទឹកជំនន់ និងត្រូវបានស្ថាបនាជាប្រភេទស្ពានបេតុងក្រាលកៅស៊ូ AC កម្រាស់ ១០សង់ទីម៉ែត្រ។ គម្រោងសាងសង់ស្ពានទាំង ៧កន្លែងនេះ គឺជាហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃប្រទេសជប៉ុន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា។
ស្ពានទាំង៧កន្លែងនេះ បានបើកការដ្ឋានសាងសង់កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅអំឡុងខែធ្នូ ឆ្នាំ២០២០ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៩ខែ សាងសង់ដោយក្រុមហ៊ុន Hazama Ando Corporation និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស CTI Engineering International Co., Ltd. បានចំណាយថវិកាអស់ប្រមាណ ៣៥លានដុល្លារអាមេរិក។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា សមិទ្ធផលថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ដែលកើតចេញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលនៃប្រទេសជប៉ុន ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តក្រចេះ ខេត្តព្រៃវែង ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង។
លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ការសាងសង់ឡើងវិញនូវស្ពានទាំង៧កន្លែងនេះ គឺដើម្បីឆ្លើយតបទៅនឹងឥទ្ធិពលនៃគ្រោះមហន្តរាយទឹកជំនន់ ដែលតែងតែកើតឡើងជារៀងរាល់ឆ្នាំនៅក្នុងអំឡុងរដូវវស្សា ដែលបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន និងបង្កផលលំបាកផ្សេងៗដល់ការធ្វើចរាចរណ៍ឆ្លងកាត់ភូមិសាស្រ្តនៃខេត្តទាំងពីរ។ នាពេលបច្ចុប្បន្ន ស្ពានទាំង៧កន្លែងនេះ បានក្លាយជាផ្នែកមួយនៃការតភ្ជាប់ និងគាំទ្រដល់ខ្សែផ្លូវជាតិចំនួនពីរ គឺផ្លូវជាតិលេខ៧៣ (ខេត្តក្រចេះ) និងផ្លូវជាតិលេខ១១ (ខេត្តព្រៃវែង) ដែលជាខ្សែផ្លូវមានភាពមមាញឹកខ្លាំងសម្រាប់ការធ្វើចរាចរណ៍ដឹកជញ្ជូនគ្រប់ប្រភេទ និងជាខ្សែផ្លូវតភ្ជាប់របៀងសេដ្ឋកិច្ចកណ្តាល និងរបៀងសេដ្ឋកិច្ចខាងត្បូង។
សម្រាប់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ការសម្រេចបាននូវការអភិវឌ្ឍ និងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងប្រទាក់ក្រឡាពាសពេញផ្ទៃប្រទេសដូចនាពេលបច្ចុប្បន្ននេះ គឺកើតឡើងដោយសារសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាកត្តាសារវន្តមិនអាចខ្វះបាន ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានចាត់ទុកការស្ដារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជាវិស័យអាទិភាពរបស់ជាតិ ហើយ សម្ដេចតេជោ តែងតែពុះពារស្វះស្វែងរកប្រភពធនធានពីគ្រប់មជ្ឈដ្ឋាន ដើម្បីអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅទូទាំងប្រទេសឱ្យកាន់តែមានភាពល្អប្រសើរឡើង។