គួរឲ្យសរសើរ! កូនខ្មែរ១ក្រុមនេះ ពួតដៃគ្នាបង្កើតChatbot ជួយម្ចាស់អាជីវកម្មមិនបាច់អស់ពាន់$បង្កើត App

181
UI Promtion 2021

នៅក្នុងការរកស៊ី អាយុតិច ឬច្រើនមិនសំខាន់នោះទេ ប៉ុន្ដែអ្វីដែលសំខាន់គឺមានគំនិត និងមានសមត្ថភាពអាចធ្វើបាន។ ជាក់ស្ដែងបើយើងក្រឡេកទៅមើលយុវជនខ្មែរមួយក្រុមនេះវិញ ពួកគាត់សុទ្ធតែជាសិស្សនិស្សិត ប៉ុន្ដែពួកគាត់មានគំនិត និងមានសមត្ថភាព ចេះសរសេរកូដបង្កើត Chatbot ឆ្លើយតបសារស្វ័យប្រវត្តិ ជួយដល់ម្ចាស់អាជីវកម្មនៅស្រុកខ្មែរជាច្រើន ជាង៣០ក្រុមហ៊ុន ដែលកំពុងប្រើហ្វេសប៊ុកផេក សម្រាប់ផ្សព្វផ្សាយ ហើយម្ចាស់អាជីវកម្មទាំងនោះ មិនចាំបាច់ចំណាយលុយរាប់រយ ឬរាប់ពាន់ដុល្លារទៅបង្កើត App នោះឡើយ។


នៅក្នុងបទសម្ភាសន៍ជាមួយ Technology Cambodia កាលពីពេលថ្មីៗនេះ លោក សាធ សុវីរៈ សហស្ថាបនិក និងជា CEO ក្រុមហ៊ុន Casstack បាន​ឱ្យដឹងថា ដោយមើលឃើញថា ក្នុងយុគសម័យឌីជីថលនេះ ម្ចាស់អាជីវកម្មជាច្រើនជួបការលំបាកក្នុងការឆ្លើយតបសារ និងបង្ហាញផលិតផល ក៏ដូចជាសេវាកម្មរបស់ខ្លួន ទៅកាន់អតិថិជនរាប់រយនាក់ ដែលឆាតសួរព័ត៌មានតាមរយៈហ្វេសប៊ុកផេក ហេតុនេះ លោក សាធ សុវីរៈ ជាមួយនឹងក្រុមការងារសរុប៨នាក់ផ្សេងទៀត បានប្ដេជ្ញាពួតដៃគ្នា បង្កើតក្រុមហ៊ុន Casstack​ ឡើងនៅក្នុងឆ្នាំ២០២០ ដោយមានការគាំទ្រពីវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យផងដែរ។

លោក សាធ សុវីរៈ បានលើកឡើងថា ជាទូទៅដើម្បីតបសារទៅកាន់ភ្ញៀវបាន ប្រាកដណាស់អ្នកតបសារនោះ គាត់ត្រូវតែជាអ្នកដែលដឹងពី ផលិតផល និងសេវាកម្មឱ្យបានច្បាស់ ហេតុនេះប្រសិនបើហាងរបស់គាត់មានម្ហូប១០០មុខ គាត់ក៏ត្រូវបង្រៀនបុគ្គលិករបស់គាត់ ស្គាល់និងយល់ពីលក្ខណៈពិសេសនៃម្ហូបទាំង១០០មុខនោះជាមុនសិន ទើបអាចបណ្ដោយឱ្យតបសារទៅកាន់ភ្ញៀវបាន។ ហើយប្រសិនបើមួយថ្ងៃមានមនុស្ស ១០០០នាក់ ឆាតចូលផេកសួរព័ត៌មាន គាត់ក៏ត្រូវជួលមនុស្សពីរ ឬបីនាក់ចាំតបសារដែរទើបទាន់។


ប៉ុន្ដែសម្រាប់ Chatbot ដែល Casstack បានបង្កើតឡើង គឺម្ចាស់អាជីកម្មមិនចាំបាច់ចំណាយលុយ និងពេលវេលាច្រើនជួល ក៏ដូចជាបង្រៀនបុគ្គលិកពីរបីនាក់ ឱ្យអង្គុយចាំតបសារនោះទេ ពោលគឺពួកគាត់អាចកំណត់មុខទំនិញ សេវាកម្ម តម្លៃ និង ចំណុចពិសេសគ្រប់យ៉ាងទុកបង្ហាញទៅកាន់អតិថិជន។ បន្ថែមពីនេះទៀត ក្រុមការងារ Casstack និងជួយកំណត់សំណួរចម្លើយស្វ័យប្រវត្តិដែលល្អបំផុត តម្រូវទៅតាមអាជីវកម្មរបស់ពួកគាត់ ដែលអាចជួយបង្កើនឱកាសនៃការលក់កាន់តែខ្ពស់ផងដែរ។
គួរជម្រាបផងដែរថា​ បច្ចុប្បន្ននេះមានក្រុមហ៊ុនល្បីៗ ជាង ៣០ ក្រុមហ៊ុន បាននឹងកំពុងតែប្រើប្រាស់សេវាកម្មរបស់ Casstack ហើយប្រសិនបើលោកអ្នកចាប់អារម្មណ៍ចង់ប្រើ ឬចង់សួរព័ត៌មានបន្ថែមទាក់ទងនឹង Chatbot ក៏ដូចជាចង់ប្រឹក្សាយោបល់ផ្សេងៗ អាចទំនាក់ទំនងទៅកាន់លេខ 010/ 085 82 89 56, ហ្វេសប៊ុកផេក៖ Casstack, វេបសាយ៖ casstack.com៕