ឯកឧត្តម ហ៊ុន ម៉ានី និងរដ្ឋមន្រ្តីការបរទេសសិង្ហបុរី បញ្ជាក់ពីជំហរនៃការព្រឹងទំនាក់ទំនងយុវជននៃប្រទេសទាំងពីរ

273
UI Promtion 2021

(ភ្នំពេញ)៖ ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ហ៊ុន ម៉ានី បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Vivian Balakrishnan រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសិង្ហបូរី នាឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន។ នេះជាជំនួបសារជាថ្មី បន្ទាប់ពីថ្នាក់ដឹកនាំទាំងពីរបានជួបគ្នាកាលពីឆ្នាំ២០១៧កន្លងទៅ។
ជំនួបនាពេលនោះ ក៏បានពិភាក្សាបន្តស្មារតីនៃទំនាក់ទំនងល្អដែលបានចាក់ឫសរឹងមាំរវាងមេដឹកនាំទាំងពីរ គឺសម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម លី ស៊ានឡុង ដើម្បីឱ្យទំនាក់ទំនងទ្វេភាគីកាន់តែរីកចម្រើនបន្តទៅដល់ជំនាន់ក្រោយ។
នាឱកាសនោះផងដែរ ភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់អំពីទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរដែលក្នុងនាមជាប្រទេសរួមសហគមន៍អាស៊ានតែមួយ។ កិច្ចពិភាក្សាបានផ្តោតសំខាន់លើការបន្តរឹតចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន និងការស្វែងយល់ពីតម្រូវការរបស់ប្រជាជនវ័យក្មេងនៃប្រទេសទាំងពីរផងដែរ។

ភាគីទាំងពីរបានពិភាក្សា ផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ក្នុងក្របខ័ណ្ឌនៃការងារយុវជនរបស់ប្រទេសទាំងពីរ និងបានបង្ហាញជំហរក្នុងការពង្រឹងទំនាក់ទំនងយុវជននៃប្រទេសទាំងពីរក្នុងការស្វែងយល់ពីគ្នាទៅវិញទៅមកកាន់តែច្រើន តាមរយៈការបង្កើនការផ្លាស់ប្តូរឱកាសជំនួប និងគម្រោងការងាររវាងយុវជនអ្នកបន្តវេនជំនាន់ក្រោយ។
ដោយឡែក នារសៀលថ្ងៃដដែលនេះ ឯកឧត្តមនឹងអញ្ជើញចូលជួបសវនការសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕