ក្រុមហ៊ុន Opennet ជំពាក់លុយរដ្ឋជាង ៦លានដុល្លារមិនព្រមសង, ក្រសួងទុករយៈពេលឲ្យ មួយសប្ដាហ៍ទៀត

268
UI Promtion 2021

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអនុវត្តវិធានការចំពោះក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតឈ្មោះ ឃីង ថេកណូឡូជី (King Technologies) ដែលគេស្គាល់ថា ក្រុមហ៊ុន Opennet។ ដោយក្នុងនោះ និយ័តករទូរគមនាគមន៍កម្ពុជានឹងចេញលិខិតព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ហើយនៅអាទិត្យក្រោយនេះ ក្រុមការងារក្រសួងនឹងចុះទៅបិទក្រុមហ៊ុនជាបណ្ដោះអាសន្ន។ នេះបើតាមឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ឯកឧត្តម សូ វិសុទ្ធី បានប្រាប់សារព័ត៌មានក្នុងស្រុក នៅថ្ងៃទី១៨ ខែកុម្ភៈថា ក្រសួងបានរកឃើញបំណុលរបស់ក្រុមហ៊ុន King Technologies (Opennet) ជាង ៦លានដុល្លារអាមេរិក ដែលបានជំពាក់ចាប់តាំងពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ និងវិភាគទានបន្ថែមចូលមូលនិធិ USO និង CBRD សរុបជាង ១លាន៨សែនដុល្លារអាមេរិក ដែលមិនបានប្រកាសពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០។
ប្រភពដដែលបន្តថា ក្រុមហ៊ុន Opennet មិនបានធ្វើការទូទាត់ប្រាក់បំណុលឱ្យបានសព្វគ្រប់ទេ ដោយបានបង់បំណុលតែ ១លាន៣សែនដុល្លារ (១,៣លានដុល្លារ) ហើយគេចវេះមិនបានបង់បំណុលដែលនៅសល់ ៦លាន៦សែនដុល្លារ (៦,៦លានដុល្លារ)ទៀត។
សូមជម្រាបថា យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញសេចក្តីជូនដំណឹងរួមគ្នា ដែល ព័ត៌មានទទួលបានកាលពីសប្តាហ៍មុន បានបញ្ជាក់ថា ក្រុមហ៊ុន ឃីង ថេកណូឡូជី (Opennet) ដែលជាប្រតិបត្តិការផ្តល់សេវាអ៊ីនធឺណិត មិនទាន់បានអនុវត្តកាតព្វកិច្ចទូទាត់បំណុលជូនរដ្ឋនៅឡើយ។
យោងតាមសេចក្តីជូនដំណឹង ក្រសួងទាំងពីរសម្រេចទុករយៈពេល ៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ ដើម្បីឱ្យក្រុមហ៊ុនចូលមកបំពេញកាតព្វកិច្ចទូទាត់បំណុលនៃចំណូលបែងចែក (Revenue Share) និងបំណុលដទៃទៀតដែលក្រុមហ៊ុននៅជំពាក់រដ្ឋ ជាកំហិត។
ក្នុងករណី ក្រុមហ៊ុន ឃីង ថេកណូឡូជី (Opennet) នៅតែគេចវេសមិនព្រមទូទាត់បំណុលជូនរដ្ឋក្រសួងទាំងពីរនឹងចាត់វិធានការព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន និងអនុវត្តមាត្រា៧៨ នៃច្បាប់ស្តីពីទូរគមនាគមន៍ព្រមទាំងចាត់វិធានការដទៃទៀតស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕