ពិធីជួបជុំនិស្សិតអំពីដំណើរការនៃការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់កំពត៖ នាវេលាម៉ោង៨,០០នាទីព្រឹក ថ្ងៃសៅរិ៍ ៣រោចខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥

494
UI Promtion 2021

ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២២ នៅសាកលវិទ្យាល័យឥន្រ្ទវិជ្ជា(UI) សាខាខេត្តកំពត បានរៀបចំកម្មវិធីជួបជុំនិស្សិតថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២១-២០២២ ក្រោមអធិបតីភាព លោកបណ្ឌិត សុខ សុផល សាកលវិទ្យាធិការរង, បណ្ឌិត ណេន ចិន្តា សាកលវិទ្យាធិការរង  និងបណ្ឌិត ថោង យ៉ាវ៉ាន់ សាកលវិទ្យាធិការរង និងនាយកសាខាកំពត ។

កម្មវិធីជួបជុំនិស្សិត បានប្រព្រឹត្តទៅនៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI) មានទីតាំងស្ថិតភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ។

ក្នុងកម្មវិធីនេះផងដែរ បណ្ឌិត សុខ សុផល សាកលវិទ្យាធិការរង បានធ្វើបទបង្ហាញជូននិស្សិត អំពីដំណើរការនៃការបណ្តុះបណ្តាល បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់(បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់ថ្នាក់ឥស្សរជន) និងថ្នាក់បណ្ឌិតស្រាវជ្រាវ និងមួយមជ្ឍមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ (វគ្គខ្លី) ។

បណ្ឌិត ណេន ចិន្តា សាកលវិទ្យាធិការរង បានធ្វើបទបង្ហាញជូននិស្សិត អំពីសារៈប្រយោជន៍ចំពោះការសិក្សារៀនសូត្រ និងការស្រាវជ្រាវ ត្រូវពង្រឹងសមត្តភាព របស់ខ្លួនឱ្យបានល្អប្រសើរ ដើម្បីឆ្លើយតបនិងទីផ្សារការងារ។

បណ្ឌិត ថោង យ៉ាវ៉ាន់ ប្រតិភូសាកលវិទ្យាល័យឥន្ទ្រវិជ្ជា UI សាខាកំពត បានជូនពរនិស្សិតឱ្យប្រឹងប្រែងយកចិត្តទុកដាក់ស្រាវជ្រាវ ផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងនូវសមត្ថភាពរបស់ខ្លួន ឱ្យក្លាយជាធនធានឆ្នើមក្នុងសង្គម  សម្រាប់ចូលរួមការអភិវឌ្បសង្គមជាតិ និងប្រទេសជាតិឈានទៅរកភាពកាន់តែរីកចម្រើន។