ព័ត៌មានអន្តរជាតិអាជ្ញាធរក្រុងគៀវ អ៊ុយក្រែន ត្រៀមជាស្រេចសម្រាប់ជម្លៀសប្រជាជនចំនួន ៣លាននាក់ ចេញពីក្រុង

362
UI Promtion 2021

ក្រុងគៀវនឹងត្រូវជម្លៀស ចេញទាំងស្រុង ប្រសិនបើទាហានរុស្ស៊ី សម្រុកចូលតាមព្រំដែន និងប៉ុនប៉ងចូលឈ្លានពានអ៊ុយក្រែន។ នេះបើអ្វីដែលមន្ត្រី ក្រុងជាន់ខ្ពស់ម្នាក់ បានលាតត្រដាង កាលពីថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់ស្ថានីយ៍វិទ្យុ Hromadske ប្រធានសន្តិសុខក្រុងគៀវ គឺ លោក Roman Tkachuk បាននិយាយថា អ្នកស្រុកចំនួន៣លាននាក់ក្នុងទីក្រុង នឹងត្រូវជម្លៀសចេញពីរដ្ឋធានីនៅក្នុងព្រឹត្តិការណ៍នៃសង្គ្រាម។ ទោះយ៉ាងណា មន្ត្រីរូបនេះមិនបានបញ្ជាក់ថា ពួកគេនឹងត្រូវជម្លៀសទៅទីណា ឬដោយរបៀបណានោះទេ។
លោក Tkachuk បាននិយាយថា “នៅក្នុងព្រឹត្តិការណ៍នៃអរិភាព ការជម្លៀសនឹងត្រូវបានអនុវត្ត ហើយមានតែបុគ្គលិកផ្នែកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនប៉ុណ្ណោះ ដែលនឹងបន្តនៅក្នុងទីក្រុង” ។ ទោះយ៉ាងណា អ្នកដែលជ្រើសរើសស្នាក់នៅ នឹងមិនត្រូវបានគេបង្ខំឱ្យចេញនោះទេ។
ការប្រកាសនេះធ្វើឡើង ចំពេលមានភាពតានតឹង កើនឡើងជុំវិញជម្លោះ នៅតាមព្រំដែនរវាងរុស្ស៊ី និងអ៊ុយក្រែន។ ទីក្រុងមូស្គូ ត្រូវបានចោទប្រកាន់ពីបទដាក់ ពង្រាយទាហានរុស្ស៊ី ជាង ១០០ ០០០ នាក់នៅតាមព្រំដែន ហើយទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់វិមានក្រឹមឡាំងថា បានរៀបចំផែនការ ឈ្លានពានអ៊ុយក្រែន៕