រកស៊ីឱ្យគេ ចំណេញ១០០០% តែវិនិយោគិន Apple ប្រុងអត់បើកលុយឱ្យ Tim Cook ខ្ទង់រយលាន$

201
UI Promtion 2021

គេអាចនិយាយបានថា ក្រៅតែពី Steve Jobs មិនមានអ្នកណាអាចជំនួសខួរក្បាលច្នៃប្រឌិត និង ទីផ្សារដ៏អស្ចារ្យរបស់ Steve បានឡើយ តែសម្រាប់ Tim Cook ត្បិតថាស្នាដៃនៃការច្នៃបង្កើតថ្មីមិនលេចធ្លោដល់កម្រិត Steve ក៏ដោយ តែក្នុងអាណត្តិគាត់ដើរតួរជានាយកប្រតិបត្តិ Apple ក្រុមហ៊ុនផ្លែប៉ោមកើនតម្លៃដល់៣ទ្រីលានដុល្លារ ធ្លាប់ជាប់ឈ្មោះជាក្រុមហ៊ុនមានតម្លៃបំផុតលើលោកមួយ។
កន្លងទៅ Apple ធ្លាប់បញ្ចេញទិន្នន័យប្រាក់ខែ និង ប្រាក់បំណាច់របស់ Tim Cook នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនផ្ញើរទៅកាន់គណកម្មការមូលបត្រអាមេរិក SEC ថាក្នុងឆ្នាំ ២០២១ លោក Tim Cook ត្រូវទទួលបានកញ្ចប់លុយប្រាក់បំណាច់ និង រង្វាន់ ក្នុងរូបភាពជាភាគហ៊ុនមានតម្លៃដល់ ៨២.៣លានដុល្លារ បូកជាមួយប្រាក់ខែសរុបគិតក្នុងមួយឆ្នាំ ៣លានដុល្លារនិងប្រាក់បន្ថែមផ្សេងទៀតសរុបដល់ ៩៨.៧លានដុល្លារ។

ស្នាដៃល្អ រុញក្រុមហ៊ុនឱ្យកើនតម្លៃហ៊ុនរហូត ១០០០% តាំងពីពេលគាត់ចូលមកកាន់តំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Apple នេះក៏ពិតមែន តែថ្មីៗនេះក្រុមអ្នកវិនិយោគក្រុមហ៊ុន Apple ដ៏មានឥទ្ធិពលមួយ កំពុងខ្ទាស់ជើងនាយកប្រតិបត្តិលោក Tim Cook មិនចង់ឱ្យ Tim ទទួលបានប្រាក់បំណាច់លើកទឹកចិត្ត ១០០លានដុល្លារនោះទេនេះបើតាមការចេញផ្សាយពីសំណាក់សារព័ត៌មាន CNN។
ក្រុមវិនិយោគិននោះឈ្មោះ Institutional Shareholder Service ដោយបានចេញរបាយការណ៍កាលពីថ្ងៃពុធថា ក្រុមគាត់មានការបារម្ភទៅលើការរៀបចំប្រាក់បំណាច់ និង ប្រាក់រង្វាន់របស់ Tim Cook ឡើងដល់កម្រិតនេះហើយក្រុម ISS នេះដដែលកំពុងទទូចឱ្យវិនិយោគិនគីឡូធ្ងន់របស់ Apple ផ្សេងទៀតឱ្យបោះឆ្នោតដកចេញនូវប្រាក់បំណាច់ និង ប្រាក់រង្វាន់របស់ Tim Cook នេះចេញ ក្នុងកិច្ចប្រជុំវិនិយោគិននៅថ្ងៃ ៤ខែមិនានេះ។អ្វីដែលវិនិយោគិនចាប់ចំណុចលើ Tim Cook ថាមិនសាកសមនឹងទទួលបានប្រាក់បំណាច់ដ៏សន្ធឹកសន្ធាប់នោះ គឺផ្ដោតទៅលើកង្វះលទ្ធផល ឡើងមិនដល់កម្រិតដែលគេចង់បាន ជាពិសេសនោះ Tim Cook ជិតចប់កុងត្រា អាចនឹងចូលនិវត្តន៍ក្នុងរយៈពេល១ឆ្នាំទៀត ទាំងដែលការបន្តកុងត្រាឬអត់នោះស្ថិតក្នុងភាពស្រពេចស្រពិលមិនច្បាស់លាស់នៅឡើយនោះ។សម្រាប់ខាងក្រុមហ៊ុន Apple វិញមិនទាន់ធ្វើការបកស្រាយប្រាប់ខាងអ្នកសារព័ត៌មានយ៉ាងណានោះទេ តែសម្រាប់អ្នកកាន់ភាគហ៊ុនគីឡូធ្ងន់ផ្សេងទៀត ហាក់មានទំនោរគិតស្រដៀងទៅនឹង ISS ដែរ ហើយទំនោរនេះក៏មិនមែនទើបកើតឡើងដែរ ពោលតាំងតែពីឆ្នាំ ២០២១មកម្លេះ ដោយក្រុមហ៊ុនដែលឡើងផ្សារហ៊ុនធំៗ ដូចជា General Electric, Intel និង AT&T ជាដើម សុទ្ធតែត្រូវបានភាគហ៊ុននិកទាមទារឱ្យកាត់ប្រាក់បំណាច់ពីនាយកប្រតិបត្តិ៕