ឯកឧត្តម ហ៊ុន ម៉ាណែត ប្រាប់យុវជនជំនាន់ក្រោយ ត្រូវរក្សាអ្វីដែលអ្នកជំនាន់មុនបន្សល់ទុក និងបង្កើតសមិទ្ធផលថ្មីបន្ថែមទៀត តែឈរលើមូលដ្ឋានសាមគ្គី និងតម្កល់ប្រយោជន៍ជាតិជាធំ

173
UI Promtion 2021

(សៀមរាប)៖ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សខេត្តសៀមរាប។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា យុវជនគណបក្សប្រជាជនកម្ពុជាជំនាន់មុន បានបន្សល់នូវគំរូវីរភាព និងសមិទ្ធផលច្រើនជាអនេក បន្តទុកឲ្យយុវជនជំនាន់នេះ ដូច្នេះគប្បីខិតខំចូលរួមចំណែកបន្តថែរក្សា និងបង្កើតសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀត ដោយឈរលើមូលដ្ឋានគ្រឹះរឹងមាំនៃស្មារតីសាមគ្គីភាព ការតម្កល់ផលប្រយោជន៍ជាតិជាធំ។
បន្ថែមពីនេះ ការបន្តលើកកម្ពស់សមត្ថភាព ការប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ និងការយល់ដឹងច្បាស់ពីតួនាទីភារកិច្ចក្នុងនាមជាសមាជិកបក្ស ដើម្បីធ្វើយ៉ាងណាបម្រើប្រជាជន ថែរក្សាសុខសន្តិភាព និងចូលរួមចំណែកទាំងអស់គ្នា បន្តដឹកនាំនាវាកម្ពុជាទៅកាន់វឌ្ឍនភាព ភាពសម្បូរសប្បាយ ប្រកបដោយកិត្តិយស និងសុភមង្គល។ នេះជាអ្វីដែលឯកឧត្តម ហ៊ុន ម៉ាណែត បានគូសបញ្ជាក់។
ឯកឧត្តមបន្ដថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ជាប្រមុខ រួមជាមួយនឹងឥស្សរជនទាំងអស់ បានកំណត់យកការសង្រ្គោះប្រជាពលរដ្ឋនៅទូទាំងប្រទេសជាកត្តាអាទិភាពខ្ពស់បំផុត ដូចស្តែងឡើងតាមរយៈគំរូវីរភាពក្នុងដំណាក់កាលសំខាន់ៗ ក្នុងប្រវត្តិសាស្ត្រកម្ពុជា រួមមានជាអាទិ៍ការយកអាយុជីវិតធ្វើជាដើមទុន ក្នុងការរំដោះពីការសម្លាប់រង្គាលរបស់របបប៉ុលពត ការប្តូរជីវិតចូលតំបន់ឧទ្ទាមដើម្បីអនុវត្តនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាពពសពេញផ្ទៃប្រទេស និងថ្មីៗនេះ គឺការសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋចេញពីមាត់មច្ចុរាជកូវីដ-១៩ ដោយមិនមានការរើសអើង និងប្រកាន់និន្នាការនយោបាយណាមួយទ្បើយ ដែលផ្ទុយពីអ្នកនយោបាយជ្រុលនិយមមួយចំនួន តែងតែចិញ្ចឹមចិត្តរង់ចាំតែរកចន្លោះដើម្បីកេងចំណេញមហិច្ឆិតានយោបាយរបស់ខ្លួន ដោយមិនខ្វល់ពីសុខទុក្ខ និងការស្លាប់រស់របស់ប្រជាពលរដ្ឋឡើយ។
បើតាមឯកឧត្តម ហ៊ុន ម៉ាណែត ក្នុងសង្រ្គាមកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានរក្សានូវលំនឹងពីហានិភ័យ នៃវិនាសកម្មបង្កដោយជំងឺនេះ តាមរយៈការសម្រេចរៀបចំមូលដ្ឋាន នៃការព្យាបាលរឹងមាំ រួមមានជាអាទិ៍ ការបើកដំណើរការមណ្ឌល ព្យាបាលទាំងថ្នាក់មូលដ្ឋាន និងថ្នាក់តំបន់នៅទូទាំងប្រទេស ការសម្រេចចិត្តរហ័សទាន់ពេលវេលាក្នុងការជ្រើសរើសយកថ្នាំព្យាបាល និងវ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ព្រមទាំងការសម្រេចអនុញ្ញាតឲ្យព្យាបាលតាមផ្ទះ ដោយមានការចូលរួមពិចារណា ពិគ្រោះយោបល់ និងសិក្សាស្រាវជ្រាវច្បាស់លាស់ត្រឹមត្រូវ របស់ក្រុមបច្ចេកទេសជំនាញ នៃក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធនានា។
ចំណាត់ការដ៏ស័ក្តិសិទ្ធិ និងប្រកបដោយភាពហ្មត់ចត់នេះ បានធ្វើឲ្យគ្រប់គ្រងបានអត្រាអ្នកឆ្លងទាប ហើយក៏មិនមានករណីស្លាប់ថ្មីទៀតទេគិតត្រឹមថ្ងៃនេះ។ ការណ៍នេះបានជួយឲ្យកម្ពុជាឈានទៅបើកប្រទេសទ្បើងវិញលើគ្រប់វិស័យ ដែលជាការធានាបាននូវតុល្យភាពនៃសុខភាព សុខមាលភាពប្រជាពលរដ្ឋ និងដំណើរការជាប្រក្រតីនៃចរន្តសេដ្ឋកិច្ចរបស់ប្រទេសជាតិទាំងមូល។
លោកអះអាងថា យ៉ាងណាក៏ដោយ សម្តេចតេជោ ក៏បានអំពាវនាវឲ្យបន្តការប្រុងប្រយ័ត្នខ្ពស់ និ
ងអនុវត្តវិធានការ «៣ការពារ និង៣កុំ» ក៏ដូចជាវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀតឲ្យបានខ្ជាប់ខ្ជួន ជាពិសេសការចូលរួមទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៣ និងទី៤ ឲ្យបានគ្រប់ៗគ្នាសំដៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ នៃការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មីៗ៕