សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបូកសរុបលទ្ធផលនៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ និងផ្តល់អនុសាសន៍ផ្តាំផ្ញើជូនដល់ថ្នាក់ដឹកនាំក្រសួងសម្រាប់ឆ្នាំ២០២២

256
UI Promtion 2021
នៅព្រឹកថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រ សួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបូកសរុបលទ្ធផលនៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ និងផ្តល់អនុសាសន៍ផ្តាំផ្ញើជូនដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃសម្រាប់ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការប្រចាំការ, រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធនានា, អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយក នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ, ប្រធានក្រុមប្រឹក្សា អភិបាលរាជធានី-ខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតសរុបប្រមាណ ៣៥០នាក់។ កម្មវីធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលនៃការពិភាក្សាតាមក្រុមនីមួយៗជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដោយឯកឧត្តម នាយឧត្តមសេនីយ៍ មានប្រសាសន៍ឱ្យដឹងថា កុ្រមពិភាក្សាទាំង៦ក្រុមបានឯកភាពខ្ពស់នូវខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍ ស្តីពីលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២នេះ ដោយមានការចូលរួមពិភាក្សា និងផ្តល់ធាតុចូលនានាយ៉ាងផុសផុល។
ជាកិច្ចបន្ទាប់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍កោតសរសើរ ចំពោះឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរការនៃអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ។
សម្តេចក្រឡាហោម មានប្រសាសន៍បន្ថែមថា ផ្អែកតាមរបាយការណ៍នៃលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របាយការណ៍បូកសរុបលទ្ធផលការប្រឡងប្រណាំងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»របស់រាជរដ្ឋាភិបាល ក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ព្រមទាំងលទ្ធផលនៃកិច្ចពិភាក្សានៃក្រុមនីមួយៗ។
សម្តេចក្រឡាហោម បានផ្តល់ការណែនាំដ៏ខ្ពង់ខ្ពស់ដើម្បីអនុវត្តទិសដៅបន្តឱ្យកាន់តែមានប្រសិទ្ធភាពដែលមានដូចជា រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយនៅក្នុងឆ្នាំ២០២១កន្លងទៅ ទោះបីជាជាប់រវល់នូវការអនុវត្តវិធានការសុខាភិបាលប្រឆាំកូវីដ១៩ យ៉ាងណាក្តី ក៏កងម្លាំងសន្តិសុខ នូវតែបន្តអនុវត្តការងារនានាក៏ដូចជាការបង្ក្រាបនូវបទល្មើសនានាបានយ៉ាងសកម្ម។ ក្នុងនោះពាក់ព័ន្ធកងកម្លាំងនគរបាលចរាចរណ៍សម្តេចក្រឡាហោម បានណែនាំឱ្យពង្រឹងឡើងវិញនូវការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តឱ្យបានច្បាស់លាស់ និងជាប្រចាំ ព្រមទាំងត្រូវអនុវត្តឱ្យបានម៉ត់ចត់ចំពោះបុគ្គលបទល្មើសដោយគ្មានការយោគយោល់ ដោយត្រូវចាត់ដាច់ខាតនូវវិធានការអនុវត្តច្បាប់ចរាចរណ៍។
ទន្ទឹមនឹងនេះសម្តេចក្រឡាហោម បានធ្វើការអំពានាវដល់ប្រព័ន្ធផ្សាព្វផ្សាយទាំងអស់ដែលមានក្រសួងព័ត៌មាន ជាក្រសួងនាំមុខ ធ្វើយ៉ាងណាឱ្យបង្កើនចលនាផ្សព្វផ្សាយឱ្យគ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ មាន វិទ្យុ ទូរទស្សន៍ ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតដែលយើងមាន ដើម្បីផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ឱ្យដល់អ្នកប្រើប្រាស់ផ្លូវ។
សម្តេចក្រឡាហោម ស ខេង ក៏បានណែនាំដល់មន្ត្រីកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តរួមគ្នារក្សាការពារសុខសន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសុខជាតិឱ្យកាន់តែរឹងមាំ សំដៅធានាប្រក្រតីភាពនៃស្ថាប័នជាតិ, ធានាការពារព្រះរាជសុវត្ថិភាពព្រះមហាក្សត្រ, សុវត្ថិភាពថ្នាក់ដឹកនាំជាន់ខ្ពស់របស់ជាតិ,បង្កើនការការពារគោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម និងសកម្មភាពវិនិយោគនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លើសពីនេះទៀត សម្តេចក្រឡាហោម បានថ្លែងអំណរគុណចំពោះការចូលរួមផ្តល់នូវធាតុចូលដ៏មានសារសំខាន់របស់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំទាំងអស់នៅលើប្រធានបទសម្រាប់ការពិភាក្សា ជាមួយគ្នានេះ សម្តេចក្រឡាហោម មានប្រសាសន៍ ដោយសង្ឃឹមជឿជាក់យ៉ាងមុតមាំ លើការប្តេជ្ញាចិត្ត និងការចូលរួមរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងការអនុវត្តសម្រេចបានជោគជ័យនូវទិសដៅការងាររបស់ក្រសួងមហាផ្ទៃក្នុងឆ្នាំ២០២២ នេះ។
នាឱកាសនេះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានអញ្ជើញផ្តល់កិត្តិយសប្រគល់បណ្ណសរសើរ និងលិខិតសរសើរ ជូនដល់រដ្ឋបាលរាជធានី ខេត្ត ដែលទទួលបានជ័យលាភីប្រឡងប្រណាំង អនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ប្រចាំឆ្នាំ២០២១ ពាក់ព័ន្ធវិស័យជំនាញ ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ៕
 
ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា