គូរឲ្យសង្វេគណាស់! បុរសម្នាក់ ជាអ្នករត់តាក់ស៊ីនៅចំណតផ្សារដើមគកើត ខ្យល់គស្លាប់ក្នុងរថយន្ត

262
UI Promtion 2021

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ ជាអ្នករត់តាស៊ីពីភ្នំពេញ ទៅអ្នកលឿង, ព្រែកស្មាច់ ,ខ្ពបអាទាវ និងក្អមសំណ បានខ្យល់គស្លាប់នៅក្នុងរថយន្តរបស់ខ្លួនម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AB-9033 ខណៈដែលគាត់បានឈប់ចតនៅចំណតផ្សារដើមគ ដេីម្បីរង់ចាំម៉ូយ ។
ករណីមនុស្សស្លាប់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ស្ថិតនៅមុខចំណតរថយន្តតាក់ស៊ីផ្សារដើមគ តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា សពជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ពូ យាន មុខរបររត់តាក់ស៊ី ពីភ្នំពេញ ទៅអ្នកលឿង ,ព្រែកស្មាច់ ,ខ្ពបអាទាវ និងក្អមសំណ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ មានបុរសម្នាក់ ជាអ្នករត់តាក់ស៊ីដូចគ្នា ប៉ុន្តែរត់ពីភ្នំពេញ ទៅខេត្តតាកែវ បានទូរស័ព្ទហៅជនរងគ្រោះ ឱ្យមកដឹកម៉ូយម្នាក់ ដែលធ្វើដំណើរមកពីខេត្តតាកែវ ឆ្ពោះទៅក្អមសំណ។ ខណៈដែលជនរងគ្រោះបេីករថយន្តមកដល់មុខចំណតរថយន្តតាក់ស៊ីផ្សារដើមគ ក្រោមស្ពានអាកាស និងបានឈប់ចាំនៅលេីកំណត់ផ្លូវម៉ៅសេទុង ។ ស្រាប់តែពេលភ្ញៀវក៏បានដេីរទៅបើកទ្វាររថយន្តតាក់ស៊ីរបស់ជនរងគ្រោះ ក៏ឃើញអ្នកបើកបរ(ជនរងគ្រោះ)មានមិនស្រួលខ្លួន ដោយត្រដរខ្យល់ ភ្លាមនោះភ្ញៀវម្នាក់នោះ ក៏បានចេញទៅប្រាប់សន្តិសុខ និងអុ្នករត់តាក់ស៊ីផ្សេងៗទៀត ដើម្បីជួយសង្គ្រោះជីវិត និងបង្កឱ្យមានការភ្ញាក់តែម្តង។
សូមជម្រាបថា ក្នុងហេតុការណ៍នេះដែរ មានក្រុមអ្នករត់តាក់ស៊ីដូចគ្នា បាននាំគ្នាជួយសង្គ្រោះដោយធ្វើចលនា ដើម្បីជួយសង្គ្រោះបឋម ប៉ុន្តែគាត់នៅតែមិនដឹងខ្លួន។ ក្រោយមកឃើញក្រុមគ្រួសារជនរងគ្រោះមកដល់ ក៏មិនអស់ចិត្តរួចបានបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតផងដែរ។ ប៉ុន្តែជាអកុសលក្រុមគ្រូពេទ្យ បានអះអាងថា គាត់បានស្លាប់បាត់ទៅហើយ។
ដោយឡែកជុំវិញករណីនេះដែរ កម្លាំងសមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យ បានសន្ឋិដ្ឋានថា៖ ការស្លាប់របស់ជនរងគ្រោះ គឺដោយសារគាំងបេះដូង ទេីបធ្វើឱ្យក្លាយជាជំងឺខ្យល់គស្លាប់តែម្តង ។ ចំណែកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕