សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងពិភាក្សាការងារ នៅវិមានសន្តិភាព

165
UI Promtion 2021

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទទួលស្វាគមន៍ជាផ្លូវការ នៃដំណើរបំពេញទស្សនកិច្ចរបស់លោក អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ព្រមទាំងជួបពិភាក្សាការងារ។

ពិធីទទួលស្វាគមន៍ និងពិភាក្សាការងារនេះ នឹងធ្វើឡើងនីវិមានសន្តិភាព។ បន្ទាប់ពីជំនួបពិភាក្សា សម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងមានធ្វើសន្និសិទព័ត៌មានរួមគ្នាផងដែរ។

បើតាមក្រសួងការបរទេសកម្ពុជា បានអះអាងថា ជំនួបពិភាក្សារវាងសម្ដេចតេជោ ហ៊ុន សែន និងលោកដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នឹងពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន វិស័យពាណិជ្ជកម្មនិងការវិនិយោគ សេដ្ឋកិច្ច-សង្គម ការពារជាតិ និងសន្តិសុខ និងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ នាយករដ្ឋមន្ត្រីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។

លោក ដាតុ ស្រ៊ី អ៊ីស្មាអែល ប៊ីន យ៉ាកុប ធ្លាប់បានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ រួចម្តងផងដែរ។

សូមបញ្ជាក់ថា លោក អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប បានអញ្ជើញមកដល់ប្រទេសកម្ពុជានៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដើម្បីបំពេញទស្សនកិច្ចជាលើកដំបូងនៅក្នុងប្រទេសកម្ពុជារយៈពេលពីរថ្ងៃ គឺថ្ងៃទី២៣ និង២៤ ខែកុម្ភៈ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ។

យោងតាមក្រសួងការបរទេស បានអះអាងថា ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជានេះ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងអញ្ជើញចូលថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង ហើយលោកក៏នឹងអញ្ជើញចូលជួបសម្ដែងការគួរសមចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ក៏នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌប ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។

ក្រសួងការបរទេស បានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសរបស់ខ្លួនថា ខណៈឆ្នាំ២០២២ ជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នឹងក្លាយជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់រវាងកម្ពុជា និងម៉ាឡេស៊ី ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា កម្ពុជា និងម៉ាឡេស៊ី បានភ្ជាប់ទំនាក់ទំនងការទូត នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៥៧។ ប្រទេសទាំងពីរ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា។ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នានេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរតែងតែផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងគ្នាជាបន្តបន្ទាប់។

ក្នុងនោះសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានទស្សនកិច្ចនៅម៉ាឡេស៊ីចំនួន៣ដងនៅអំឡុងឆ្នាំ២០១៥ និង២០១៦។ ដោយឡែកភាគីម៉ាឡេស៊ីវិញ មានមេដឹកនាំជាន់ខ្ពស់ជាច្រើនរូបបានមកទស្សនកិច្ចនៅកម្ពុជាផងដែរ មានដូចជា៖បណ្ឌិត តាន់ ស្រ៊ី កូ ស៊ុ គូន សមាជិកព្រឹទ្ធសភា, ដាតុ ស្រ៊ី ម៉ូដ ណាជីប ប៊ីន ទុន ហាជី អាប់ឌុល រ៉ាហ្សាក់ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងលោកបណ្ឌិត មហាធៀរ មហាម៉ាត់ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី០២-០៤ ខែកញ្ញា ឆ្នាំ២០១៩។

សម្រាប់ទំហំវិនិយោគ និងការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងម៉ាឡេស៊ី មានទំហំធំគួរឱ្យកត់សម្គាល់ផងដែរ។ របាយការណ៍បង្ហាញថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាលពីឆ្នាំ២០២១ សម្រេចបានជាង ៥០០លានដុល្លារអាមេរិក។ ក្នុងនោះទំនិញសំខាន់ៗដែលកម្ពុជានាំចូលពីប្រទេសម៉ាឡេស៊ី មានដូចជា៖ ប្រេងឥន្ធនៈ បំពង់ទីប និងទុយោជ័រ ដុំហ្រ្វាំង និងដុំស្ពឺកង់ ក្រណាត់ត្បាញ ភេសជ្ជៈ និងអាហារកែច្នៃពីម្សៅ។

ដោយឡែកទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅម៉ាឡេស៊ីវិញ រួមមាន៖ សម្លៀកបំពាក់ គ្រាប់ធញ្ញជាតិ ម៉ូទ័រអគ្គិសនី អង្ករ គ្រាប់ និងសាច់ត្នោត។ ប្រទេសម៉ាឡេស៊ី តែងតែឈរលំដាប់ទី១ ក្នុងចំណោមសមាជិកអាស៊ាន ដែលនាំអង្ករពីកម្ពុជាច្រើនជាងគេ។ ក្នុងនោះរយៈពេល១១ខែឆ្នាំ២០២១ ម៉ាឡេស៊ី នាំអង្ករពីកម្ពុជាជាង ៤ម៉ឺនតោន។

សម្រាប់កាវិនិយោគវិញ គិតត្រឹមឆ្នាំ២០២១ ក្រុមហ៊ុនម៉ាឡេស៊ីចំនួន១៣៤ បានចុះបញ្ជីជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្រុមហ៊ុនធំៗរបស់ម៉ាឡេស៊ី ដែលបានមកវិនិយោគនៅកម្ពុជារួមមាន៖ ក្រុមហ៊ុនសណ្ឋាគារ និងកាស៊ីណូណាហ្កា, ក្រុមហ៊ុនថាមពល Leader Energy, ក្រុមហ៊ុនវិស្វកម្ម Muhibbha, ក្រុមហ៊ុនទូរស័ព្ទចល័ត Smart Axiata និង ធនាគារ Maybank និង Campubank។

របាយការណ៍បានបង្ហាញថា គិតចាប់ពីឆ្នាំ២០១៤ ដល់ឆ្ នាំ២០២១ ការវិនិយោគរបស់ម៉ាឡេស៊ីនៅកម្ពុជា មានទឹកប្រាក់ជាង ១៤លានដុល្លារដុល្លារអាមេរិក។

ប្រទេសម៉ាឡេស៊ី ក៏ជាប្រទេសដែលមានប្រជាពលរដ្ឋខ្មែរជាច្រើន បានទៅបំពេញការងារផងដែរ។ របាយការណ៍ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ មានពលរដ្ឋខ្មែរកំពុងរស់នៅម៉ាឡេស៊ី ទាំងស្របច្បាប់ និងខុសច្បាប់មានចន្លោះពី ៣ម៉ឺន ទៅ ៥ម៉ឺននាក់។ ដោយឡែកចាប់ពីឆ្នាំ១៩៩៨ ដល់ឆមាសទី១ ឆ្នាំ២០២១ ពលករ-ពលការិនីខ្មែរ ដែលបានចេញទៅធ្វើការនៅម៉ាឡេស៊ី មានចំនួន ៤៦.៧១៥នាក់ ស្រី ៤០.១៥២នាក់។

កម្ពុជា និងម៉ាឡេស៊ី ក៏មានកិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យជាច្រើនផ្សេងទៀត ដូចជាវិស័យសន្តិសុខ និងការពារជាតិ, វិស័យអប់រំ វប្បធម៌ និងសុខាភិបាលជាដើម៕