ក្មេងទំនើង ២៦នាក់តែងតែធ្វើរឿងមិនគួរគាប់បីបំភិតបំភ័យប្រជាពលរដ្ឋត្រូវប៉េអឹមចាប់ឃាត់ខ្លួន ក្នុងនោះមានម្នាក់វិជ្ជមានកូវីដ១៩

115
UI Promtion 2021

ខេត្តស្ទឹងត្រែង៖ ក្នុងរយៈពេលបីថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកុម្ភៈ កម្លាំងកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង បានចុះបង្ក្រាបក្រុមក្មេងទំនើង ដែលតែងតែបង្កការភិតភ័យលើប្រជាពលរដ្ឋ នៅពេលយប់ៗ បាន ២៦នាក់។
លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថ ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ក្រុមក្មេងទំនើង ដែលសមត្ថកិច្ចបង្ក្រាបខាងលើ តែងតែជិះម៉ូតូដេញគ្នា ប្រសេកប្រសាច តាមដងផ្លូវ នៅពេលយប់ ប្រើហិង្សា និងរំខានដល់ការរស់នៅ ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច។
លោកឧត្តមសេនីយ៍ត្រី បានបន្តថា ក្នុងប្រតិបត្តិការបង្ក្រាបក្មេងទំនើងរយៈពេលបីថ្ងៃនេះ កម្លាំងអាវុធហត្ថ បានឃាត់ខ្លួនក្មេងទំនើងចំនួន ២៦នាក់ និងដកហូតម៉ូតូអត់ពន្ធកែច្នៃខុសលក្ខណៈបច្ចេកទេស ១១គ្រឿង និងកាំបិតចំនួន ២ដើមផងដែរ។
លោកបន្ថែមថា ក្នុងចំណោមក្មេងទំនើង ចំនួន ២៦ នាក់ គឺមាន ៥នាក់ ពាក់ព័ន្ធនឹងប្រើប្រាស់គ្រឿងញៀន និង ៨នាក់ពាក់ព័ន្ធក្នុង ករណីប្រើហិង្សាដោយចេតនា។ ក្មេងទំនើងទាំង ១៣នាក់នេះ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ខេត្តស្ទឹងត្រែង។ ចំណែក អ្នកផ្សេងទៀត ត្រូវបានធ្វើការអប់រំ ឲ្យអាណាព្យាបាល មកធានាយត្រឡប់យកទៅវិញ។
ក្នុងនោះ ក៏មានជនសង្ស័យម្នាក់ ជាអនីតិជន អាយុ ១៦ឆ្នាំ ធ្វើតេស្តរហ័ស ក៏វិជ្ជមានជំងឺកូវីដ-១៩។ ករណីនេះ ត្រូវបានលោក ជា សុភ័ក្រ្ត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ឱ្យគ្រូពេទ្យ យកទៅព្យាបាលនៅមណ្ឌល និងឱ្យឪពុកម្តាយធ្វើការធានាពេលព្យាបាលជាសះស្បើយ ត្រូវយកមកបង្ហាញខ្លួន ចំពោះមុខសមត្ថកិច្ច ដើម្បីបន្តនីតិវិធី៕