ប្រជាពលរដ្ឋថៃដាំដំណាំលើដីតំបន់ព្រំដែនមិនទាន់ច្បាស់លាស់ ត្រូវបានប៉ូលិសព្រំដែនធ្វើការហាមឃាត់

136
UI Promtion 2021

ខេត្តបន្ទាយមានជ័យ៖ កងកម្លាំងនគរបាលវរសេនាតូច ការពារព្រំដែនគោក លេខ៩១១ នៅវេលាម៉ោង ៤ល្ងាច ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានចុះហាមឃាត់ប្រជាពលរដ្ឋថៃ ចំនួន ៥នាក់ (ស្រីម្នាក់) មិនឲ្យដាំដំណាំ នៅលើដីតំបន់ព្រំដែន មិនទាន់ច្បាស់លាស់ ស្ថិតនៅព្រំដែន ក្នុងភូមិសាស្ត្រភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ បានឲ្យដឹងថា នៅវេលាម៉ោង ៤ល្ងាច ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងនគរបាលការពារប៉ុស្តិ៍ព្រៃគប់នៃវរសេនាតូចការពារព្រំដែនគោកលេខ៩១១ និងកម្លាំងអន្តរាគមន៍របស់វរៈ សរុបចំនួន ១០នាក់ ដឹកនាំដោយលោកវសេនីយ៍ទោ ជា លាងហៃ មេបញ្ជាការរង បានចុះហាមឃាត់ពលរដ្ឋថៃ ចំនួន ៥នាក់ (ស្រីម្នាក់) ដែលបានយកអំពៅ មកដាំ ក្នុងតំបន់ព្រំដែន មិនទាន់ច្បាស់លាស់ (ខាងកម្ពុជា) មុខភូមិសាស្ត្រភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង(ខាងថៃ) ទល់មុខភូមិប៉ារ៉ៃថ្មី ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ។
លោកមេបញ្ជាការ បានបញ្ជាក់ថា ក្រោយពីកម្លាំងនគរបាលយើង បានធ្វើការហាមឃាត់ជនជាតិថៃទាំងនោះ មិនឲ្យដាំអំពៅ ភ្លាមៗនោះ គឺនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៦:០០នាទី និយាមកា WGS84 (239028-1516815) ។ មួយសន្ទុះ ក្រោយមក ក៏មានកម្លាំងទាហានឈុតខ្មៅថៃ កងវរសេនាធំលេខ១២ ចំនួន ១០នាក់ ដឹកនាំដោយលោកវសេនីយ៍ឯក ភិយានេត ផាត់ថាឡាក់ សាតវ៉ាត់តាវង្ស មេបញ្ជាការកងវរសេនាធំលេខ១២ បានមកដល់ទីនោះ ហើយកម្លាំងយើង ក៏បានឲ្យភាគីទាហានថៃ ឲ្យជួយហាមឃាត់ប្រជាពលរដ្ឋរបស់ខ្លួន បញ្ឈប់ការដាំដុះ កាប់ឆ្ការ ឬធ្វើអ្វីផ្សេងៗ នៅក្នុងតំបន់ព្រំដែនមិនទាន់ច្បាស់លាស់នេះ។ ខាងភាគីថៃ បានយល់ព្រម ហើយបានឲ្យពលរដ្ឋថៃទាំងនោះ ឈប់ដាំដុះភ្លាមៗ និងត្រឡប់ទៅវិញផងដែរ។
នៅវេលាម៉ោង ០៧ និង ២០នាទីយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងនគរបាលការពារព្រំដែន ប៉ុស្តិ៍ក្បាលទំនប់នៃវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨១៥ សហការជាមួយកម្លាំងកងពលលេខ៥១ បានឃាត់ប្រជាពលរដ្ឋថៃ ម្នាក់ ភេទប្រុស នៅត្រង់ភូមិសាស្ត្រប៉ុស្ដិ៍ក្បាលទំនប់ (ចំនុចគោលដៅដើមធ្នង់) ក្នុងភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនតូចការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា ជនជាតិថៃ ដែលលួចឆ្លងចូលមកកម្ពុជា ហើយត្រូវបានឃាត់ខ្លួននោះ ឈ្មោះ ស៊ុបជាសេត ស៊ើបនេត អាយុ ២៥ឆ្នាំ មានទីលំនៅក្នុងខេត្តស្រះកែវ។ ឆ្លងតាមការសួរនាំជនជាតិថៃរូបនោះ បានប្រាប់ថា គេចូលមកកម្ពុជា ក្នុងគោលបំណងធ្វើការងារខាងអនឡាញ។
លោកមេបញ្ជាការ បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង ទទួលផែនការងារអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បាន ប្រគល់ឲ្យជនជាតិថៃរូបនេះ ទៅទាហានឈុតខ្មៅថៃវិញ ដែលនៅទល់មុខភូមិសាស្ត្រប៉ុស្តិ៍ក្បាលទំនប់៕