មោទនភាពក្រុងចំនួន៤របស់កម្ពុជា ទទួលបានពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត

264
UI Promtion 2021

(ព្រះសីហនុ)៖ ក្រសួងបរិស្ថាន បានធ្វើការប្រគល់ពានរង្វាន់ និងវិញ្ញាបនបត្រដល់រាជធានីភ្នំពេញ និងក្រុងចំនួន៣ផ្សេងទៀត ដែលទទួលបានពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាតអាស៊ាន ដែលបានសម្រេចក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន លើកទី១៦ ដែលបានរៀបចំឡើងដោយប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។
កម្ពុជាទទួលបានវិញ្ញាបនបត្រ ចំនួន០៣ គឺក្រុងកែប ជាទីក្រុងខ្យល់ស្អាត, រាជធានីភ្នំពេញ ជាទីក្រុងទឹកស្អាត និងក្រុងសែនមនោរម្យ ជាទីក្រុងដីស្អាត។ ដោយឡែក ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ទទួលបានពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន ឆ្នាំ២០២១។
លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួបរិស្ថាន ថ្លែងក្នុងពិធីដែលបានរៀបចំឡើង នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះឲ្យដឹងថា ការទទួលបានពានរង្វាន់ និងវិញ្ញាបនបត្រទទួលស្គាល់ទាំងនេះ គឺដោយសារកត្ដាសុខសន្តិភាព និងស្ថេរភាពនយោបាយ។
រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងផ្តល់ភាពកក់ក្តៅ សន្តិភាព និងសុខុមាលភាពដល់ការរស់នៅរបស់ប្រជាពលរដ្ឋយើង ដោយបានកំណត់យកការអភិវឌ្ឍបៃតងជាគោលការណ៍សំខាន់នៃការរៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ខ្លួន ក្នុងការឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលនឹងរួមចំណែករក្សាកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់គុណភាពបរិស្ថាន និងកាត់បន្ថយភាពក្រីក្រ។
លោក នេត្រ ភក្ដ្រា បានបញ្ជាក់បន្ថែមថា ដើម្បីសម្រេចបេសកកម្មរបស់ខ្លួន ធានាបាននូវទីក្រុងស្អាត និងបៃតង ក្រសួងបរិស្ថានបានដាក់ចេញនូវចក្ខុវិស័យ ដោយមានសសរស្តម្ភសំខាន់ៗចំនួន៤ រួមមាន៖ ការធ្វើទំនើបកម្មស្ថាប័ន ការអភិរក្សជីវៈចម្រុះ និងការការពារធនធានធម្មជាតិ កិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយរួមបញ្ចូលគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពផងដែរ។
ទាក់ទងនឹងកិច្ចគាំពារបរិស្ថាន ក្រសួងបរិស្ថានបានចាត់វិធានការជាច្រើន ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន ដោយផ្តោតលើគុណភាពដី ទឹក និងខ្យល់។ល។ ដែលជាសូចនាករសំខាន់ក្នុងការផ្តល់ពានរង្វាន់និរន្តរភាពបរិស្ថានទីក្រុងអាស៊ាន និងវិញ្ញាបនបត្រទទួលស្គាល់និរន្ដរភាពបរិស្ថានទីក្រុងអាស៊ាន។
ជាមួយគ្នានេះ លោក ជា ស៊ីណា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងឲ្យដឹងថា ដោយមើលឃើញពីកំណើន នៃបញ្ហាបរិស្ថាននៅតាមទីក្រុង និងក្នុងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ទីក្រុងក្នុងបណ្តាប្រទេសអាស៊ាន ប្រកបដោយភាពស្អាតនិងបៃតង ទើបនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាន នៅទីក្រុងហាណូយ នាឆ្នាំ២០០៨ បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពរួមមួយសម្រាប់តំបន់ គឺការអភិវឌ្ឍទីក្រុងឲ្យមាននិរន្តរភាពបរិស្ថាន ដែលមានសូចនាករវាយតម្លៃសំខាន់ចំនួន៣ គឺខ្យល់ស្អាត ទឹកស្អាត និងដីស្អាត និងដោយបានធ្វើការប្រគល់ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថាន (ASEAN ESC Award) លោកទី១ ដល់ទីក្រុងចំនួន១០ នៅតាមប្រទេសអាស៊ាន ក្នុងនោះរាជធានីភ្នំពេញ បានទទួលពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានលើកទី១ ផងដែរ។

លោកបញ្ជាក់ថា នៅឆ្នាំ២០១១ នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាន បានធ្វើការសម្រេចពង្រីកបន្ថែមលើការផ្តល់វិញ្ញាបនបត្រ ទទួលស្គាល់ទីក្រុងនិរន្ដរភាពបរិស្ថានអាស៊ានសម្រាប់ទីក្រុងធំ និងទីក្រុងតូចៗ ទៅតាមប្រភេទសូចនាករ គឺទីក្រុងមានខ្យល់ស្អាត ទីក្រុងមានទឹកស្អាត និងទីក្រុងមានដីស្អាត។
គួររំលឹកថា សម្រាប់កម្ពុជា រាជធានីភ្នំពេញ បានទទួលពានរង្វាន់និរន្តរភាពបរិស្ថានទីក្រុងអាស៊ាននាឆ្នាំ២០០៨ និងឆ្នាំ២០១១ ទីក្រុងបាត់ដំបងបានទទួល នាឆ្នាំ២០១៣ ទីក្រុងកែបបានទទួល នាឆ្នាំ២០១៧ និងទីក្រុងព្រះសីហនុ បានទទួលនាឆ្នាំ២០២១កន្លងទៅថ្មីៗនេះ។
ទន្ទឹមនោះ ទីក្រុងសៀមរាប បានទទួលវិញ្ញាបនប័ត្រទទួលស្គាល់ទឹកស្អាត នាឆ្នាំ២០១៣ ទីក្រុងពោធិសាត់បានទទួលវិញ្ញាបនប័ត្រ ទទួលស្គាល់ទឹកស្អាតនាឆ្នាំ២០១៧ និងសម្រាប់ឆ្នាំ២០២១កន្លងមកនេះ។ រាជធានីភ្នំពេញ បានទទួលវិញ្ញាបនប័ត្រទទួលស្គាល់ទឹកស្អាត ទីក្រុងសែនមនោរម្យ បានទទួលវិញ្ញាបនប័ត្រទទួលស្គាល់ដីស្អាត និងទីក្រុងកែប បានទទួលវិញ្ញាបនប័ត្រទទួលស្គាល់ខ្យល់ស្អាត ដែលជាក្តីមោទនរបស់ជាតិយើង៕