អតីតអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិនៅខេត្តកំពតជាង៨០០នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

159
UI Promtion 2021

(កំពត)៖ សមាជិក-សមាជិកាមកពីអតីតគណបក្សសង្គ្រោះជាតិក្នុងខេត្តកំពតប្រមាណ៨៣៥នាក់ គឺស្រុកជុំគិរី ស្រុកឈូក ស្រុកដងទង់ ស្រុកកំពង់ត្រាច ស្រុកបន្ទាយមាស ស្រុកអង្គរជ័យ ស្រុកទឹកឈូ ក្រុងបូកគោ និងក្រុងកំពត បានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាមួយក្តីរំពឹងបានរួមចំណែកកសាងសង្គមកម្ពុជាឱ្យកាន់តែប្រសើរ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
អ្នកឧញ៉ា លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ តំណាងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញសំណេះសំណាលជាមួយ។ ពិធីនេះក៏មានការចូលរួមពីលោក យូ សិរីវុឌ្ឍ ប្រធានក្រុមការងាររបស់អ្នកឧកញ៉ា លី សាម៉េត និងលោក ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត។
លោក យូ សិរីវុឌ្ឍ បានលើកឡើងថា វាជារឿងដ៏ត្រឹមត្រូវបំផុតដែលសមាជិក-សមាជិកាបានចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ ពីព្រោះថាមិនមានគណបក្សនយោបាយណាមួយ ដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិ ដូចគណបក្សប្រជាជនកម្ពុជាឡើយ ពោលគឺពួកគេធ្វើនយោបាយ ដើម្បីផលប្រយោជន៍បក្ខពួកក្រុមគ្រួសារ និងបម្រើបរទេសតែប៉ុណ្ណោះ ដោយមិនបានគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋឡើយ។ ផ្ទុយទៅវិញថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺតែងតែនៅរួមសុខរួមទុក្ខជាមួយសមាជិកបក្សគ្រប់ពេលវេលា ដោយបានដោះស្រាយទុក្ខលំបាកផ្សេងៗជូនជានិច្ច។
អ្នកឧញ៉ា លី សាម៉េត បានបញ្ជាក់ថា ភាពខ្លាំងនៃការដឹកនាំរបស់សម្តេចតេជោ គឺបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។
អ្នកឧញ៉ា លី សាម៉េត ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ អាជ្ញាធរដែនដី ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមបន្តគាំទ្របេក្ខភាពសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅគ្រប់អាណត្តិ និងគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅពេលអនាគត។
លោក ម៉ៅ ធនិន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមួយដែលមានវ័យចំណាស់ខាងនយោបាយ និងមានបទពិសោធន៍ជាង៧០ឆ្នាំមកហើយ គឺមានគោលនយោបាយច្បាស់លាស់ ដឹកនាំប្រទេសឈានទៅរកភាពរីកចម្រើនលើគ្រប់វិស័យ។ ក្រោយពេលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ គឺបានផ្ដល់លទ្ធភាពទាំងអស់ផ្តល់សិទ្ធិរស់នៅគ្រប់បែបយ៉ាងជូនដល់ប្រជាពលរដ្ឋ។
លោក ម៉ៅ ធនិន ក៏បានស្នើដល់បងប្អូនទាំងអស់ត្រូវគិតនិងពិចារណាឲ្យបានច្បាស់លាស់ សូមកុំជឿតាមការឃោសនាឧបាយកលបោកប្រាស់របស់ជនអគតិមួយចំនួន ដែលយកពលរដ្ឋទៅប្រើប្រាស់សម្រាប់ប្រយោជន៍របស់ពួកគេ សព្វថ្ងៃនេះគ្មានថ្នាក់ដឹកនាំ ឬគណបក្សណាមួយ ក្រៅពីគណបក្សប្រជាជនកម្ពុជានោះទេ ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតរាល់អាណត្តិកន្លងមក។
ទន្ទឹមនេះ លោកក៏បានអំពាវនាវដល់សមាជិក-សមាជិកាថ្មីខិតខំអំពាវនាវដល់ប្រជាពលរដ្ឋដទៃទៀត ដែលមិនទាន់បានដឹង មិនទាន់បានយល់ ចូលមករួមរស់និងកសាងប្រទេសជាតិទាំងអស់គ្នា ពិសេសនៅក្នុងមូលដ្ឋាន។ នាឱកាសនៅពេលខាងមុខនេះនឹងមានរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ សមាជិកថ្មីទាំងអស់ត្រូវទៅចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនឱ្យបានទាំងអស់គ្នា ដើម្បីក្រុមប្រឹក្សាឃុំ-សង្កាត់ដែលតំណាងគណបក្សប្រជាជនកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការដឹកនាំ និងអភិវឌ្ឍន៍មូលដ្ឋាន។
ជាមួយគ្នានេះដែរ តំណាងសមាជិកថ្មីបានធ្វើការប្តេជ្ញាចិត្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ៗគ្នា៕