រដ្ឋមន្ត្រីការបរទេសអាស៊ាន អំពាវនាវ ដល់ភាគីពាក់ព័ន្ធ ក្នុងជម្លោះរុស្ស៉ី-អ៊ុយក្រែន អត់ធ្មត់ជាអតិបរមា និងប្រឹងប្រែងរកការសន្ទនា ដើម្បីទប់ស្កាត់ស្ថានការណ៍ កុំឱ្យកាន់តែធ្ងន់ធ្ងរ

183
UI Promtion 2021

ភ្នំពេញ៖ សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានការណ៍នៅប្រទេសអ៊ុយក្រែន , កម្ពុជាក្នុងនាមជាប្រធានអាស៊ាន នៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ ក្នុងជម្លោះរុស្ស៉ី-អ៊ុយក្រែន ឱ្យអត់ធ្មត់ជាអតិបរមា និងប្រឹងប្រែងស្វែងរកកិច្ចសន្ទនាឱ្យអស់ពីសមត្ថភាព ដើម្បីទប់ស្កាត់ការណ៍ជម្លោះកុំឱ្យវិវត្តន៍កាន់តែធ្ងន់ធ្ងរ។
ក្នុងសេចក្តីថ្លែងការណ៍ បានគូសបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាស៊ាន មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការវិវត្តន៍នៃស្ថានការណ៍ និងការប៉ះទង្គិចអាវុធនៅប្រទេសអ៊ុយក្រែន។
ក្នុងសេចក្តីថ្លែងការណ៍នេះ អាស៊ាន បានអំពាវនាវយ៉ាងដូច្នេះ «យើងសូមអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ អនុវត្តការអត់ធ្មត់ជាអតិបរមា និងខិតខំប្រឹងប្រែងឱ្យអស់ ពីសមត្ថភាព ដើម្បីបន្តការសន្ទនាតាមគ្រប់ច្រកផ្លូវ រួមទាំងមធ្យោបាយការទូត ដើម្បីទប់ស្កាត់ស្ថានការណ៍ កុំឲ្យកាន់តែធ្ងន់ធ្ងរ កាត់បន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយ ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ គោលការណ៍នៃធម្មនុញ្ញ អង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅតំបន់អាស៊ីអាគ្នេយ៍»។
អាស៊ាន បានសម្តែងការជឿជាក់ផងដែរថា ភាគីពាក់ព័ន្ធក្នុងជម្លោះរុស្ស៉ី និងអ៊ុយក្រែន នៅមិនទាន់អស់ឱកាសទេ សម្រាប់ការសន្ទនាដោយសន្តិវិធី ដើម្បីទប់ស្កាត់ស្ថានការណ៍ កុំឲ្យវិវត្តដល់លែងគ្រប់គ្រងបាន។ ដើម្បីភាពឋិតថេរនៃសន្តិភាព សន្តិសុខ ស្ថិរភាព និងការរួមរស់ជាមួយគ្នា ប្រកបដោយភាពសុខដុមរមនា វាជាការទទួលខុសត្រូវរបស់ភាគីទាំងអស់ ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក លើអធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិស្មើគ្នា នៃប្រជាជាតិទាំងអស់។
សូមបញ្ជាក់ថា រុស្ស៉ី បានបើកការវាយលុកចូលប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ។ ការវាយប្រហារគ្នាកំពុងមានស្ថានភាពយ៉ាងក្តៅគគុក ខណៈប្រទេសសម្ព័ន្ធមិត្តអាត្លង់ទិចខាងជើង ហៅកាត់ថា NATO ដាក់ចេញវិធានការនានាជាច្រើន ដើម្បីគាំទ្រដល់ប្រទេសអ៊ុយក្រែន ប្រយុទ្ធទប់ទល់នឹងប្រទេសរុស្ស៉ី៕