លោក ចូ បៃដិន អះអាងថាទណ្ឌកម្មលោកខាងលិច កំពុងធ្វើឱ្យលោក ពូទីន «ឯកោ» ជាងពេលណាៗទាំងអស់

210
UI Promtion 2021

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអះអាងឡើងវិញថាសហរដ្ឋអាមេរិកនឹងមិនបញ្ជូនកងទ័ពឱ្យជួយអ៊ុយក្រែន ដើម្បីប្រយុទ្ធតតាំងដោយផ្ទាល់ជាមួយកងទ័ពរុស្ស៊ីនោះទេ ខណៈសរសើរចំណាត់ការលោកខាងលិចថាកំពុងធ្វើឱ្យលោក ពូទីន ឯកោ ជាងពេលណាៗទាំងអស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី២ ខែធ្នូ ឆ្នាំ២០២២។


ថ្លែងក្នុងសុន្ទរកថាស្ដីពីស្ថានភាពសហព័ន្ធ ទៅកាន់សមាជិកសភានៃសម័យប្រជុំរួមសភាទាំង២ របស់សហរដ្ឋអាមេរិកនៅយប់ថ្ងៃអង្គារ សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក បៃដិន បានបញ្ជាក់ដូច្នេះថា «ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ឡើងវិញថាកងទ័ពរបស់យើងមិនបាន ហើយក៏នឹងមិនចូលរួមក្នុងជម្លោះដោយផ្ទាល់ជាមួយកងទ័ពរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែនទេ»។


លោកបន្ថែមថាសហរដ្ឋអាមេរិកបញ្ជូន កងទ័ពទៅកាន់តំបន់អឺរ៉ុប មិនមែនឱ្យទៅប្រយុទ្ធនៅអ៊ុយក្រែនឡើង តែដើម្បីការពារសម្ពន្ធមិត្ត NATO នៅក្នុងករណីលោក ពូទីនសម្រេចចិត្តបញ្ជូនកងទ័ពឆ្ពោះទៅកាន់ភាគខាងលិច។ ដោយឡែក សម្រាប់អ៊ុយក្រែន លោកប្រធានាធិបតីរូបនេះ ថាសហរដ្ឋអាមេរិកនឹងបញ្ជូនជំនួយ ១ពាន់លានដុល្លារ ដែលរួមបញ្ចូលទាំងជំនួយសេដ្ឋកិច្ច, យោធា និងមនុស្សធម៌។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន លោក បៃដិន ក៏ធ្លាប់បានលើកឡើងផងដែរថាសហរដ្ឋអាមេរិក នឹងអនុវត្តមាត្រា៥ របស់អង្គការ NATO ស្ដីពីសន្តិសុខសមូសហភាពនៅក្នុងករណី សង្រ្គាមផ្ទុះឡើងក្នុងទឹកដី NATO ហើយនឹងការពារទឹកដីរបស់រដ្ឋជាសមាជិក មិនឱ្យបាត់សូម្បី មួយចំអាម៕