សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធផ្លូវជាតិលេខ៣ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ភ្នំពេញ-កំពត

148
UI Promtion 2021

(ភ្នំពេញ)៖ កំណាត់ផ្លូវជាតិលេខ៣ភ្នំពេញ-កំពត ប្រវែងជាង ១៣៤គីឡូម៉ែត្រ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ។ ពិធីដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលដ៏មានសារៈប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជានេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា។
នៅក្នុងឱកាសសម្ពោធសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ធរកថាសំណេះសំណាលប្រមាណ១ម៉ោង៣០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានកំណាត់ផ្លូវជាតិលេខ៣ គឺជាសមិទ្ធផលថ្មីមួយទៀត បង្ហាញឱ្យឃើញនូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រោងជ្រោយ និងជោគវាសនារួមគ្នា។
នៅសប្តាហ៍ក្រោយសម្តេច និងលោក វ៉ាង វិនធៀន នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ ដែលជាសមិទ្ធផលដ៏ធំនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។
កំណាត់ផ្លូវជាតិលេខ៣ ត្រូវបានកូរ៉េខាងត្បូង ជួយសាងសង់រួចម្តងមកហើយ។
កាលពីពេលនោះសម្តេចបានប្រាប់អតីតប្រធានាធិបតីកូរ៉េខាងត្បូងថា កំណាត់ផ្លូវជាតិលេខ៣ សំខាន់ណាស់ ព្រោះជាផ្លូវតភ្ជាប់ទៅកាន់ខេត្តផលិតអំបិល តែមួយគត់របស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយសារកំណើនចរាចរណ៍កើកំណាត់ផ្លូវជាតិលេខ៣ មានការកើនឡើងខ្លាំង ទើបសម្តេចសម្រេចស្នើចិនជួយសាងសង់ជាថ្មី។
កំណាត់ផ្លូវជាតិលេខ៣ អាចរាប់ជាប្រភេទផ្លូវល្បឿនលឿន ព្រោះមានទទឹងផ្លូវធំ។
បានថ្លែងកោតសរសើរចំពោះការរៀបចំសួន និងដាំផ្កាចំទ្រូងផ្លូវ ព្រោះលើកសោភ័ណភាព និងភាពបៃតងលើដងផ្លូវ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងរំពឹងថា ប្រជាពលរដ្ឋនឹងមិនយកសួនទ្រូងផ្លូវធ្វើជាកន្លែងបន្ទោបង់។
ក្នុងដំណាក់កាលសាងសង់កំណាត់ផ្លូវជាតិលេខ៣ បានផ្តល់ផលប៉ះពាល់ជាខ្លាំងដល់ប្រជាពលរដ្ឋនៅសងខាងផ្លូវ តែក្រោយសាងសង់រួចប្រជាពលរដ្ឋនៅសងខាងផ្លូវនេះ ជាអ្នកទទួលបានប្រយោជន៍មុនគេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា មានម្ចាស់ផ្សារមួយកន្លែងនៅជាប់ផ្លូវជាតិលេខ៣ ធ្លាប់ជំទាស់ការធ្វើស្ពានធ្វើដំណើរឆ្លងកាត់ផ្លូវ, សម្តេចថ្លែងថា ត្រូវតែធ្វើ។
គួរពិនិត្យពីការកំណត់ឱ្យបន្ថែមល្បឿនដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅតាមផ្លូវដែលមានទំហំធំៗ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរពីរៀបចំដាក់កាមេរាចាប់ល្បឿនលើកំណាត់ផ្លូវជាតិលេខ៣ ដែលជាការធ្វើទំនើបកម្មមួយនៃការសាងសង់ផ្លូវ។
ការសាងសង់ផ្លូវនៅកម្ពុជា បានផ្លាស់ប្តូរហើយ។ ពីមុនសាងសង់ផ្លូវគិតធ្វើឱ្យបានវែង តែឥឡូវគិតពីការធ្វើឱ្យបានរឹងមាំ។
និងបានថ្លែងកោតសរសើរក្រុមហ៊ុនចិន ដែលតែងតែធ្វើលឿនជាងផែនការក្នុងគម្រោង។
កំណាត់ផ្លូវជាតិលេខ៣ ចំណាយថវិកាជាង ២៥២លានដុល្លារ។ ក្នុងនោះប្រមាណ ៤០លានដុល្លារ ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋនឹងទទួលបានប្រយោជន៍ពីកំណាត់ផ្លូវជាតិលេខ៣នេះ ស្របពេលកម្ពុជាពង្រីកការវិនិយោគភាគនិរតីប្រទេស។
កំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរិញ ត្រូវដាក់ក្នុងលក្ខខណ្ឌសាងសង់ពិសេស។ សម្តេចតេជោ រំពឹងថា រដ្ឋាភិបាលចិន នឹងជួយសាងសង់កំណាត់ផ្លូវនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងដឹងគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែផ្តល់ថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
មកដល់ពេលនេះ ចិនផ្តល់ថវិកា សាងសង់ ផ្លូវរួចរាល់២៩ខ្សែ ប្រវែងជាង ៣ពាន់គីឡូម៉ែត្រ, ផ្លូវកំពុងសាងសង់ចំនួន ៣ខ្សែ ប្រវែង ៣៦៩គីឡូម៉ែត្រ។ ស្ពានសាងសង់រួចរាល់ចំនួន ៩ស្ពាន ប្រវែង ៨,៥៦៥ម៉ែត្រ, ស្ពានកំពុងសាងសង់ មានចំនួន១ គឺស្ពានឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣ ៩៩៦ម៉ែត្រ តម្លៃ ៥៦លានដុល្លារ។ ថវិកាដែលរដ្ឋាភិបាលចិនផ្តល់សម្រាប់សាងសង់ផ្លូវ និងស្ពានមានចំនួនជិត ៣ពាន់លានដុល្លារអាមេរិក។
សម្តេចទើបបញ្ចេញថវិកាជាតិ ៥លានដុល្លារបន្ថែមទៀត សម្រាប់ដោះស្រាយផលប៉ះពាល់លើការសាងសង់ផ្លូវក្រវាត់ក្រុងទី៣។
ចិត្តធម៌របស់អាជ្ញាធរឱ្យពលរដ្ឋរស់នៅតាមចិញ្ចើមផ្លូវ ទីបំផុតរាជរដ្ឋាភិបាលត្រូវផ្តល់ប៉ះពាល់ជូនពួកគាត់។
ប្រជាពលរដ្ឋរឹងរូសសម្រាប់ផលប៉ះពាល់លើគម្រោងសាងសង់ផ្លូវជាតិ នឹងត្រូវអនុវត្តន៍ច្បាប់អស្សាមិករណ៍។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋកុំដឹកលើសទម្ងន់កំណត់ ហើយកុំឱ្យបើកបរលើសល្បឿនកំណត់។
ដើម្បីតែសប្បាយ ហើយបង្កគ្រោះថ្នាក់ដល់ជីវិតដោយសារការបើកបរ មិនគួរគប្បីនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់វ៉ាក់សាំង ដែលបានធ្វើឱ្យសម្តេចគេចផុតពីការឆ្លងជំងឺកូវីដ១៩ ទោះបីប៉ះពាល់ផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ១៩។
និងអំពាវនាវប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយអនុវត្តន៍វិធាន «៣ការពារ និង៣កុំ» ហើយចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូសតាមការផែនការដាក់ចេញ។
វ៉ាក់សាំងនៅឃ្លាំងមានជាង ៧លានដូស ហើយនៅឆមាសទី១ឆ្នាំនេះ នឹងខិតខំនាំចូលវ៉ាក់សាំង ឱ្យបាន ៨លានដូសទៀត ដើម្បីធានាដល់ការចាក់ជូនប្រជាពលរដ្ឋ។