ក្រុមហ៊ុនខ្នាតយក្សចំនួនពីរ Boeing និង Ford Motor បានផ្អាកអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី

229
UI Promtion 2021

(បរទេស)៖ ក្រុមហ៊ុនធំៗលំដាប់ខ្នាតយក្សចំនួនពីរ របស់សហរដ្ឋអាមេរិកគឺ Boeing និង Ford Motor បានផ្អាកអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី ខណៈដែលប្រទេសនេះកំពុងតែបង្កឱ្យមានការផ្ទុះសង្រ្គាមកាន់តែខ្លាំងនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The New York Times នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២។

ក្រុមហ៊ុន Boeing បានប្រកាសបង្ហាញនៅថ្ងៃអង្គារថា ខ្លួនបានបញ្ឈប់ប្រតិបត្តិការសំខាន់ៗក្នុងការិយាល័យនៅទីក្រុងមូស្គូ ហើយបានបិទការិយាល័យមួយទៀតនៅក្នុងទីក្រុងគៀវ ប្រទេសអ៊ុយក្រែនជាបណ្តោះអាសន្នសិន ខណៈក្រុមហ៊ុននេះនឹងបញ្ឈប់ការផ្គត់ផ្គង់គ្រឿងបន្លាស់ សេវាកម្មថែទាំ និងសេវាកម្មជំនួយបច្ចេកទេសដល់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីថែមទៀតផង។

នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះបណ្តាលប្រទេសជុំវិញពិភពលោកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី ដោយកំណត់លទ្ធភាពរបស់ពួកគេមិនឱ្យហោះកាត់អ៊ឺរ៉ុបខាងលិច ឬទិញគ្រឿងបន្លាស់មកពីលោកខាងលិចឡើយ។

ដោយឡែកក្រុមហ៊ុន Ford មានរោងចក្រចំនួន ៣នៅក្នុងប្រទេសរុស្ស៊ីហើយកំពុងតែផ្អាកប្រតិបត្តិការផលិតទាំងស្រុងក្នុងប្រទេសនេះដោយគ្មានការកំណត់ដែលជាការដាក់ទណ្ឌកម្មចំពោះការចូលឈ្លានពាននៅក្នុងប្រទេសអ៊ុយក្រែន។

ជាក់ស្តែងក្រុមហ៊ុន Ford បានលើកឡើងនៅក្នុងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ក្រុមហ៊ុន Ford មានការព្រួយបារម្ភជាខ្លាំងចំពោះការចូលឈ្លានពាននៅក្នុងប្រទេសអ៊ុយក្រែន និងមានការគំរាមកំហែងជាខ្លាំងដែលជាលទ្ធផលធ្វើឱ្យបាត់បង់សន្តិភាព និង ស្ថេរភាព» ហើយ «ស្ថានភាពបានបង្ខំឱ្យយើងធ្វើការវាយតម្លៃឡើងវិញនូវប្រតិបត្តិការរបស់យើងទាំងមូលនៅក្នុងប្រទេសរុស្ស៊ី»