តារាស្រីកូរ៉េ Lee Young Ae បរិច្ចាគប្រាក់ជិត១០ម៉ឺនដុល្លារ ដល់ប្រជាជនអ៊ុយក្រែន

117
UI Promtion 2021

(កូរ៉េ)៖ តារាសម្តែងស្រីល្បីឈ្មោះរបស់កូរ៉េខាងត្បូង កញ្ញា Lee Young Ae បានធ្វើកិច្ចការសប្បុរសធម៌មួយ ដែលធ្វើឲ្យអ្នកគាំទ្ររបស់នាងមានការកោតសរសើរជាខ្លាំង ពោលគឺធ្វើការបរិច្ចាគប្រាក់ផ្ទាល់ខ្លួន ដល់ប្រជាជនអ៊ុយក្រែន ដែលកំពុងតែជួបការលំបាក ដោយសារសង្គ្រាមនាពេលបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Soompi នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២។

នៅថ្ងៃនេះ លោក Dmytro Ponomarenko ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅកូរ៉េខាងត្បូង បានបង្ហោះសារ Twitter ចែករំលែកលិខិតដែលជាសារបង្ហាញពីចំណាប់អារម្មណ៍របស់តារាស្រី Lee Young Ae ភ្ជាប់ជាមួយមូលប្បទានប័ត្រមួយសន្លឹក ដែលមានទឹកប្រាក់ប្រមាណ ៨៣,៣៣១ដុល្លារអាមេរិកក្នុងនោះ ដែលជាអំណោយបរិច្ចាគរបស់តារាស្រីរូបនេះ ទៅកាន់ប្រជាជនអ៊ុយក្រែន។ ក្នុងនោះ មន្ទីរការទូតអ៊ុយក្រែនរូបនេះ បានថ្លែងអំណរគុណចំពោះតារាស្រី Lee Young Ae និងលើកឡើងថា អំណោយរបស់នាង នឹងទៅដល់ដៃប្រជាជនអ៊ុយក្រែនដែលរងគ្រោះ។

ភ្ជាប់ជាមួយការបរិច្ចាគប្រាក់នៅពេលនេះ តារាកូរ៉េស្រី Lee Young Ae បានសង្កត់ធ្ងន់ថា នាងសង្ឃឹមថាសង្គ្រាមនឹងបញ្ចប់ក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន ហើយសន្តិភាពនឹងមានឡើងវិញ សម្រាប់អ៊ុយក្រែន ពោលគឺនាងបានបួងសួងឲ្យប្រជាជនអ៊ុយក្រែន មានសុវត្ថិភាព និងកុំអស់សង្ឃឹមផងដែរ៕