ក្រុមហ៊ុនសង់បំពង់បង្ហូរឧស្ម័នរុស្ស៊ី ប្រកាសក្ស័យធនបញ្ឈប់បុគ្គលិក ក្រោមទណ្ឌកម្មអាល្លឺម៉ង់

283
UI Promtion 2021

រដ្ឋធានីប៊ែរឡាំង៖ ក្រោយពេល រុស្ស៊ីបានធ្វើសង្គ្រាម វាយលុកចូលឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន នាំឲ្យបស្ចិមលោក ជាពិសេស អាល្លឺម៉ង់ បានសម្រេចបញ្ឈប់ដំណើរការប្រតិបត្ដិការបំពង់បង្ហូរឧស្ម័ន មានតម្លៃ១១ពាន់លានដុល្លារសហរដ្ឋអាមេរិក រហូតធ្វើឲ្យក្រុមហ៊ុនសាងសង់បំពង់បង្ហូរឧស្ម័ននេះ បានប្រកាសក្ស័យធន និង បញ្ឈប់បុគ្គលិក។

សារព័ត៌មាន The Wall Street Journal បានចេញផ្សាយ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ថា មន្រ្ដីជំនាញសេដ្ឋកិច្ចស្វីស បានអះអាងថា ប្រតិបត្ដិករ នៃបំពង់បង្ហូរឧស្ម័នេះ តភ្ជាប់ពីរុស្ស៊ី ឆ្លងកាត់តាមសមុទ្របាល់ទិក មកកាន់ប្រទេសអាល្លឺម៉ង់ ប្រឈមមុខនឹងការផលវិបាក លើការចំណាយដ៏ច្រើនបំផុត ចំពេលមានទណ្ឌកម្មសេដ្ឋកិច្ច ពីបច្ចិមលោក ពាក់ព័ន្ធនឹងសង្គ្រាមឈ្លាពានរបស់លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី មកលើប្រទេសអ៊ុយក្រែន។

ការបើកប្រតិបត្ដិការយោធាទ្រង់ទ្រាយធំរបស់រុស្ស៊ី មកលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ បានជំរុញឲ្យមានទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ពីសហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត។ ស្របគ្នានេះដែរ អធិការបតីអាល្លឺម៉ង់ ក៏បានសម្រេចបញ្ឈប់ដំណើរការបំពង់បង្ហូរឧស្ម័ន Nord Stream 2 ប្រវែងជាង ១ ២០០គីឡូម៉ែត្រ មានតម្លៃ ១១ពាន់លានដុល្លារសហរដ្ឋអាមេរិក តភ្ជាប់ចេញពីតំបន់ខាងលិចស៊ីបេរី ប្រទេសរុស្ស៊ី ឆ្លងកាត់សមុទ្របាល់ទិក មកកាន់ប្រទេសអាល្លឺម៉ង់។

សារព័ត៌មានចិន South China Morning Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២ ខែមីនា ថា ក្រុមហ៊ុនសាងសង់បំពង់ឧស្ម័ន Nord Stream 2 បានដាក់ពាក្យ ប្រកាសក្ស័យធន។ លោកស្រី ស៊ីលីវ៉ា ថាល់ម៉ាន ហ្គូត (Silvia Thalmann-Gut) នាយកសេដ្ឋកិច្ច នៃក្រុមហ៊ុន Nord Stream 2 បានប្រកាសបែបនេះ ក្រោយពេលអាល្លឺម៉ង់ បានសម្រេចបញ្ឈប់ប្រតិបត្តិការបំពង់ឧស្ម័ននេះ។ ក្រុមហ៊ុន Nord Stream បានក្ស័យធន ដោយសារតែទណ្ឌកម្មរបស់សហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន»។

លោកស្រី បន្ថែមថា ក្រុមហ៊ុនបានជូនដំណឹងដល់អាជ្ញាធរ នៅក្នុងតំបន់ ហើយថា ក្រុមហ៊ុនបានដាក់ពាក្យ ប្រកាសក្ស័យធនរួចហើយ។ ចំណែកបុគ្គលិក ចំនួន១០៦នាក់ ក៏នឹងត្រូវបាត់បង់ការងារផងដែរ។

Nord Stream 2 ជាប្រព័ន្ធបំពង់បង្ហូរឧស្ម័នរបស់ក្រុមហ៊ុនយក្ស Gazprom គ្រប់គ្រងដោយរដ្ឋរុស្ស៊ី៕