ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងសាងសង់ចេញពីតំបន់ផ្សារាត្រី ទៅកាន់អរិយក្សត្រដោយនឹងមានស្ពានចំនួនពីរ

410
UI Promtion 2021

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចារឯកភាពក្នុងការសម្រេចជ្រើសរើសយកទីតាំងសម្រាប់សាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េរួចហើយ។

នេះបើតាមលិខិតមួយដែលមានបោះត្រា និងចុះហត្ថលេខាដោយឯកឧត្ដមបណ្ឌិតសភាចារ្យ អូន ព័ន្ឋមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងចំណារឯកភាពសរសេរអក្សរដៃ ដែលគេស្គាល់ថា ជាចំណាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

នៅក្នុងលិខិតខាងលើ ដែលបង្ហាញត្រឹមសចក្តីសន្ឋិដ្ឋាន បានបង្ហាញថា តាមការវិភាគលំអិត និងសិក្សាលើកត្តាចំបងសំខាន់ៗរួមមាន ស្ថានភាពចរាចរណ៍ប្រចាំថ្ងៃ ភូមិសាស្រ្តអំណោយផលគ្រប់ជ្រុងជ្រោយ ទាំងទិដ្ឋភាពបច្ចេកទេស-ហិរញ្ញវត្ថុ និងផលប៉ះពាល់​សង្គម និងសេដ្ឋកិច្ចបរិស្ថាន ព្រមទាំងការគិតគូរផងដែរ នូវការទាក់ទាញវិស័យទេសចរណ៍ ជាពិសេសកត្តា​សោភ័ណភាព(Landmark) និងការលើកនូវសម្រស់ក្រុងភ្នំពេញ ក្រុមហ៊ុន​កុងសុលតង់ បានផ្តល់នូវអនុសាសន៍ជារួមថា ជម្រើសទីតាំងទី២ (ផ្សាររាត្រីអរិយក្សត្រ) គឺជាជម្រើសសមស្រប និងល្អជាងជម្រើសទី១ សម្រាប់សាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េ។

លិខិតដដែលបានបន្តថា ចំពោះប្រភេទស្ពានអាស្រ័យ ទៅតាមការសម្រេចរបស់ភាគីកម្ពុជា ក្នុងការជ្រើសរើសយកមួយ ក្នុងចំណោមជម្រើសទាំង៦បានសិក្សាខាងលើ។

លិខិតដែលមានចំណារបស់សម្តេចតេជោ បោះត្រានិងចុះហត្ថលេខាដោយលោកបណ្ឌិតអូន ព័ន្ឋមុនីរ័ត្នបានបន្តថា “ក្នុងន័យនេះ ខ្ញុំសូមគោរពស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្រ្តីអនុញ្ញាត្តឲ្យ​ក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណៈការ និងដឹកជញ្ជូនចចាជាមួយស្ថាប័នពាក់ព័ន្ឋរបស់ភាគីកូរ៉េ សម្រេចយកជម្រើសសាងសង់ស្ពានមិត្តកម្ពុជា សាធារណៈរដ្ឋកូរ៉េនៅទីតាំងទី២ (ផ្សាររាត្រី អរិយ​ក្សត្រ) ដោយសង់ស្ពានប្រភេទខ្សែកាបយោងខ្ពស់ទាំងពីរតែម្តង។

តាមរយៈលិខិតនេះ គឺសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានចារ​ឯកភាពរួចហើយ។
អ្នកឧកញ៉ាសុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែលបានមានប្រសាសន៍ប្រាប់គេហទំព័រ Propertyarea.asia កាលពីថ្ងៃទី១ មិនាថា លោកបានដឹងព៌តមាននេះហើយ ដោយតាមរយៈមន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់លោកថា គំរោងសាងសង់ស្ពាននេះ គឺមិនប៉ះពាល់ដល់ដី និងសណ្ឋា គាររបស់ក្រុមហ៊ុនសុខាអូតែលនោះទេ ពោលគឺស្ពាននេះនឹងតភ្ជាប់ជាមួយផ្លូវដែលមានស្រាប់។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងថា តាមប្រភពពីមន្រ្តី ចំណារខាងលើនេះ ពិតជាចំណាររបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋ​មន្រ្តីនៃកម្ពុជាពិតមែន ហើយព៌តមានលំអិតពីទីតាំងស្ពាននេះ លោកបានដឹងព៌តមានខ្លះៗ ប៉ុន្តែការសម្រេចបែបណា លោកមិនមានព៌តមានលំអិតនោះទេ៕