កាលពីថ្ងៃសៅរ៍ទី២៦និងថ្ងៃអាទិត្យទី២៧លរដ្ឋអ៊ុយក្រែនជាច្រើនសម្រុករត់ភៀសខ្លួនទៅប្រទេសជិតខាង

149
UI Promtion 2021

រុស្សី អ៊ុយគ្រែនៈ  ជនភៀសខ្លួនអ៊ុយក្រែនដើរទន្ទឹមជួររថយន្តដ៏វែង ដើម្បីឆ្លងព្រំដែនពីអ៊ុយក្រែនចូលទៅប្រទេសម៉ុលដាវី នៅត្រង់ចំណុចឆ្លងព្រំដែន Mayaky-Udobne នាថ្ងៃសៅរ៍ ទី២៦ និងថ្ងៃអាទិត្យទី២៧ខែកុម្ភៈ ឆ្នាំ២០២២។
នៅថ្ងៃអាទិត្យ ២៧ កុម្ភៈគឺជាថ្ងៃទី៤នៃប្រតិបត្តិការសឹករបស់រស្ស៊ីលើអ៊ុយក្រែន។ ឆ្មាំព្រំដែនប៉ូឡូញបានឲ្យដឹងថា មកទល់នឹងពេលនេះមានមនុស្សជាង ១៥៦ ០០០បានឆ្លងព្រំដែនចូលទៅកាន់ប្រទេសប៉ូឡូញ ដើម្បីគេចចេញពីសង្គ្រាមបង្កឡើងដោយក្រុងមូស្គូ។ ចំណែកអង្គការសហប្រជាជាតិវិញបានប្តេជ្ញាចិត្តបង្កើនជំនួយមនុស្សធម៌ដល់ពលរដ្ឋអ៊ុយក្រែន។
ផ្សាយពាណិជ្ជកម្មតួលេខចុងក្រោយផ្តល់ដោយអាជ្ញាធរប៉ូឡូញនេះ បង្ហាញថាពលរដ្ឋអ៊ុយក្រែនដែលរត់ភៀសខ្លួន បានកើនចំនួនរាប់ម៉ឺននាក់លើសពីចំនួនដែលបានរាយការណ៍កាលពីថ្ងៃសៅរ៍ម្សិលមិញ។ នៅពីម្សិលមិញចំនួនមនុស្សដែលរត់ភៀសខ្លួនទៅប៉ូឡូញមាន ៧៧ ៣០០នាក់។
ខណៈពេលដែលកងកម្លាំងរុស្ស៊ីកំពុងបន្តវាយប្រហារដោយកាំភ្លើងធំនិងគ្រាប់មីស៊ីលទៅលើទីក្រុងនានារបស់អ៊ុយក្រែនរួមទាំងរដ្ឋធានីកៀវផង ពលរដ្ឋអ៊ុយក្រែនដែលភ័យខ្លាចបានព្យាយាមរត់ភៀសខ្លួនដោយសង្ឃឹមថានឹងអាចចូលទៅកាន់ប្រទេសប៉ូឡូញ ស្លូវ៉ាគី រូម៉ានី ហុងគ្រី និងម៉ុលដាវី។
តាមការបញ្ជាក់ថ្មីចុងក្រោយរបស់អង្គការសហប្រជាជាតិនិងដែលមានចុះផ្សាយដោយទីភ្នាក់ព័ត៌មាន AFP ជនភៀសខ្លួនអ៊ុយក្រែនឥឡូវនេះកើនដល់ ៣៦៨ ០០០នាក់និងកំពុងបន្តកើនឡើងខ្លាំង។ ជនភៀសខ្លួនបានធ្វើដំណើរតាមរថយន្ត រថភ្លើង និងមានទាំងការធ្វើដំណើរដោយថ្មើរជើងផង។
ដោយបានមើលឃើញស្ថានការណ៍បែបនេះ អង្គការសហប្រជាជាតិបានប្តេជ្ញាថានឹងបង្កើនជំនួយមនុស្សធម៌សម្រាប់ជនភៀសខ្លួនអ៊ុយក្រែន។ នៅក្នុងជំនួបសន្ទនាតាមទូរសព្ទជាមួយលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គូទែរស៍ បានបញ្ជាក់ពីការប្តេជាចិត្តរបស់អង្គការសហប្រជាជាតិក្នុងការបង្កើនជំនួយមនុស្សធម៌ដល់ពលរដ្ឋអ៊ុយក្រែន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយអង្គការសហប្រជាជាតិ។
លើសពីនេះទៀត ប្រមុខអង្គការសហប្រជាជាតិបានប្រាប់លោក ហ្សេឡេនស្គី ថា UN នឹងចាប់ផ្តើមនៅថ្ងៃអង្គារសប្តាហ៍ក្រោយ នូវការអំពាវនាវមួយដើម្បីប្រមូលថវិកាទៅជួយដល់ប្រតិបត្តិការមនុស្សធម៌របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។

ចំណែកអ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់របស់អង្គការសហប្រជាជាតិវិញកាលពីថ្ងៃសុក្របានទាមទារឲ្យមានការបើកផ្លូវប្រកបដោយសុវត្ថិភាពចំពោះបុគ្គលិកជំនួយរបស់ខ្លួនដើម្បីអនុវត្តប្រតិបត្តិការមនុស្សធម៌ក្នុងប្រទេសអ៊ុយក្រែនឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ នាខណៈពេលនេះ ទីក្រុងធំៗដែលរងការវាយប្រហារដោយរុស្ស៊ីរួមទាំងរដ្ឋធានីកៀវផងកំពុងប្រឈមនឹងហានិភ័យនៃការកាត់ផ្តាច់សង្វាក់ផ្គត់ផ្គង់សំខាន់ៗ៕