ឯកឧត្តមឧត្តមសេនីយ៍ហ៊ុនម៉ាណែត ប្រកាសកោតសរសើរសមាសភាពក្រុមការងារយុវជនគណបក្សប្រជាជនខេត្តកណ្តាល

117
UI Promtion 2021

(កណ្តាល)៖ឯកឧត្តមឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សប្រជាជនខេត្តកណ្តាល។
នៅក្នុងពិធីនោះឯកឧត្តមឧត្តមសេនីយ៍ហ៊ុនម៉ាណែតបានថ្លែងអំណរគុណគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល និងអង្គការចាត់តាំងចំណុះគ្រប់ជាន់ថ្នាក់ ដែលបានប្រគល់ទំនុកចិត្ត និងផ្តល់ឱកាសឱ្យយុវជន ចូលរួមក្នុងការបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងសូមកោតសរសើរដល់យុវជនគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ដែលបានខិតខំប្រឹងប្រែងបង្កើតនូវស្នាដៃ និងសមិទ្ធផលថ្មីៗជាច្រើន ដើម្បីចូលរួមក្នុងការអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់ខ្លួន។
ឯកឧត្តមថា «ការជួបជុំគ្នាក្នុងថ្ងៃនេះ គឺជានិមិត្តរូបនៃភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំ កសាងប្រទេសចេញពីគំនរផេះផង់បង្កឡើងដោយសង្គ្រាមរ៉ាំរ៉ៃ រហូតមានភាពអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ និងក៏ជាការបញ្ជាក់ផងដែរអំពីភាពរឹងមាំក្នុងការបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅមុខប្រកបដោយវឌ្ឍនភាព និងសម្បូរសប្បាយយូរអង្វែងតទៅ»។

ឯកឧត្តមហ៊ុន ម៉ាណែត បានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា បានបើកឱកាសដល់យុវជន ដោយបានប្រគល់ភារកិច្ច និងការទទួលខុសត្រូវក្នុងការចូលរួមបម្រើជាតិមាតុភូមិ ដើម្បីបង្កើតនូវសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀត។ នេះគឺជាអភិក្រមដែលនាំទៅដល់ការកសាងមូលដ្ឋានបន្តវេនរឹងមាំ ធានាបាននូវនិរន្តភាពរបស់គណបក្ស ក៏ដូចជាភាពសុខសាន្ត សុភមង្គល និងការអភិវឌ្ឍរីកចម្រើនជូនប្រជាជន។ ទន្ទឹមនឹងនេះ គណបក្សប្រជាជនកម្ពុជា ក៏តែងបានបើកចំហរ និងស្វាគមន៍យុវជនដែលមកពីគណបក្សនយោបាយនានា ដែលមានបំណងនិងឆន្ទៈចង់ចូលរួមចំណែកក្នុងការកសាងជាតិជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមដៃថែរក្សាសុខសន្តិភាព ក្នុងធ្លុងសាមគ្គីជាតិ ប្រកបដោយភាពសុខដុមរមនា និងបន្តអភិវឌ្ឍជាតិ ស្របតាមបំណងប្រាថ្នារបស់ប្រជាជនខ្មែរគ្រប់ៗរូប។
លោកបានថ្លែងទៀតថា ក្នុងរយៈកាលជាង ៤០ ឆ្នាំកន្លងមកនេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល និងជាប្រធានគណបក្ស ព្រមទាំងសមាជិក សមាជិកាគណបក្សទាំងអស់ តែងតែបានរួមគ្នាបំពេញគ្រប់កិច្ចការ និងភារកិច្ចក្នុងបុព្វហតុសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋចេញពីមហាវិនាសកម្មនានាជាច្រើន ហើយថ្មីៗនេះ សម្តេចតេជោ បានដឹកនាំនាវាកម្ពុជាចាកចេញពីសោដនាដកម្ម បង្កដោយការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ ដោយបង្កើតបានជាភាពកក់ក្តៅប្រកបដោយទំនុកចិត្តសម្រាប់ប្រជាជននៅទូទាំងប្រទេស។ សូមបន្តជឿទុកចិត្តលើការដឹកនាំរបស់ សម្តេចតេជោ តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលបាននិងកំពុងបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ភាពរុងរឿងគ្រប់ៗជំនាន់តទៅមុខ៕