សម្ដេចតេជោ ហ៊ុន សែន ៖ បើកម្ពុជាគ្មានសន្តិភាព គ្មានប្រទេសណាហ៊ានប្រថុយប្រថានមកបណ្តាក់ទុននៅកម្ពុជានោះទេ!

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងអំពីសារៈសំខាន់នៃសន្តិភាព ដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ខិតខំលះបង់គ្រប់បែបយ៉ាង ប្តូរយកសន្តិភាពមកជូនប្រជាពលរដ្ឋកម្ពុជា ហើយបន្តរក្សាសន្តិភាពមួយនេះ ឱ្យកម្ពុជាមានឱកាសអភិវឌ្ឍរីកចំរើនដូចសព្វថ្ងៃ ដោយលោកចាត់ទុកថាសន្តិភាពជា ស្នូលគន្លឺធំជាងគេនៃការអភិវឌ្ឍ «ដើម្បីនាំប្រទេសមកកាន់ទីនេះចំណុចស្នូលគន្លឺះធំជាងគេ គឺបញ្ហាទាក់ទងនឹងសន្តិភាព បើគ្មានសន្តិភាពនោះទេ គ្មានប្រទេសណាគេហ៊ានប្រថុយប្រថានមកបណ្តាក់ទុននៅកម្ពុជាដោយយករោងចក្រមកជាមួយនោះទេ» លោកបានបន្តថា «បើប្រទេសយើងមានសង្រ្គាមតើមានប្រទេសណាគេហ៊ានមកកសាងសណ្ឋាគារសម្រាប់វិស័យទេសចរណ៍នៅកម្ពុជា? ហើយប្រសិនបើប្រទេសយើងមានសង្គ្រាមមកវិញ ទោះជាមានសណ្ឋាគារគ្រប់គ្រាន់ក៏គ្មានភ្ញៀវទេសចរណ៍ណាហ៊ានមកប្រទេសរបស់យើងទេ»។

សម្ដេចតេជោ បានបន្តថា «កម្ពុជាអតីតកាលបានបង្រៀនយើងហើយអំពីសង្គ្រាម វិនាសកម្មដែលបានកើតនៅក្នុងប្រទេសរបស់យើង របបប្រល័យពូជសាសន៍ដែលបានកើតនៅក្នុងប្រទេសរបស់យើង ក្រុមគ្រួសារញាតិមិត្តរបស់យើងសុទ្ធតែមានអ្នកបាត់បង់ គ្មានគ្រួសារណាមួយដែលគ្មានការបាត់បង់ញាតិមិត្ត ទោះជិតទោះឆ្ងាយដែលបានបាត់បង់ជីវិតនៅក្នុងពេលដែលប្រទេសមានសង្គ្រាម និងក្នុងរបបប្រល័យពូជសាសន៍ ដូច្នេះសន្តិភាពពិតជាមានតម្លៃណាស់»។

សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវថា «ពូនៅតែបន្តអំពាវនាវឱ្យប្រជាជនចូលរួមធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវមួយក្នុងគោលដៅរក្សាសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍជាបន្ត ដើម្បីធានាដល់សន្តិភាពធានាដល់ការងារធ្វើ និងប្រាក់ចំណូលដែលក្មួយៗមាន ជម្រើសដ៏ល្អជាងគេ គឺបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា»៕