វ៉ាក់សាំង AstraZeneca ជាង ៥២ម៉ឺនដូសថ្មីទៀត មកដល់ភ្នំពេញកាលពីយប់មិញ សម្ដេចតេជោ ហ៊ុនសែន នឹងធ្វើពិធីទទួលពេលក្រោយ

136
UI Promtion 2021

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន ៥២៣,១០០ដូសថ្មីទៀត ដែលជំនួយរបស់រដ្ឋាភិបាលហុងគ្រី ជូនរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានដឹកដល់រាជធានីភ្នំពេញ រួចហើយតាមយន្តហោះតួគី TK 6266 កាលពីវេលាម៉ោងប្រមាណជិត ១១យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ដោយមាន លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងតំណាងស្ថានទូតហុងគ្រីប្រចាំនៅកម្ពុជា បានអញ្ជើញប្រគល់-ទទួលវ៉ាក់សាំង នៅឯអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។
លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា វត្តមានរបស់លោកស្រីនៅទីនេះ (អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ) គ្រាន់តែជាតំណាងរាជរដ្ឋាភិបាល ដើម្បីធ្វើកិច្ចស្វាគមន៍ចំពោះវត្តមានវ៉ាក់សាំងបង្ការកូវីដ-១៩ ដែលជំនួយរបស់រដ្ឋាភិបាលហុងគ្រី ត្រូវបានដឹកជញ្ជូនមកដល់កម្ពុជានាវេលាយប់នេះតែប៉ុណ្ណោះ, សម្រាប់កម្មវិធីប្រគល់ទទួលវ៉ាក់សាំងនេះជាផ្លូវការ នឹងត្រូវធ្វើឡើងនៅវិមានសន្តិភាព ក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ខាងមុខ។
ស្ដីពីមេរោគកូវីដ-១៩ នៅកម្ពុជាវិញ រយៈពេលមួយសប្តាហ៍ចុងក្រោយនេះ ឃើញថា ការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ មានការថយចុះ ដែលចាប់ពីចន្លោះជាង ៥០០នាក់ ទៅជាង ៨០០នាក់ កាលពីដើម ខែមីនា ចុះមកត្រឹមជាង ១០០នាក់ ទៅជាង ២០០នាក់ ក្នុងពាក់កណ្ដាល ខែមីនា ឆ្នាំ២០២២ នេះ។
ជាក់ស្ដែង នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ឱ្យដឹងថា ក្រុមគ្រូពេទ្យជំនាញរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ប្រភេទអូមីក្រុងចំនួន ១៣៩នាក់ ក្នុងនោះករណីនាំចូលចំនួន ២៤នាក់ និងឆ្លងក្នុងសហគមន៍ ១១៥នាក់, ស្របពេលជាមួយគ្នានេះដែរ ក៏បានព្យាបាលអ្នកជំងឺឱ្យជាសះស្បើយឡើងវិញចំនួន ៤២៥នាក់ និងមានអ្នកជំងឺស្លាប់១នាក់។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានលើកឡើងថា វ៉ាក់សាំង គឺជាដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជា ព្រោះបើគ្មានការចាក់វ៉ាក់សាំងទេនោះ ភាពស៊ាំក្នុងសហគមន៍ក៏មិនអាចកើតមានឡើយ ហើយសកម្មភាពសេដ្ឋកិច្ច ក៏មិនអាចដំណើរការបានដែរ។
បើតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានឲ្យដឹងផងដែរថា ក្នុងខែមីនា ឆ្នាំ២០២២ នេះ ប្រទេសនៅអឺរ៉ុបមួយចំនួន នឹងបញ្ជូនវ៉ាក់សាំងផ្ដល់ឲ្យកម្ពុជា, កាលបរិច្ឆេទនៃការផ្តល់វ៉ាក់សាំងនេះ គឺជាពេលវេលាដែលវ៉ាក់សាំងជិតអស់សុពលភាពទៅហើយ, ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បើតាមសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បើទោះបីកម្ពុជាអត់មានវ៉ាក់សាំងចាក់ ក៏មិនប្រើវ៉ាក់សាំងដែលហួសសុពលភាពនោះដែរ៕