កាកបាទក្រហមកម្ពុជា រំលឹកអំពីការងារមនុស្សធម៌ ជាមួយ I.C.R.C ក្នុងរយៈពេលជាង ៤០ឆ្នាំ និងចុះកិច្ចព្រមព្រៀងទទួលជំនួយថវិកា

224
UI Promtion 2021

ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា រំលឹកអំពីបេសកកម្មរបស់ខ្លួនជាមួយ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី) ក្នុងរយៈពេលជាង ៤០ឆ្នាំ ដែលបានអនុវត្តការងារមនុស្សធម៌ក្នុងប្រទេសកម្ពុជានាពេលកន្លងមក ក៏ដូចជាសកម្មភាពការងារក្រោមកិច្ចសហប្រតិបត្តិការ និងការគាំទ្រពី អាយ.ស៊ី.អរ.ស៊ីផងដែរ។
កិច្ចការមនុស្សធម៌ ដែលកាកបាទក្រហមកម្ពុជា អនុវត្តជាមួយគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម នាពេលកន្លងមក និងកំពុងបន្តយ៉ាងរលូន និងមានការយកចិត្តទុកដាក់ រួមមាន ÷
១- ការងារស្តារទំនាក់ទំនងគ្រួសារ,
២- ការការពារបដិរូប លើកកម្ពស់គោលការណ៍គ្រឹះ ច្បាប់មនុស្សធម៌អន្តរជាតិ,
៣- សុវត្ថិភាពសហគមន៍ និងពិការភាព,
៤- បន្តតាមដានការរីកចម្រើន នៃការអនុវត្តក្របខណ្ឌបំពេញការងារប្រកបដោយសុវត្ថិភាព,
៥- ការងារផ្សព្វផ្សាយស្តីពីជំងឺកូវីដ-១៩,
ការរំលឹកអំពីបេសកកម្មការងារមនុស្សធម៌ទាំងប៉ុន្មានខាងលើនេះ ធ្វើឡើងក្នុងពេល លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានទទួលជួបសវនាការជាមួយលោកស្រី ឌីណា ហ្វីស៊ើរ (Dena Fisher) ប្រធានបេសកកម្ម គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម ប្រចាំនៅកម្ពុជា ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយថវិកា ឆ្នាំ២០២២ រវាងកាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី) នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ម្សិលមិញនេះ។
គួរបញ្ជាក់ថា គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ហៅកាត់ ( អាយ.ស៊ី.អរ.ស៊ី) តែងបានធ្វើកិច្ចសហប្រតិបត្តិការល្អ ជាមួយ កាកបាទក្រហមកម្ពុជា ក្នុងគ្រប់ស្ថានភាពនយោបាយ ជាពិសេសចាប់តាំងពីក្រោយថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ មកម៉្លេះ, ហើយការជួយឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា ធ្វើតាមរូបភាពផែនការប្រចាំឆ្នាំ ជួយបច្ចេកទេសពង្រឹងការអនុវត្តច្បាប់មនុស្សធម៌អន្តរជាតិ និងការអនុវត្តកម្មវិធីជាក់លាក់ ដូចជា ផ្សព្វផ្សាយលើកកម្ពស់គោលការណ៍គ្រឹះ សួរសុខទុក្ខអ្នកទោស និងស្តារទំនាក់ទំនងគ្រួសារ។
គិតចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ កាកបាទក្រហមកម្ពុជា បានទទួលថវិកាពី អាយ.ស៊ី.អរ.ស៊ី សរុបចំនួន ៨១១,៤៨៩ដុល្លារអាមេរិក សម្រាប់អនុវត្តកម្មវិធីខាងលើ។ ទន្ទឹមនឹងនេះ អាយ.ស៊ី.អរ.ស៊ី នៅមានជួយឧបត្ថម្ភសម្រាប់ការចូលរួមរបស់កាកបាទក្រហមកម្ពុជា នៅក្នុងវេទិកាអន្តរជាតិមួយចំនួនទៀត៕