ក្រសួងការងារ នឹងប្រជុំដោះស្រាយបន្តវិវាទណាហ្គាវើលដ៏ នារសៀលថ្ងៃនេះ, មនុស្ស ៣ នាក់ទៀត ក៏នឹងដោះលែង

195
UI Promtion 2021

(ភ្នំពេញ)៖ តបតាមសំណើ របស់អតីតបុគ្គលិកចំនួន ៣នាក់ទៀត ដែលកំពុងជាប់ ឃុំពីបទល្មើសនឹងវិធានការសុខាភិបាល ក្រសួងការងារ បានរៀបចំសំណើទៅក្រសួងយុត្តិធម៌ និងក្រសួងសុខាភិបាល ដើម្បីពិនិត្យ និងផ្តល់កិច្ចអន្តរាគមន៍ដោះលែង តាមនីតិវិធីច្បាប់។
ដំណោះស្រាយនេះ ធ្វើឡើងបន្ទាប់ពីតុលាការ បានសម្រេចដោះលែងមនុស្ស ៨ នាក់ ឱ្យនៅក្រៅឃុំ បណ្តោះអាសន្ន កាលពីយប់ថ្ងៃទី ១៤ មីនាកន្លងទៅ។ ជាមួយគ្នានេះ ក្រសួងការងារ នឹងបន្តធ្វើការសម្របសម្រួល ដើម្បីស្វែងរកដំណោះស្រាយ វិវាទការងារនេះ ដោយបានអញ្ជើញ ភាគីទាំង២ មកប្រជុំដោះស្រាយបន្ត នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ។ នេះបើយោងតាម សេចក្ដីថ្លែងការណ៍ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី វិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ដែល ទទួលបាន។ គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ អតីតបុគ្គលិកចំនួន ១៥៣នាក់ ក្នុងចំណោម ៣៧៣នាក់ បានយល់ព្រម ទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន ដែលធ្វើឱ្យអតីតបុគ្គលិកដែលមិន ព្រមទទួលសំណងនៅសល់ត្រឹម ២២០នាក់។ ក្រសួងបានអំពាវនាវដល់បងប្អូនបាតុករទាំងអស់ដែលជាអតីតបុគ្គលិក និងបុគ្គលិករបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ សូមបញ្ឈប់ការប្រមូលផ្តុំដែលបំពាននឹងបទបញ្ញត្តិពាក់ព័ន្ធជំងឺកូវីដ-១៩ ឬ ពួកគេប្រឈមនឹង ការបណ្តេញចេញដោយសន្តិវិធី ហើយប្រឈមនឹងការបាត់បង់ការទទួលបានផលប្រយោជន៍ហិរញ្ញវត្ថុ។
កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ អតីតបុគ្គលិកចំនួន ៨នាក់ បានធ្វើលិខិតមកក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីស្នើសុំក្រសួងផ្តល់កិច្ចអន្តរាគមន៍ឱ្យពួកគេបាននៅក្រៅឃុំជាបណ្តោះអាសន្ន និង ធ្វើជាតំណាងរបស់កម្មករនិយោជិតក្នុងការដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុន ណាហ្គាវើលដ៍។ តាមរយៈ លិខិតស្នើសុំអន្តរាគមន៍នេះ ក្រសួងបានធ្វើលិខិតទៅក្រសួងយុត្តិធម៌ ហើយក្រសួងយុត្តិធម៌បានធ្វើលិខិត អន្តរាគមន៍បន្តទៅសាលាដំបូងរាជធានីភ្នំពេញ។ ជាលទ្ធផល សាលាដំបូងរាជធានីភ្នំពេញបានពិនិត្យលើនីតិវិធី ច្បាប់ និងបានសម្រេចដោះលែងអតីតបុគ្គលិកចំនួន ៨រូប ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន នៅវេលាម៉ោង ៧យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២៕

 

\