ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតបានលើលឡើងថា អាជីពជាយោធិន ជាអាជីពដ៏ថ្លៃថ្នូរ និងជាអាជីពដែលមានការបូជាលះបង់ខ្ពស់បំផុត សម្រាប់បុព្វហេតុជាតិ មាតុភូមិ

146
UI Promtion 2021

(កំពង់ស្ពឺ)៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលនានាក្នុងសាលានាយទាហានសកម្ម ខេត្តកំពង់ស្ពឺ បានលើកឡើងថា អាជីពជាយោធិន ជាអាជីពដ៏ថ្លៃថ្នូរ និងជាអាជីពដែលមានការបូជាលះបង់ខ្ពស់បំផុត សម្រាប់បុព្វហេតុជាតិ មាតុភូមិ ជាពិសេសការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនប្រជាជនយើង។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ទៀតថា សាលាជាមជ្ឈមណ្ឌលសំខាន់ណាស់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសសាលានាយទាហានតែម្តង ដើម្បីកសាងកម្លាំងនាយទាហានប្រកបដោយគុណភាព និងសមត្ថភាពជាក់ស្តែងអាចធ្វើការបានច្បាស់លាស់ ដែលជាឆ្អឹងខ្នងនៃកងទ័ព។ ការគិតគូរអំពីការពង្រឹងសាលាហ្វឹកហ្វឺន ត្រូវផ្តោតទាំងលើការងារអភិវឌ្ឍ និងការងារអភិរក្ស។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថាការងារអភិវឌ្ឍសំដៅដល់ការធ្វើទំនើបកម្មទាំងផ្នែករឹង និងផ្នែកទន់ ដែលរួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធ ការកែសម្រួលប្រព័ន្ធការងារគ្រប់គ្រង និងកម្មវិធីសិក្សា និងការបំពាក់សម្ភារ ជាដើម។ រីឯការងារអភិរក្សវិញ សំដៅដល់ការរក្សាឲ្យបានដាច់ខាតនូវស្មារតីឆន្ទៈស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ គោរពរដ្ឋធម្មនុញ្ញ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ក៏ដូចជាការធានាឲ្យបាននូវនិមិត្តរូបរួម និងសមិទ្ធផលផ្ទាល់របស់ខ្លួនយើង ដែលផ្សារភ្ជាប់ទៅនឹងអត្តសញ្ញាណជាតិខ្មែរ ទោះបីពេលខ្លះ យើងត្រូវរៀនសូត្រ និងដកស្រង់ច្នៃប្រឌិតយោង តាមបទពិសោធន៍អន្តរជាតិក៏ដោយ។
ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងលទ្ធផលការងារគួរទីមោទនៈ ដែលសាលានាយទាហានសកម្មសម្រេចបានលើការបំពេញភារកិច្ចស្នូល បណ្តុះបណ្តាលនាយទាហាន ថ្នាក់រិញ្ញាបត្រយោធា ដែលជាធនធានមេដឹកនាំថ្នាក់បញ្ជាការសម្រាប់បម្រើការងារនៅតាមបណ្តាស្ថាប័ន-កងឯកភាពនានាទូទាំងកងទ័ព។ អតីតនិស្សិត ដែលបានសិក្សានៅទីនេះ បានចេញទៅបម្រើការងារនៅតាមកងឯកភាព ដោយសម្រេចបានស្នាដៃល្អប្រសើរ និងទទួលបានតួនាទីសំខាន់ៗជាច្រើនក្នុងជួរថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ពីព្រោះពួកគាត់មានមូលដ្ឋានចំណេះដឹង និងជំនាញច្បាស់លាស់ ហើយអាចដឹកនាំ និងចែករំលែកប្រកដោយវិជ្ជាជីវៈ។
លោកថា ទាំងនេះគឺបានឆ្លុះបញ្ចាំងអំពីគុណភាពអប់រំ និងលទ្ធផលផ្លែផ្កានៃការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ យោធាចារ្យ ព្រមទាំងបុគ្គលិកទាំងអស់របស់សាលា ក្នុងបុព្វហេតុកសាងនូវធនធានមនុស្ស ដ៏សំខាន់ក្នុងជួរកងទ័ពជាតិ។ បេសសកម្មដ៏ធំរបស់សាលា គឺការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព ឆន្ទៈ និងការទទួលខុសត្រូវក្នុងនាមជានាយទាហានមេបញ្ជាការ។
បន្ថែមពីនេះ លោកក៏បានចូលរួមអបអរសាទរការសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលធំៗជាច្រើន នៅក្នុងសាលានាយទាហានសកម្ម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមជាមួយនឹងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នយោធា ស៊ីវិល និងសប្បុរសជន ក៏ដូចជាការចូលរួមចំណែកផ្ទាល់របស់អង្គភាព បុគ្គលិក សាស្ត្រាចារ្យ យោធាចារ្យ អតីតនិស្សិត និងនិស្សិតកំពុងសិក្សា រួមមានជាអាទិ៍៖ អគារទីចាត់ការ, អគារស្នាក់នៅ, អគារថ្នាក់រៀន, អាហារដ្ឋាន, អគារហាត់សាច់ដុំ, ផ្លូវចាក់កៅស៊ូ និងទីលានចាក់កៅស៊ូ។ សមិទ្ធផលរីកចម្រើនរួមរបស់សាលានាពេលនេះ គឺកើតឡើងពីការខិតខំប្រឹងប្រែងរួបរួមគ្នាកសាងពីមួយជំនាន់ទៅមួយជំនាន់ ហើយក៏នឹងបន្តកសាងទៅមុខទៀតឲ្យកាន់តែល្អ និងទំនើប។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានគោរពថ្លែងអំណរគុណ និងកតញ្ញូតាធម៌ចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយជានិច្ចជាកាលលោកទាំងពីរ តែងបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខ របស់យោធិន និងគ្រួសារយោធិននៅគ្រប់បណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ហើយតែងបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ដើម្បីជួយសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃ ការហ្វឹកហ្វឺនរៀនសូត្រ ការបំពាក់សម្ភារបរិក្ខារផ្សេងៗ ការលើកស្ទួយជីវភាពសុខមាលភាពកងទ័ព និងគ្រួសារកងទ័ពតាមរយៈការកសាងជំរុំជម្រកស្នាក់នៅ និងការដោះស្រាយប្រាក់ហូបប្រចាំថ្ងៃ ជាដើម រហូតយោធិនយើង ប្រសិទ្ធនាមថាជា «អគ្គភស្តុភារជាន់ខ្ពស់» ដែលតែងតែយកចិត្តទុកដាក់គិតសព្វគិតគ្រប់ ដោយសារខ្លួន សម្តេចទាំងពីរ ផ្ទាល់ ក៏ ធ្លាប់ជាយោធិនដែលឆ្លងកាត់ការលំបាកសព្វបែបយ៉ាងនៅក្នុងភ្នក់ភ្លើងសង្គ្រាម៕