
(ព្រះវិហារ)៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នៅប្រាសាទកោះកេរ្តិ៍ ខេត្តព្រះវិហារ ឯកឧត្តម ហេត រតនា អគ្គនាយកស៊ីម៉ាក់ បានជួបសំណេះសំណាលជាមួយមន្រ្តីកងឯកភាពកំចាត់មីនទី៤ និងកងឯកភាពកំចាត់មីនទី៦ ព្រមទាំងពិនិត្យវឌ្ឍនភាពនៃកិច្ចប្រតិបត្តិការគម្រោង «ជំនួយលុបបំបាកគ្រាប់មីននៅកម្ពុជា» ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តមបានឲ្យដឹងថា គម្រោងនេះមានរយៈពេល១២ខែ ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២២ ដែលមានថវិកាគាំទ្រគម្រោងចំនួន ២.៥លានដុល្លារសហរដ្ឋអាមេរិក មានផែនការរំដោះផ្ទៃដីមានបញ្ហាគ្រាប់មីននិងគ្រាប់បែកចង្កោម អោយបានចំនួន២០០០ហិចតា ដែលនិងប្រតិបត្តិការនៅក្នុងខេត្តចំនួន ០៧ គឺខេត្តឧត្តរមានជ័យ ស្ទឹងត្រែង ព្រះវិហារ ក្រចេះ កំពង់ធំ សៀមរាប និងខេត្តកំពង់ឆ្នាំង ដែលមានកម្លាំងប្រតិបត្តការក្នុងគំរោងនេះចំនួនជាង ៣០០នាក់។
សូមបញ្ជាក់ថា គំរោងជំនួយហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិននេះបានផ្តល់ជូនរាជរដ្ឋាភិបាល ផ្អែកតាមសំណើរបស់សម្តេចតេជោ បានស្នើសុំឯកឧត្តមប្រធានាធិបតីចចិន ដើម្បីជួយគាំទ្រសកម្មភាពអង្គភាពស៊ីម៉ាក់ក្នុងការបោសសំអាតសំណល់យុទ្ធភណ្ឌសង្គ្រាមមនុស្សធម៌ និងពង្រឹងសមត្ថភាពជាតិនៃវិស័យមីននៅកម្ពុជា៕