ការអប់រំវិស្វកម្ម គឺជាកូនសោបើកទ្វារឆ្ពោះទៅ រកការអភិវឌ្ឍសង្គមជាតិ ប្រកបដោយជោគជ័យ

126
UI Promtion 2021

ភ្នំពេញ៖ ការពង្រឹងគុណភាពអប់រំវិស្វកម្ម គឺជាបង្គោលអាទិភាពមួយ ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។ រាជរដ្ឋាភិបាលបានចាត់ទុកការអប់រំប្រកបដោយគុណភាព គឺជាចំណុចគន្លឹះមួយដែលមិនអាចខ្វះបាន សម្រាប់អភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍសង្គមជាតិប្រកបដោយនិរន្តរភាព។

កម្ពុជាត្រូវការជាចាំបាច់ក្នុងការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ដើម្បីដើរឱ្យទាន់ប្រទេសជិតខាងក្នុងតំបន់ និងបណ្ដាប្រទេសផ្សេងទៀត ក្នុងពិភពលោក។ ទស្សនៈទាំងនេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ថា ការអប់រំវិស្វកម្ម គឺជាកូនសោបើកទ្វារឆ្ពោះទៅរកការអភិវឌ្ឍសង្គមជាតិ ប្រកបដោយជោគជ័យ ។

នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈវិស្វករកម្ពុជា ក្នុងពិធីបិទអង្គមហាសន្និបាតបូក សរុបលទ្ធផលការងារ រយៈពេល ៥ឆ្នាំ អាណត្តិទី២ និងផែនការអនុវត្តបន្ត អាណត្តិទី៣ ឆ្នាំ២០២២-២០២៧ របស់គណៈវិស្វករកម្ពុជា ព្រមទាំងមានការរៀបចំបោះឆ្នោតជ្រើសរើសអគ្គលេខាធិការ និងអគ្គលេខាធិការរង របស់គណៈវិស្វករកម្ពុជា អាណត្តិទី៣ នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារ ហាយ៉ាត់ រីជេនស៊ី ភ្នំពេញ។

ក្នុងនាមរាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានបង្ហាញនូវមោទនភាព កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំរបស់គណៈវិស្វករកម្ពុជា និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ ដែលបានខិតខំបំពេញតួនាទីភារកិច្ច របស់ខ្លួនយ៉ាងសកម្មរួមគ្នា និងពុះពារសម្រេចបាននូវសមិទ្ធផលជាច្រើន ទាំងថ្នាក់ជាតិ និងអន្តរជាតិ ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជានាពេលកន្លងមក។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការអបអរសាទរចំពោះ ឯកឧត្តម សុខុម រិទ្ធីវុធ ដែលបានជាប់ឆ្នោតជាអគ្គលេខាធិការគណៈវិស្វករកម្ពុជា អាណត្តិទី៣ ហើយក៏សូមចូលរួមអបអរសាទរដល់អគ្គលេខាធិការរងទាំងអស់ ដែលបានទទួលការបោះឆ្នោតគាំទ្រសម្រាប់អាណត្តិទី៣ នេះផងដែរ។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង គូសបញ្ជាក់ថា កន្លងមកយើងឃើញថា គណវិស្វករកម្ពុជាពិតជាបានចូលរួមចំណែកក្នុងការខិតខំសម្រេចបានតាមបេសកកម្មជាច្រើន ដែលការអភិវឌ្ឍធនធានវិស្វកម្ម គឺជាកម្លាំងចលករមួយ ដ៏ខ្លាំងក្លាបំផុតមិនអាចខ្វះបាន សម្រាប់អភិវឌ្ឍន៍សង្គមជាតិមួយ ឱ្យមានការរីកចម្រើនគ្រប់វិស័យ។ ក្នុងនាមរាជរដ្ឋាភិបាល ត្រូវតែបង្កើនយន្តការដឹកនាំ ដើម្បីធ្វើឱ្យស្ថាប័នវិស្វកម្មមួយនេះ ក្លាយជាមជ្ឈមណ្ឌលមួយដ៏រឹងមាំ ដែលអាចចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរៀបចំផែនការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព។ ឯកឧត្តមរដ្ឋមន្ត្រី អះអាងថា៖ “ អនាគតប្រទេសជាតិរបស់យើង គឺត្រូវពឹងផ្អែកលើអ្វីដែលវិស្វករយើងអាចធ្វើបាន នាពេលបច្ចុប្បន្ន និងទៅអនាគត គឺត្រូវផ្ដល់ការអប់រំវិស្វកម្ម ប្រកបដោយគុណភាព គឺជាជម្រើសមួយ ដ៏ប្រសើរបំផុតដល់វិស្វករជាតិរបស់យើង ក្នុងការប្រកួតប្រជែង អភិវឌ្ឍសមត្ថភាពក្នុងការដោះស្រាយបញ្ហាចូលរួមគិតគូជាមួយរាជរដ្ឋាភិបាល ប្រកបដោយសុភវិនិច្ឆ័យ និងការអប់រំសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ សម្រាប់ទ្រទ្រង់អាជីពការងារទាំងមូលរបស់វិស្វករ ប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរ សុចរិតភាព និងការទទួលខុសត្រូវខ្ពស់បស់វិស្វករយើង។”

ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹកថា៖“ក្រោយថ្ងៃរំដោះ៧មករាធនធានមនុស្សរបស់យើងនៅសល់តិចតួចណាស់ ដែលរស់រានមានជីវិតរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេសធនធានមនុស្សដែលជាវិស្វករនេះតែម្តង ត្រូវបានខ្មែរក្រហមសំលាប់ចោលស្ទើរអស់។

រាជរដ្ឋាភិបាលបានខិតខំគ្រប់បែបយ៉ាងក្នុងការកសាងធនធានមនុស្សទាំងនៅក្នុងស្រុក និងបញ្ជូនទៅសិក្សានៅបរទេស ដែលជាលទ្ធផលយើងឃើញថា ធនធានមនុស្សផ្នែកវិស្វកម្មយើងបានកើនឡើងទាំងបរិមាណនឹងគុណភាពគួរជាទីមោទន។ ជាក់ស្តែងក្នុងឆ្នាំ២០២១ កន្លងទៅនេះ គណវិស្វករកម្ពុជាទទួលបានការចុះបញ្ជីវិស្វករ ៧៤៧នាក់ បើគិតមកទល់បច្ចុប្បន្នមានវិស្វករចុះបញ្ជីសរុបចំនួន ៦ ០០៨នាក់ (ស្រី ២៤០នាក់) ក្នុងនោះ វិស្វករជាតិចំនួន ៥ ៩២៤នាក់

(ស្រី ២៣៨នាក់) និងវិស្វករបរទេសចំនួន ៨៤នាក់ (ស្រី ២នាក់)។”

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានផ្តល់អនុសាសន៍ជូនដល់ អង្គមហាសន្និបាតទាំងមូល ជាពិសេសអគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងបេសកកម្ម ក្នុងការលើកកំពស់វិជ្ជាជីវៈវិស្វកម្ម ឱ្យកាន់តែប្រសើរឡើងទាំងបរិមាណ និងគុណភាព ការពារបាននូវកិត្តិយស សេចក្តីថ្លៃថ្លូរបស់វិស្វករ លើកស្ទួយអត្តសញ្ញាណជាតិ ពង្រឹងសមត្ថភាពវិជ្ជាជីវៈគ្រប់ជំនាញ ស្របតាមការវិវត្តន៍បច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងអនាគត ធានាឱ្យការប្រកបវិជ្ជាជីវៈវិស្វកម្មមានគុណភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់៖

១-ពង្រឹងការចុះបញ្ជីវិស្វករ ដើម្បីទទួលស្គាល់គុណវុឌ្ឍិ ទទួលគោរមងារជាវិស្វករអាជីពជាតិ យុវវិស្វករអាស៊ាន វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន។

២-រៀបចំប្រព័ន្ធគ្រប់គ្រងចុះបញ្ជីវិស្វករ តាមប្រព័ន្ធនិម្មិត (online) ដើម្បីងាយស្រួលគ្រប់គ្រងទិន្នន័យជំនាញ ក្នុងការរៀបចំផែនការបណ្តុះបណ្តាលវិជ្ជាជីវៈបន្ត។

៣-ជម្រុញការរៀបចំ ចងក្រងឯកសារគតិយុត្តនានាដែលទាក់ទងនឹងវិស័យវិស្វកម្ម ស្របតាមកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើវិស័យវិស្វកម្មក្នុងតំបន់អាស៊ាន ទៅតាមការវិវត្តន៍នៃបច្ចេកវិទ្យា និងតម្រូវការបច្ចុប្បន្ន និងអនាគត។

៤-បញ្ជ្រាប និងធ្វើការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីឯកសារគតិយុត្ត និងសារប្រយោជន៍ស្តីពីការចុះបញ្ជីវិស្វករ។

៥-រៀបចំអនុក្រឹត្យស្តីពីក្រមសីលធម៌វិស្វករ ក្នុងគោលបំណងលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ សុចរិតភាព និងការទទួលខុសត្រូវរបស់វិស្វករក្នុងការប្រកបវិជ្ជាជីវៈវិស្វកម្ម ដើម្បីធានាបាននូវសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពការងារ ព្រមទាំងការការពារនូវផលប្រយោជន៍សាធារណៈ។

៦-រៀបចំកែសម្រួល និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធផ្សព្វផ្សាយឱ្យកាន់តែប្រសើរឡើងនិងទាន់ពេលវេលា ទាំងតាមវ៉េបសាយរបស់គណវិស្វករកម្ពុជា បណ្តាញសង្គម និងប្រព័ន្ធតេឡេក្រាម ដើម្បីផ្តល់ជូនព័ត៌មានឱ្យបានទូលំទូលាយ។

៧-ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការជាតិ អន្តរជាតិ ឱ្យបានកាន់តែល្អប្រសើរ ដូចជា ACPECC, AFEO, FEIAP, AAET ជាដើម ក្នុងការរៀបចំបទដ្ឋានគតិយុត្ត បទដ្ឋានបច្ចេកទេស កម្មវិធីសិក្សា និងការផ្លាស់ប្តូរបទពិសោធន៍លើវិស័យវិស្វកម្ម។

៨-តៀមលក្ខណៈសម្បត្តិឱ្យបានល្អក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ នៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤០ ដែលនឹងប្រព្រឹត្តទៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ៕