ឯកឧត្តម ហ៊ុន ម៉ានីមានប្រសាសន៍ថា ការដឹកនាំល្អ គឺផ្តើមពីការដឹងច្បាស់ថាអ្វីដែល យើងត្រូវការពារជាមុនសិន

211
UI Promtion 2021

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈបណ្តាញសង្គមហ្វេសបុក នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ បានលើកឡើងនូវការយល់ឃើញផ្ទាល់ខ្លួនអំពីទស្សនៈមួយថា «ការដឹកនាំល្អ គឺផ្តើមពីការដឹងច្បាស់ថាអ្វីដែលយើងត្រូវការពារជាមុនសិន»។

ទស្សនៈជាច្រើនរបស់ ឯកឧត្តម ហ៊ុន ម៉ានី ត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់តាមបណ្តាញសង្គម ដែលភាគច្រើនចេញពី កិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ដែលធ្វើឡើងរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នៅខេត្តសៀមរាប។

សហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី បានក្លាយជាសមាគមដ៏ធំបំផុតរបស់យុវជន នៅក្នុងប្រទេសកម្ពុជាដោយបានពង្រីកសមាជិក ជិត២សែននាក់ នៅទូទាំងប្រទេស គិតត្រឹមឆ្នាំ២០២១ កន្លងមក ខណៈដែលសមាគមនេះមានសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍៣៨នាក់ និងមានសមាជិកគណៈកម្មាធិការកណ្តាល១៧១នាក់។

ចាប់តាំងពីបង្កើតឡើង ជាង៤ទសវត្ស ស.ស.យ.ក បានចូលរួមក្នុងសកម្មភាពជាច្រើនទាំងមនុស្សធម៌ អប់រំ និងនយោបាយ។ សកម្មភាពជាច្រើន បានគាំទ្រ និងជំរុញស្របទៅនឹងគោលនយោបាយការពារសន្តិភាព ដែលស្វែងរកមកដោយលំបាកដោយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ានី ធ្លាប់បានលើកឡើងថា «ក្នុងរយៈកាល៤៤ឆ្នាំ នៃអត្ថិភាពរបស់ខ្លួន សហភាពសហព័ន្ធយុវជនកម្ពុជាបានរួមចំណែកយ៉ាងសកម្មប្រកបដោយ ស្មារតីទទួលខុសត្រូវលើជោគវាសនាប្រទេសជាតិជាមួយរាជរដ្ឋាភិបាល ក្នុងការធានារក្សាឱ្យបាននូវសមិទ្ធផលទាំងឡាយដែលសម្រេចកន្លងមក លើគ្រប់វិស័យ ព្រមទាំងការចូលរួមកសាង និងការពារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលប្រសូត្រចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាពិសេសបន្ទាប់ពីការអនុវត្តដោយជោគជ័យនូវគោលនយោបាយឈ្នះ-ឈ្នះ ក្រោមមគ្គុទេសដឹកនាំដ៏ឆ្នើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់សង្គ្រាមជាស្ថាពរនៅកម្ពុជា និងអាចអនុញ្ញាតឱ្យរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញអនុវត្តបាន១០០ភាគរយ»៕