កាកបាទក្រហមកម្ពុជា ប្រគល់ជែលលាងដៃ៣០០កេសជូនមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក និង៣០០កេសទៀតជូនមន្ទីរពេទ្យព្រះកេតុមាលា 

199
UI Promtion 2021

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ បានប្រគល់ជែលលាងដៃចំនួន៣០០កេស (ស្មើនឹង៤,៨០០ដប) ជូនមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងចំនួន៣០០កេសទៀត (ស្មើនឹង៤,៨០០ដបដូចគ្នា) ជូនមន្ទីរពេទ្យព្រះកេតុមាលា ដើម្បីប្រើប្រាស់ក្នុងការចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។
ការប្រគល់ជែលលាងដៃជូនមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ធ្វើឡើងក្រោមវត្តមានលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ខណៈភាគីទទួលជំនួយគឺលោកវេជ្ជបណ្ឌិត គឹម រ័ត្ននា ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។
លោកស្រីអគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍សួរសុខទុក្ខ និងកោតសរសើរពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូពេទ្យនៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដែលតែងតែជួយគាំទ្រសកម្មភាពមនុស្សធម៌ ជាពិសេសបានចាក់វ៉ាក់សាំងកូវីដ-១៩ជូនមន្ត្រី បុគ្គលិក និងក្រុមគ្រួសារមន្ត្រី-បុគ្គលិកកាកបាទក្រហមកម្ពុជាផងដែរ។
លោកវេជ្ជបណ្ឌិត គឹម រ័ត្ននា បានថ្លែងអំណរគុណជូនចំពោះកាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ឱកាសជូនក្រុមគ្រូពេទ្យនៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកបានចូលរួមជាមួយកាកបាទក្រហមកម្ពុជាក្នុងការចុះផ្សព្វផ្សាយ អប់រំ ផ្តល់ចំណេះដឹងជូនប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់។
ក្នុងថ្ងៃដដែលនេះ កាកបាទក្រហមកម្ពុជាក៏បានប្រគល់ជែលលាងដៃចំនួន៣០០កេស (ស្មើនឹង៤,៨០០ដប) ជូនមន្ទីរពេទ្យព្រះកេតុមាលាផងដែរ ក្រោមវត្តមានលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ខណៈខាងភាគីទទួលគឺមានលោកស្រីឧត្តមសេនីយ៍ទោ កើត ស៊ីយុត្តិ នាយិការងនៃមន្ទីរពេទ្យព្រះកេតុមាលា។
ដូចគ្នាដែរ លោកស្រីអគ្គលេខាធិការ ពុំ ចន្ទីនី បានពាំនាំប្រសាសន៍សួរសុខទុក្ខ និងកោតសរសើរពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ ពេទ្យរបស់កងទ័ព ដែលតែងតែយកជិតទុក្ខដាក់ព្យាបាលអ្នកជំងឺជាកងទ័ព និងគ្រួសារកងទ័ព។
លោកស្រីឧត្តមសេនីយ៍ទោ កើត ស៊ីយុត្តិ បានថ្លែងអំណរគុណជូនចំពោះកាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរដល់អ្នកជំងឺជាកងទ័ព និងគ្រួសារកងទ័ព និងបានផ្តល់អំណោយជាស្បៀង-សម្ភារបរិក្ខាពេទ្យជាច្រើនលើកផងដែរ។ លោកស្រីឧត្តមសេនីយ៍ទោ កើត ស៊ីយុត្តិ បានបន្ថែមទៀតថា «ការផ្តល់ជែលលាងដៃទាំងនេះ ពិតជាមានសារសំខាន់ក្នុងការចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩»។
សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជាក៏បានទទួលជំនួយឧបត្ថម្ភជែលលាងដៃពីក្រុមហ៊ុនហ័នយ៉ាហ៊ឺចុង (ខេមបូឌា) ត្រេឌីង ឯ.ក ចំនួន២លើកផងដែរ ដែលសរុបមានចំនួន៣២,៤០០កេស (ស្មើនឹង៥១៨,៤០០ដប)៕