រដ្ឋសភាកំណត់កាលបរិច្ឆេទ បើកសម័យប្រជុំរដ្ឋសភា លើកទី៧ នៅព្រឹកថ្ងៃទី១ ខែមេសា ដោយមានរបៀបវារៈ៤

217
UI Promtion 2021

ភ្នំពេញៈ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា តាមប្រព័ន្ធអនឡាញ ដើម្បីអនុម័តលើរបៀបវារៈ និងកំណត់កាលបរិច្ឆេទ បើកសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦។

ជាលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ដោយមានរបៀបវារៈចំនួន៤ រួមមាន៖

*១៖ ព្រះរាជសារព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦។

*២៖ របាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភា លើកទី៦ និងលើកទី៧ នីតិកាលទី៦។

*៣៖ ការបោះឆ្នោតជ្រើសតាំង លោក អ៊ុជ គឹមអន ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិថ្មី សម្រាប់អាណត្តិ ៩ឆ្នាំ ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៦។

*៤៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការការពាររុក្ខជាតិ និងភូតគាមអនាម័យ។

សូមជម្រាបថា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ ក៏បានអនុម័តផងដែរ លើសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦ ចំនួន៣រូប ដែលមាន៖ ឯកឧត្តម សត្យា វុធ, ឯកឧត្តម សុខ ផេង និងឯកឧត្តម សេរី កុសល៕