ឯកឧត្តមខៀវកាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញជាអធិបតីភាពក្នុងពិធីសន្និសីទសារព័ត៌មានប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី២

137
UI Promtion 2021

(ភ្នំពេញ)៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រលប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពក្នុងសន្និសីទសារព័ត៌មាន ស្តីពីកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី២ ក្រោមពាក្យស្លោក «អរគុណសន្តិភាព នាំមកនូវក្តីសង្ឃឹម» ។

កម្មវិធីនេះ គ្រោងនឹងធ្វើឡើង៣ រាជធានីខេត្ត ដែលនឹងចាប់ផ្ដើមឡើងនៅចុងខែមេសា នារាជធានីភ្នំពេញ ហើយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គ្រោងធ្វើឡើងនៅខេត្តព្រះសីហនុ។ ដោយឡែកវគ្គផ្តាច់ព្រ័ត្រគ្រោងធ្វើឡើងនៅខេត្តសៀមរាប។

កម្មវិធីសន្និសីទនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងក្រសួងពាក់ព័ន្ធមួយចំនួន ព្រមទាំងថ្នាក់ដឹកនាំមកពីបណ្តាសារព័ត៌មាន ជាច្រើននាក់ ដែលប្រព្រឹត្តធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល រាជធានីភ្នំពេញ។

កម្មវិធីប្រឡងសំនៀងជនពិការកម្ពុជាពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី២ មិនមែនធ្វើឡើងដោយចៃដន្យនោះទេ កម្មវិធីនេះត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន តែម្តង។ ក្រោមបរិបទកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាបានរិះរកគ្រប់មធ្យោបាយ ដើម្បីជួយដល់ជនពិការ កែលម្អ និងលើកកម្ពស់កម្រិតជីវភាពជនពិការ និងផ្ដល់ឱកាសដល់ជនពិការក្នុងការបញ្ចេញនូវសមត្ថភាព និងទេពកោសល្យក្នុងវិថីសិល្បៈតន្ត្រី ចម្រៀងប្រពៃណី និងសម័យ។

កម្មវិធីប្រឡងសំនៀងជនពិការកម្ពុជាពានរង្វាន់សម្តេចតេជោហ៊ុនសែនលើកទី២ត្រូវបានរៀបចំឡើងក្នុងគោលបំណងពីរ៖

*ទី១លើកកម្ពស់តួនាទីនិងតម្លៃរបស់ជនពិការក្នុងសង្គមដើម្បីផ្ដល់ឱកាសដល់ពួកគាត់បានបង្ហាញនូវសមត្ថភាពនិងទេពកោសល្យធ្វើយ៉ាងណាឱ្យពួកគាត់មានឱកាសកាន់តែច្រើនក្នុងការចូលរួមក្នុងសកម្មភាពសង្គមសំខាន់ៗជាច្រើន។

ទី២៖ បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សមត្ថភាពរឹងមាំ និងឯករាជ្យរបស់ជនពិការ ដើម្បីឱ្យពួកគាត់អាចសមាហរណកម្មជាមួយសង្គមលើគ្រប់វិស័យ។

ថ្វីដ្បិតតែជនពិការមានពិការភាពក៏ពិតមែន ប៉ុន្តែទឹកចិត្ត និងឆន្ទៈរបស់ពួកគាត់មិនពិការឡើយ ពួកគាត់ក៏ជាធនធានមនុស្សដ៏សំខាន់ និងមិនអាចខ្វះបានក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។ ដូច្នេះយើងមិនត្រូវទុកជនពិការចោលនោះទេយើងត្រូវការពារសិទ្ធិនិងសេរីភាពស្របច្បាប់របស់ពួកគាត់ ហើយផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចការអភិវឌ្ឍរបស់ពួកគាត់ផងដែរ។

ការរៀបចំកម្មវិធីនេះត្រូវបានរំពឹងថាជនពិការទាំងអស់បន្តស្មារតីរឹងមាំនិងសកម្មដោយមិនត្រូវអស់សង្ឃឹមឬបោះបង់ចោលនូវឱកាសសម្រាប់ខ្លួនឯងឡើយទោះស្ថិតក្នុងកាលៈទេសៈបែបណាដ៏ដោយក៏ត្រូវទាមទារតួនាទីនិងតម្លៃខ្លួនឯងនៅក្នុងសង្គមរួមគ្នាកសាងបរិយាកាសសង្គមមួយដែលពោរពេញដោយភាពសុខដុមរមនា៕