មន្ត្រីជាន់ខ្ពស់ស្ថានទូតចិន កោតសរសើរចំណាត់ការសម្តេចតេជោ លើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

115
UI Promtion 2021

(ភ្នំពេញ)៖ ទីប្រឹក្សាសេដ្ឋកិច្ចស្ថានទូតចិនប្រចាំនៅកម្ពុជា លោក វូ គួ គ័ន បានបង្ហាញនូវការកោតសរសើរ និងស្ញប់ស្ញែងខ្លាំងចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រហូតទទួលបានលទ្ធផលដ៏ល្អប្រសើរ។

ខែមីនា ឆ្នាំ២០២១ ជាពេលវេលាដ៏លំបាកសម្រាប់សង្គមកម្ពុជា ដោយសារការរីករាតត្បាតដ៏ខ្លាំងក្លានៃមេរោគកូវីដ១៩ ក្រោយផ្ទុះព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២០កុម្ភៈ។ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនោះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាអគ្គមេបញ្ជាការកំពូលលើសមរភូមិសង្គ្រាមនឹងសត្រូវគ្មានស្រមោល បានដាក់ចេញនូវវិធានការចាំបាច់ជាច្រើន ដូចជាការបិទខ្ទប់តំបន់ឆ្លងរាលដាលខ្លាំង កាត់បន្ថយការជួបជុំ ផ្អាកសកម្មភាពជួបជុំ ពិធីសាសនា និងការបុណ្យចូលឆ្នាំប្រពៃណីជាតិជាដើម។

ក្រៅតែវិធានសុខាភិបាល «៣កុំ និង៣ការពារ» ដើម្បីកាត់បន្ថយការចម្លងហើយនោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចចិត្តដោយមិនអល់អែកលើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បើទោះបីមានការរិះគន់ និងការលើកយោបល់មួយចំនួនមិនឱ្យប្រើវ៉ាក់សាំងជាជំនួយរបស់ចិនក៏ដោយនោះ។

ការជំរុញវិធានសុខាភិបាល «៣កុំ និង៣ការពារ» បូករួមការចាក់ស្រោចវ៉ាក់សាំង តាមរយៈយុទ្ធសាស្ត្រផ្ការីក ក្រោមការដឹកនាំ និងបញ្ជាដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន រួមជាមួយកិច្ចសហការដ៏ម៉ឹងម៉ាត់ពីសំណាក់មន្ត្រីរាជការ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋផងនោះ បានធ្វើឱ្យការរាតត្បាតជំងឺកូវីដ១៩ ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ រហូតដល់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ត្រូវបានបិទបញ្ចប់នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។ រយៈពេល១០ខែ នៃព្រឹត្តិការណ៍ឆ្លងសហគមន៍នេះ ជាពេលវេលាដែលសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់បំផុតលើការងារគ្រប់គ្រង និងចាត់ចែងការងារទាំងឡាយដោយផ្ទាល់តែម្តង។ សារដែលជាវិធានការណែនាំនានា ត្រូវចេញផ្សាយតាមបណ្តាញសង្គមជាបន្តបន្ទាប់ ដោយមិនរើសពេលវេលាយប់ ឬថ្ងៃនោះឡើយ។

ឆ្លើយតបនឹងសំណួររបស់អ្នកព័ត៌មាន ពេលចុះពិនិត្យវ៉ាក់សាំងជាជំនួយដឹកមកដល់កម្ពុជានៅថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២ លោក វូ គួ គ័ន បានបង្ហាញនូវការសាទរ និងកោតសរសើរជាខ្លាំងចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រហូតទទួលបានលទ្ធផលដូចពេលបច្ចុប្បន្ននេះ។

លោក វូ គួ គ័ន បានគូសបញ្ជាក់ថា «នៅក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខាងកម្ពុជាបានទទួលជោគជ័យគួរឱ្យកត់សម្គាល់។ អត្រាចាក់វ៉ាក់សាំងមិនត្រឹមតែនៅក្នុងតំបន់អាស៊ីទេ គឺនៅទូទាំងពិភពលោក អត្រាចាក់វ៉ាក់សាំងនៅកម្ពុជាក៏ស្ថិតនៅជួរមុខគេ។ ឥឡូវកម្ពុជាមានអត្រាចាក់វ៉ាក់សាំងលើសពី៩២ភាគរយ នៃប្រជាជនសរុប ហើយយើងឃើញថា អ្នកឆ្លងជំងឺកូវីដ១៩នៅកម្ពុជា អត់មានរោគសញ្ញាធ្ងន់ទេ អត់មានការស្លាប់ទេ មានន័យថា កម្ពុជាដាក់ចេញយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានត្រឹមត្រូវ និងមានប្រសិទ្ធភាព»

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រតិបត្តិករដ៏សកម្មមួយរូបក្នុងការងារប្រយុទ្ធប្រឆាំងនឹងសង្គ្រាមកូវីដ១៩ បានបង្ហាញនូវក្តីរីករាយ និងមោទនភាពជាមួយស្ថានភាពជំងឺកូវីដ១៩នាពេលបច្ចុប្បន្ននេះ។ សម្រាប់លោកស្រី បើក្រឡេកទៅវេលានេះកាលពីឆ្នាំ២០២១ គឺជាពេលដែលក្រុមប្រតិបត្តិករក្នុងសង្គ្រាមប្រឆាំងជំងឺកូវីដ១៩ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការឆ្លងរីករាលដាល និងស្រោចស្រង់អាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ១៩។

សម្រាប់លោកស្រី យក់ សម្បត្តិ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ អាចនឹងមិនអាចទទួលបានជោគជ័យនោះឡើយ បើគ្មានការដឹកនាំប្រកបដោយការឈ្លាសវៃ និងការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោកស្រី យក់ សម្បត្តិ បានគូសបញ្ជាក់ដូច្នេះថា «ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប្រសិនបើមិនមានយុទ្ធសាស្ត្រពិតប្រាកដ បើមិនមានការដឹកនាំឈ្លាសវៃរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលផ្ទាល់ លោកបញ្ជាផ្ទាល់មកសេនាធិការ មកក្រសួងសុខាភិបាល ជាពិសេសយើងមានគណៈកម្មការច្រើនលំដាប់ថ្នាក់ យើងមានគណៈកម្មការជាតិ គណៈកម្មការប្រចាំការ គណៈកម្មការអន្តរក្រសួង យើងមានមូលដ្ឋានសុខាភិបាល យើងមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ និងក្រុមស្ម័គ្រចិត្តផ្សេងៗជាច្រើនចូលរួម ហើយយើងមានអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ កម្លាំងប្រដាប់អាវុធចូលរួមទាំងអស់គ្នា ហើយពិសេសជាងនេះទៀតប្រជាពលរដ្ឋម្នាក់ៗគាត់ចូលរួមយ៉ាងសកម្ម។ នេះគឺជាលទ្ធផលមួយសំខាន់ណាស់ដែលយើងទទួលស្គាល់ថា កម្ពុជាមានសាមគ្គីគ្នាពិតប្រាកដ»

ការពន្លឿនលើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ត្រូវបានមើលឃើញជាវិធានដ៏ស័ក្តិសិទ្ធភាពមួយ ដែលនាំឱ្យកម្ពុជាយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩។ កម្ពុជា បានសម្រេចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋសរុបជាង ៩២ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុបប្រមាណ ១៦លាននាក់។ កម្ពុជា កំពុងបន្តការងារចាក់វ៉ាក់សាំងមូលដ្ឋានជូនប្រជាពលរដ្ឋអាយុពី ៣ឆ្នាំ ទៅ៥ឆ្នាំ ហើយក៏កំពុងជំរុញការចាក់ដូសជំរុញទី៣ និងទី៤ សម្រាប់អ្នកដែលចាក់ដូសមូលដ្ឋានរួចរាល់ហើយផងដែរ។

ប្រទេសចិន គឺជាប្រទេសជាមិត្តរបស់កម្ពុជា ដែលបានផ្តល់គាំទ្រវ៉ាក់សាំងយ៉ាងច្រើនលើសលប់សម្រាប់ដំណើរការចាក់ជូនប្រជាពលរដ្ឋ។ កម្ពុជាបានទទួលវ៉ាក់សាំងទាំងជំនួយឥតសំណង និងការបញ្ជាទិញពីប្រទេសចិនរហូតដល់ទៅជិត ៤០លានដូស នៃចំនួនវ៉ាក់សាំងសរុបជាង ៤៤លានដូស ដែលកម្ពុជាទទួលបានពីប្រទេសជាមិត្ត និងយន្តការកូវ៉ាក់។

លោកស្រី យក់ សម្បត្តិ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការ និងការគាំទ្ររបស់ចិន ក្នុងការធ្វើឱ្យកម្ពុជាយកឈ្នះលើសង្គ្រាមប្រឆាំងការរាតត្បាតជំងឺកូវីដ១៩។ ក្នុងនោះចិន មិនត្រឹមតែគាំទ្រផ្នែកវ៉ាក់សាំងនោះទេ តែក៏បានគាំទ្រលើបរិក្ខារ និងសម្ភារៈបច្ចេកទេសជាច្រើនផ្សេងទៀត។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់យ៉ាងដូច្នេះ «យើងចាត់ទុកប្រទេសទេសចិន ជាប្រទេសមួយដែលផ្តល់វ៉ាក់សាំងដល់ប្រទេសកម្ពុជាជាយុទ្ធសាស្ត្រ។ កន្លងមកយើងបានទទួលវ៉ាក់សាំងជាជំនួយរបស់ចិនច្រើនហើយ បើសរុបជាមួយ២០លាននេះទៀត យើងបានទទួលជាង ២៨លានដូសហើយ។ យើងក៏បានបញ្ជាទិញទៅកាន់ប្រទេសចិន ជាង ២៨លានដូសដែរ ដូច្នេះសរុបវ៉ាក់សាំងដែលទទួលពីចិនជាង ៥៧លានដូស។ អត់មានប្រទេសណាដែលផ្តល់វ៉ាក់សាំងដល់កម្ពុជាច្រើនទេ»

ទីប្រឹក្សាសេដ្ឋកិច្ចស្ថានទូតចិនប្រចាំនៅកម្ពុជា បានអះអាងថា បើទោះបីកម្ពុជា បានធូរស្រាលពីការរាតត្បាតនៃជំងឺកូវីដ១៩ ក៏ដោយចុះ ក៏រដ្ឋាភិបាល និងប្រជាជនចិន នៅតែបន្តជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។

លោក វូ គួ គ័ន បានគូសបញ្ជាក់យ៉ាងដូច្នេះ «ចិន និងកម្ពុជា យើងជាមិត្តភក្តិដែកថែប ហើយក៏ជាមិត្តភក្តិគ្រប់រដូវកាល ដូច្នេះបើបងប្អូនខាងកម្ពុជាត្រូវការអ្វី យើងខាងចិន នឹងខិតខំជួយ»

តាមរយៈសំណួររបស់អ្នកព័ត៌មាន Fresh News លោក វូ គួ គ័ន ក៏បានលើកបង្ហាញនូវកិច្ចសហប្រតិបត្តិការដ៏ខ្លាំងក្លាលើផ្នែកសេដ្ឋកិច្ចរវាងរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងកំលុងពេលរាតត្បាតនៃជំងឺកូវីដ១៩ ដើម្បីរួមចំណែកជួយគាំទ្រគ្នាលើដំណើរសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ លោកបានលើកឡើងថា ក្នុងឆ្នាំ២០២១ បើទោះបីជួបការលំបាកបណ្តាលមកពីការរាតត្បាតជំងឺកូវីដ១៩យ៉ាងណាក្តី ទំហំពាណិជ្ជកម្មរវាងចិន និងកម្ពុជា នៅតែមានកំណើនរហូតដល់ទៅ ៣០ភាគរយ ស្មើនឹងទំហំទឹកប្រមាណ ១៣០ពាន់លានដុល្លារអាមេរិក។

លោក វូ គួ គ័ន ក៏បានអះអាងដែរថា ជាមួយនឹងស្ថានភាពថមថយនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ រដ្ឋាភិបាលចិន នឹងបន្តកិច្ចសហប្រតិបត្តិការចាំបាច់ដទៃទៀត ដើម្បីជំរុញការធ្វើពាណិជ្ជកម្មជាមួយកម្ពុជា។

បើទោះបីស្ថានភាពនៃការរាតត្បាតជំងឺកូវីដ១៩ បានថមថយយ៉ាងណាក្តី តែក្នុងនាមជាអ្នកប្រតិបត្តិករប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ លោកស្រី យក់ សម្បត្តិ នៅតែបន្តអំពាវនាវប្រជាពលរដ្ឋឱ្យចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រស់នៅធម្មតាតាមគន្លងថ្មី ដោយអនុវត្តនូវវិធានការទាំងឡាយដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ ជាពិសេសត្រូវចូលរួមទទួលយកការចាក់វ៉ាក់សាំង តាមផែនការដែលបានដាក់ចេញ។

លោកស្រី យក់ សម្បត្តិ បានអំពាវនាវបែបនេះ «យើងមានមោទនភាព ប៉ុន្តែយើងក៏មិនអាចសប្បាយភ្លេចខ្លួន មិនអាចភ្លេចខ្លួនក្នុងការពារជំងឺនេះដែរ ព្រោះយើងមិនដឹងថា តើវាចប់ពេលណា? យើងត្រូវមើលក្នុងតំបន់ និងក្នុងពិភពលោក តើការឆ្លងហ្នឹងវាយ៉ាងម៉េច? ទោះបីពេលនេះយើងបើកសេដ្ឋកិច្ច បើការធ្វើដំណើរចូលអស់ហើយ យើងមិនមានការធ្វើតេស្ត្ត យើងមិនមានការដាក់ចត្តាឡីស័ក្តអីទៀតទេ មិនតម្រូវធ្វើតេស្ត្ត PCR អីទៀតទេ។ ប៉ុន្តែម្នាក់ៗត្រូវតែមានការទទួលខុសត្រូវ ត្រូវតែស្វែងរកការចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស ត្រូវតែទទួលវ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា បើមិនអ៊ីចឹងទេយើងនឹងធ្លាក់ខ្លួនទៅក្នុងស្ថានភាពដដែលទៀត។ យើងមិនអាចធ្លាក់ខ្លួនត្រឡប់ទៅស្ថានភាពលំបាកវិញទេ យើងត្រូវជម្នះការឆ្លងនេះឱ្យបាន ហើយការទទួលបានជោគជ័យនេះត្រូវបន្តរក្សាទៅទៀត ហើយយើងនឹងបន្តធ្វើការជាមួយដៃគូរបស់យើងទាំងអស់។ ជាពិសេសយើងនៅតែគោរពនូវការផ្តល់ដំបូន្មានល្អៗពីប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គុទ្ទេសក៍ក្នុងការចាត់ចែងផ្ទាល់ជាមួយការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ»

Credit: Fresh News