ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ

122
UI Promtion 2021

(ភ្នំពេញ)៖ ម្លប់សុខសន្តិភាពដែលក្រាលគ្របលើដែនដីកម្ពុជា បាននាំឱ្យសមិទ្ធផលជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ ត្រូវបានលេចរូបរាងជាបន្តបន្ទាប់។ រាជធានីភ្នំពេញ ដែលជាទីក្រុងដ៏សែនស្ងប់ស្ងាត់កាលពីជាង៤០ឆ្នាំមុន បានបង្ហាញនូវវត្តមានស្ពានអាកាស និងផ្លូវក្រោមដីថ្មីមួយទៀតហើយ។ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាស្ពានអាកាស និងផ្លូវក្រោមដី សាងសង់ឡើងដោយមានផ្លូវប្រទាក់ក្រឡាគ្នាខ្វែងខ្វាត់ជាងស្ពានអាកាស និងផ្លូវក្រោមដី ដែលបានសាងសង់រួចរាល់ដទៃទៀត។

សមិទ្ធផលថ្មីក្នុងដែនដីរាជធានីភ្នំពេញកើតចេញពីម្លប់សុខសន្តិភាពនេះ ត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

នៅក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលរយៈពេលជាងមួយម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ គឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រមួយទៀតសម្រាប់រាជធានីភ្នំពេញ។

* សម្តេចតេជោ ហ៊ុន សែន បានសូមការយោគយល់ពីប្រជាពលរដ្ឋ ចំពោះការផ្អាកចរាចរណ៍នៅលើស្ពានអាកាស និងផ្លូវក្រោមដី ដើម្បីប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដី គឺឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ប្រសិនបើស្ថិតនៅក្នុងទសវត្សរ៍៧០, ៨០ និង៩០ មិនមានភាពចាំបាច់សាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនេះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកសមិទ្ធផលស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ គឺបង្ហាញថា លទ្ធិសម្ភារៈនិយម កើតឡើងមុនលទ្ធិនៃគំនិត។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើររដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុន OCIC ចំពោះកិច្ចប្រឹងប្រែងរួមគ្នាក្នុងការកសាងស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលស្ពានអាកាស និងផ្លូវក្រោមដីនៅរាជធានីភ្នំពេញ បានប្រើនយោបាយយកក្រុង ចិញ្ចឹមក្រុង ឬយកស្លឹកត្នោត ខ្ចប់ស្កត្នោត។ លើកឡើងបែបនេះ ដោយសារសមិទ្ធផលនេះ បានមកថវិកានៃការអភិវឌ្ឍកោះពេជ្រ ក៏ដូចជាតំបន់នានា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋកាន់តែមានកំណើន សេចក្តីត្រូវការក៏កាន់តែមានកំណើនផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីពេលមុនគោលនយោបាយដែលសម្តេចបានដាក់ចេញ គឺសេចក្តីត្រូវការ និងការផ្គត់ផ្គង់ស្បៀងអាហារដល់ប្រជាពលរដ្ឋ។ តែពេលនេះ មានការប្រែប្រួលដាច់ស្រឡះ បើធៀបនឹងពេលមុន ដោយតម្រូវការមានកាន់តែច្រើន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងពិចារណាឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំដាក់យុទ្ធសាស្ត្របន្ថែមទៅលើបញ្ហាប្រេងឥន្ធនៈ ដោយចង់ឱ្យមានរៀបចំស្តុកយុទ្ធសាស្ត្រលើបញ្ហាប្រេង ដើម្បីឆ្លើយតបសេចក្តីត្រូវការ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ម៉ោងនេះកម្ពុជា កំពុងសាងសង់ហេដ្ឋរចនាសម្ព័ន្ធគ្រប់ទីកន្លែង តែសម្រាប់នៅអ៊ុយក្រែន និងបណ្តាប្រទេសមួយចំនួនកំពុងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ។ នៅកម្ពុជាកាលពី ៥២ឆ្នាំមុន ក្រោយរដ្ឋប្រហារ ១៨ មីនា ១៩៧០ ក៏ជាពេលកំពុងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលមានសង្គ្រាម ទើបមើលឃើញនូវតម្លៃសុខសន្តិភាព។ សម្រាប់កម្ពុជា បានមើលឃើញសារៈសំខាន់សុខសន្តិភាពតាំងពីឆ្នាំ១៩៧០។ សម្តេចតេជោថ្លែងថា កត្តាសន្តិភាពជាចំណុចចាប់ផ្តើមដំបូង បើគ្មានសុខសន្តិភាព គ្មានការអភិវឌ្ឍអ្វីទាំងអស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ មិនចំណុះលើការនិយាយនោះទេ គឺត្រូវមើលលើសកម្មភាពជាក់ស្តែង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅម៉ោងនេះមិនមាននរណាទៅនិយាយពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅអ៊ុយក្រែននោះឡើយ គឺគេនិយាយតែរឿងសន្តិភាពប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនថាឆ្នាំណានោះទេ គឺត្រូវការសុខសន្តិភាពគ្រប់ឆ្នាំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា មាននិមិត្តសញ្ញា «ទេវតា» ហើយសម្តេចនៅតែជាបេក្ខភាពនាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតឆ្នាំ២០២៣។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត គឺជាការរៀបចំទុកជាមុន ដើម្បីបញ្ចៀសការកើតបញ្ហាជាយថាហេតុណាមួយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធ្វើអ្នកធំមិនមែនស្រួលទេ។ អ្នកធំជាមនុស្សឯកោ ហើយមិនមានសិទ្ធិឈឺនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៣ខែឆ្នាំនេះ ស្ថានភាពសង្គមខុសគ្នាឆ្ងាយពីឆ្នាំ២០២១។ ដោយពេលនោះ ជាពេលលំបាកដោយសារជំងឺកូវីដ១៩ ហើយបានដាក់ចេញវិធានការជាច្រើន ដើម្បីធានាអាយុជីវិតរបស់ប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ម៉ោងនេះកម្ពុជា មានវ៉ាក់សាំងក្នុងដៃរហូតដល់ជិត១២លានដូស។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ដូសជំរុញជូនប្រជាពលរដ្ឋ ការពារជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃម្សិលមិញ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤០នាក់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សេដ្ឋកិច្ចកម្ពុជាជួបការលំបាក ព្រោះតែវិបត្តិនៃសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី៣០ ខែមីនា ជាថ្ងៃដែលសម្តេចសប្បាយចិត្តខ្លាំងជាងគេ ដោយសារពន្ធដារបំបែកឯកទគ្គកម្មសម្រាប់ចំណូលផ្ទៃក្នុង ដោយប្រមូលបាន ២៣៦លានដុល្លារ។ រយៈពេលមួយខែមីនានេះ អាចបានចំណូលប្រមាណ៧០០លានដុល្លារ។ ចំណូល ខែមករាប្រមាណ២៨៨លាន ខែកុម្ភៈប្រមាណ២២៣លាន ខែមីនាប្រមាណ៧០០លាន។ សរុបរយៈពេល៣ខែឆ្នាំ២០២២ ចំណូលបានជាង១២០០លាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធ្វើនាយករដ្ឋមន្ត្រីភ័យជាងគេ គឺអត់មានថវិកា បើកប្រាក់ខែជូនមន្ត្រី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជីកយកប្រេងនៅខេត្តព្រះសីហនុ កំពុងជួបបញ្ហាហើយ តែត្រូវបានជំនួសដោយការជីកមាស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេល៩ខែ គិតចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ មកដល់ពេលនេះ កម្ពុជាជីកមាសបាន ២,២៧៥គីឡូ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំនួននេះគិតត្រឹមមួយកន្លែងប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានណែនាំឱ្យពន្លឿននៃការលើកកម្រិតអ្នកមានប្រាក់សោធននិវត្តន៍ដែលទាបឱ្យលឿនបន្តិច។

* សម្តេចតេជោ ហ៊ុន សែន បានណែនាំលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រៀបចំបង្កើនថវិកាសម្រាប់អ្នកមានប្រាក់បៀវត្សរ៍ទាប ជាពិសេសអតីតយុទ្ធជន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើបែបនេះដើម្បីដោះស្រាយវិសមភាពប្រាក់ចូលនិវត្តន៍របស់មន្ត្រី។

* សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យប្រជាពលរដ្ឋជួបជុំលេងសប្បាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ តែត្រូវបន្តអនុវត្តន៍វិធានសុខាភិបាល ជាពិសេសវិធានការ ៣កុំ និង៣ការពារ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជោគជ័យលើជំងឺកូវីដ១៩ មិនមែនពឹងផ្អែកលើសម្តេចតែម្នាក់ឯងនោះឡើយ តែគឺបានមកពីការចូលរួមពីគ្រប់កោសិកាសង្គម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់លើសន្តិសុខសណ្តាប់ធ្នាប់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលបុណ្យទានអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចគ្មានសម្រាកនោះទេ ត្រូវមើលឃើញពីគុណ្យសម្បត្តិនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានគាំទ្រសម្តេចផ្តល់ឱកាសយកប្រទេសចេញពីភ្លើងសង្គ្រាម និងជំរុញការអភិវឌ្ឍប្រទេស៕

ប្រភព៖ Fresh News