សម្តេចតេជោ ហ៊ុន សែនអញ្ជើញជាអធិបតិក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ

80
UI Promtion 2021

(ភ្នំពេញ)៖នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៣១ខែមីនាឆ្នាំ២០២២សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្រ្ដីនៃកម្ពុជាបានអញ្ជើញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ។
សម្ដេចមានប្រសាសន៍ថា ម្លប់សុខសន្តិភាពដែលក្រាលគ្របលើដែនដីកម្ពុជា បាននាំឱ្យសមិទ្ធផលជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ ត្រូវបានលេចរូបរាងជាបន្តបន្ទាប់។ រាជធានីភ្នំពេញ ដែលជាទីក្រុងដ៏សែនស្ងប់ស្ងាត់កាលពីជាង៤០ឆ្នាំមុន បានបង្ហាញនូវវត្តមានស្ពានអាកាស និងផ្លូវក្រោមដីថ្មីមួយទៀតហើយ។ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាស្ពានអាកាស និងផ្លូវក្រោមដី សាងសង់ឡើងដោយមានផ្លូវប្រទាក់ក្រឡាគ្នាខ្វែងខ្វាត់ជាងស្ពានអាកាស និងផ្លូវក្រោមដី ដែលបានសាងសង់រួចរាល់មួយកន្លែងថ្មីទៀត។
នៅក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ធរកថាសំណេះសំណាលរយៈពេលជាងមួយម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ គឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រមួយទៀតសម្រាប់រាជធានីភ្នំពេញ។

ហើយក៏បានសូមការយោគយល់ពីប្រជាពលរដ្ឋ ចំពោះការផ្អាកចរាចរណ៍នៅលើស្ពានអាកាស និងផ្លូវក្រោមដី ដើម្បីប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដី គឺឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ប្រសិនបើស្ថិតនៅក្នុងទសវត្សរ៍៧០, ៨០ និង៩០ មិនមានភាពចាំបាច់សាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនេះឡើយ។
សមិទ្ធផលស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ គឺបង្ហាញថា លទ្ធិសម្ភារៈនិយម កើតឡើងមុនលទ្ធិនៃគំនិត។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើររដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុន OCIC ចំពោះកិច្ចប្រឹងប្រែងរួមគ្នាក្នុងការកសាងស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ។
ស្ពានអាកាស និងផ្លូវក្រោមដីនៅរាជធានីភ្នំពេញ បានប្រើនយោបាយយកក្រុង ចិញ្ចឹមក្រុង ឬយកស្លឹកត្នោត ខ្ចប់ស្កត្នោត។ លើកឡើងបែបនេះ ដោយសារសមិទ្ធផលនេះ បានថវិកាមកពីការអភិវឌ្ឍកោះពេជ្រ ក៏ដូចជាតំបន់នានា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋកាន់តែមានកំណើន សេចក្តីត្រូវការក៏កាន់តែមានកំណើនផងដែរ។
កាលពីពេលមុនគោលនយោបាយដែលសម្តេចបានដាក់ចេញ គឺសេចក្តីត្រូវការ និងការផ្គត់ផ្គង់ស្បៀងអាហារដល់ប្រជាពលរដ្ឋ។ តែពេលនេះ មានការប្រែប្រួលដាច់ស្រឡះ បើធៀបនឹងពេលមុន ដោយតម្រូវការមានកាន់តែច្រើន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងពិចារណាឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំដាក់យុទ្ធសាស្ត្របន្ថែមទៅលើបញ្ហាប្រេងឥន្ធនៈ ដោយចង់ឱ្យមានរៀបចំស្តុកយុទ្ធសាស្ត្រលើបញ្ហាប្រេង ដើម្បីឆ្លើយតបសេចក្តីត្រូវការ។

* សម្តេចថា ម៉ោងនេះកម្ពុជា កំពុងសាងសង់ហេដ្ឋរចនាសម្ព័ន្ធគ្រប់ទីកន្លែង តែសម្រាប់នៅអ៊ុយក្រែន និងបណ្តាប្រទេសមួយចំនួនកំពុងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ។ នៅកម្ពុជាកាលពី ៥២ឆ្នាំមុន ក្រោយរដ្ឋប្រហារ ១៨ មីនា ១៩៧០ ក៏ជាពេលកំពុងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផងដែរ។
នៅពេលមានសង្គ្រាម ទើបមើលឃើញនូវតម្លៃសុខសន្តិភាព។ សម្រាប់កម្ពុជា បានមើលឃើញសារៈសំខាន់សុខសន្តិភាពតាំងពីឆ្នាំ១៩៧០។ សម្តេចតេជោថ្លែងថា កត្តាសន្តិភាពជាចំណុចចាប់ផ្តើមដំបូង បើគ្មានសុខសន្តិភាព គ្មានការអភិវឌ្ឍអ្វីទាំងអស់។