សម្ដេចក្រឡាហោម ស ខេងមានប្រសាសន៍ថា សារធាតុផ្សំគ្រឿងញៀនជាង៣០០តោន កំពុងបង្ខាំងទុកក្រោយបង្ក្រាបបាន ហើយកំពុងរកវិធីបន្សាបមុនបំផ្លាញចោល

93
UI Promtion 2021

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ បានអះអាងថា កម្លាំងសមត្ថកិច្ចកម្ពុជាបានបង្ក្រាបបានសារធាតុផ្សំដើម្បីធ្វើជាគ្រឿងញៀន រហូតដល់ជាង៣០០តោន ហើយនៅពេលនេះស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ កំពុងតែរួមគ្នាគិតគូររកវិធីដើម្បីបន្សាបនូវសារធាតុផ្សំទាំងអស់នោះ មុនយកទៅកម្ទេចចោល។
ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង សម្ដេចក្រឡាហោម ស ខេង បានថ្លែងបែបនេះថា «យើងបង្ក្រាបបាននៅសល់ជាង៣០០តោន ដែលយើងបង្ខាំងទុកដើម្បីរកអ្នកបច្ចេកទេស ហើយរកសារធាតុដែលអាចបន្សាបនូវសារធាតុគីមីទាំងអស់នេះ មុនយកទៅកម្ទេចចោល»។
សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ទៀតថា សារធាតុផ្សំទាំងអស់នោះ ត្រូវបាននាំចូលមកប្រទេសកម្ពុជា ដោយស្របច្បាប់ផង និងមិនស្របច្បាប់ផង។ សម្ដេចបានពន្យល់ថា ការនាំចូលដោយស្របច្បាប់មានន័យថា មានអាជ្ញាប័ណ្ណនាំចូលត្រឹមត្រូវ ប៉ុន្ដែស្ថាប័នជំនាញមិនបានតាមដានពិនិត្យច្បាស់លាស់ នៅពេលយកទៅប្រើប្រាស់ឲ្យដល់គោលដៅ។ ចំណុចនេះសម្ដេចធ្លាប់បញ្ជាក់ថា សារធាតុផ្សំទាំងអស់នោះភាគច្រើនមានអាជ្ញាប័ណ្ណជាវត្ថុធាតុដើម ដើម្បីធ្វើជាជីកសិកម្មជាដើម។
ដោយឡែក ការនាំចូលដោយមិនស្របច្បាប់ សម្ដេចក្រឡាហោម ស ខេង បានដាក់ការសង្ស័យថា អាចលួចបន្លំជាមួយទំនិញដែលស្របច្បាប់ ដែលសមត្ថកិច្ចឆែកមិនទាន់ដល់កម្រិត ឬអាចនាំចូលតាមច្រករបៀងផ្សេងៗជាដើម។ ប៉ុន្ដែសម្ដេចគិតថា បើករណីនាំចូលតាមច្រករបៀង មិនបានច្រើនរាប់សិបគីឡូនោះទេ ដូច្នេះមានតែបន្លំជាមួយទំនិញដែលស្របច្បាប់ប៉ុណ្ណោះ។
បញ្ហាគ្រឿងញៀនបានក្លាយជាក្ដីកង្វល់បន្ថែមទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលចំណុចនេះសម្ដេចក្រឡាហោម ស ខេង បានក្រើនរំលឹកជាថ្មីម្ដងទៀត ដល់អាជ្ញាធរមានសមត្ថកិច្ច និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែរួមគ្នាយកចិត្តទុកដាក់ និងពង្រឹងលើការងារគ្រប់គ្រង ពិសេសត្រួតពិនិត្យមើលទំនិញដែលនាំចូល ព្រោះខ្លាចក្រែងមានការលួចបន្លំ នូវសារធាតុផ្សំបម្រើឲ្យការផលិតគ្រឿងញៀន។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា បច្ចុប្បន្ននេះអ្នកជាប់ឃុំក្នុងពន្ធនាគារ មានរហូតដល់ជាង៥០ភាគរយ ជាអ្នកដែលពាក់ព័ន្ធបទល្មើសគ្រឿងញៀន ដែលសម្ដេចបានកត់សម្គាល់ទៀតថា របាយការណ៍ដែលសម្ដេចទទួលបានរាល់ថ្ងៃនេះ បទល្មើសគ្រឿងញៀនមានស្ទើរគ្រប់រាជធានី-ខេត្ត។ ក្នុងន័យនេះ សម្ដេចក្រឡាហោម បានអះអាងថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនមែនជាសមត្ថកិច្ចផ្ដាច់មុខរបស់អាជ្ញាធរមានសមត្ថកិច្ចនោះទេ ពោលប្រជាពលរដ្ឋខ្លួនឯង ក៏ត្រូវតែចូលរួមលើការងារនេះទាំងអស់គ្នា។
បើតាមការបញ្ជាក់របស់សម្ដេច ស ខេង ការងារផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគុណវិបត្តិដែលបណ្ដាលមកពីគ្រឿងញៀន ក៏ជារឿងអាទិភាពមួយដែរ។ សម្ដេចថា ប្រសិនបើប្រជាពលរដ្ឋយល់ដឹងច្បាស់អំពីផលប៉ះពាល់ នៃគ្រឿងញៀនហើយនោះ នេះគឺជាអាវុធដ៏សំខាន់ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ដូច្នេះត្រូវតែជំរុញលើការងារផ្សព្វផ្សាយអប់រំនេះឲ្យកាន់តែសកម្មបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានក្រើនរំលឹក ក៏ដូចជាដាក់បទបញ្ជាយ៉ាងដាច់ណាត់ ដល់មន្ដ្រីរាជការទាំងអស់ ពិសេសនគរបាលតែម្ដង មិនត្រូវពាក់ព័ន្ធជាមួយបទល្មើសគ្រឿងញៀននេះឡើយ ដោយអនុវត្តឲ្យបានម៉ឺងម៉ាត់នូវ «បីកុំ» គឺកុំពាក់ព័ន្ធ កុំអន្ដរាគមន៍ និងកុំលើកលែង។ ហើយពលរដ្ឋត្រូវចូលរួម ផ្ដល់ព័ត៌មានដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃ ផលិត និងទីតាំងស្ដុកទុកគ្រឿងញៀន។
សូមជម្រាបថា ក្នុងឆ្នាំ២០២១កន្លងទៅ សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនសរុប ៦,៣០៨ករណី ស្មើនឹង៦០,៣០% គិតលើឆ្នាំ២០២០ (១០,៤៦១ករណី) មានចំនួនតិចជាង ៤,១៥៣ករណី ថយចុះ ៣៩,៧០%។ ជនសង្ស័យសរុប ឃាត់ខ្លួន ១៣,៩៧៩នាក់/ស្រី ៨៣១នាក់ ស្មើនឹង ៦៤,៨២% គិតលើឆ្នាំ២០២០ (២១,៥៦៦នាក់) មានចំនួនតិចជាង ៧,៥៨៧នាក់ ថយចុះ ៣៥,១៨% ក្នុងនោះ មានជនសង្ស័យជាជនជាតិខ្មែរ ១៣,៦១៤នាក់ (ស្រី៧៨៩នាក់) និងជនបរទេស ៣៦៥នាក់ (ស្រី៤២នាក់) ស្មើ១៥ជនជាតិ។
គ្រឿងញៀនសរុបចាប់យកបានចំនួន ០៤តោន ៦៨៩គីឡូក្រាម និង៦១១,៤៧ក្រាម ស្មើនឹង១២១% គិតលើឆ្នាំ២០២០ (០៣ តោន ៨៧៥ គីឡូក្រាម និង៨៩៨,០០ក្រាម) មានចំនួនច្រើនជាង ៨១៣គីឡូក្រាម និង៧១៣,៤៧ក្រាម កើនឡើងប្រមាណ ២១%៕