សម្ដេចតេជោ ហ៊ុន សែន ប្រាប់អ.ស.បថា យើងមានចំណុចរួមគ្នា គឺជួយស្វែងរកសន្តិភាព ជូនប្រជាជនមីយ៉ាន់ម៉ា ហើយអ្វីដែលត្រូវធ្វើបន្ទាន់គឺបញ្ឈប់អំពើហិង្សា នាំអំណោយមនុស្សធម៌

142
UI Promtion 2021

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ប្រាប់ លោកស្រី ណូលីន ហៃហ្ស៊ើ ប្រេសិតពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ាថា កម្ពុជា និងអង្គការសហប្រជាជាតិ មានចំណុចរួមគ្នា គឺជួយស្វែងរកសន្តិភាព ជូនប្រជាជនមីយ៉ាន់ម៉ា ហើយអ្វីដែលត្រូវធ្វើបន្ទាន់គឺបញ្ឈប់អំពើហិង្សា និងនាំអំណោយមនុស្សធម៌។

ការលើកឡើងរបស់សម្ដេចតេជោហ៊ុនសែនបានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចអនុញ្ញាតឲ្យប្រេសិតពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ារូបនេះចូលជួបសំដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាព នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២។

លោកអ៊ាងសុផល្លែតជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែនបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថានៅក្នុងជំនួបនោះលោកស្រីណូលីនបានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោដែលបានទទួលមេដាយសន្តិភាព នៅប្រទេសកូរ៉េ កន្លងមកនិង សម្ដែងការអបអរសាទរផងដែរ ដែលថ្មីៗនេះ កងទ័ពរក្សាសន្តិភាពកម្ពុជាទទួលបានមេដាយ ពីអង្គការសហប្រជាជាតិ ។

លោកស្រីបានជម្រាបសម្តេចតេជោនូវកិច្ចការដែលលោកស្រីបានធ្វើ៣ខែកន្លងមកក្នុងនាមជាប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិដែលជារួមមានការពិចារណាដោះស្រាយបញ្ហាមីយ៉ាន់ម៉ា តាមរយៈបង្កើតក្របខណ្ឌពហុច្រក ឈរលើមូលដ្ឋានទស្សនទានរង្វង់៣ស្រទាប់រួមមាន៖

ស្រទាប់ទី១៖ នៅកណ្ដាលរង្វង់ គឺដំណើរការរកដំណោះស្រាយដែលដឹកនាំដោយមីយ៉ាន់ម៉ា និងជាកម្មសិទ្ធិរបស់មីយ៉ាន់ម៉ា ដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជនមីយ៉ាន់ម៉ា ។

ស្រទាប់ទី២៖គឺដំណើរការដឹកនាំដោយសហគមន៍តំបន់ដែលមានអាស៊ាននិងបណ្ដាប្រទេសជាប់ព្រំដែនមីយ៉ាន់ម៉ាទាំងអស់ចូលរួមនិង

ស្រទាប់ទី៣៖ស្រទាប់ខាងក្រៅបង្អស់គឺសហគមន៍អន្តរជាតិដែលភាគច្រើនជាប្រទេសលោកខាងលិច។

លោកស្រីណូលីនបានបន្ថែមថាក្របខ័ណ្ឌនេះមិនខុសពីការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានទេ គឺទី១៖ផ្ដោតការខិតខំទៅលើជំនួយមនុស្សធម៌ , ទី២៖ ការការពារប្រជាជន និង ទី៣៖ វិលទៅរកការគ្រប់គ្រងស៊ីវិលដែល ជាការចាំបាច់ត្រូវមានការ កសាងទំនុកចិត្ត ។

ជាការឆ្លើយតបសម្ដេចតេជោបានថ្លែងអំណរគុណជូនលោកស្រីណូលីនដែលបានសម្ដែងនូវការអបអរសាទរចំពោះការទទួលមេដាយសន្តិភាពនិងកងរក្សាសន្តិភាពកម្ពុជាទទួលបានមេដាយអង្គការសហប្រជាជាតិ។

សម្ដេចតេជោបានថ្លែងអំណរគុណលោកស្រីណូលីនដែលបានលើកឡើងអំពីករណីមីយ៉ាន់ម៉ា។សម្ដេចតេជោបានមានប្រសាសន៍ថាយើងមានចំណុចរួមគ្នានោះគឺជួយស្វែងរកជូនប្រជាជនមីយ៉ាន់ម៉ានូវសន្តិភាពស្ថិរភាពនិងការរីកចម្រើនហើយអ្វីដែលត្រូវធ្វើជាបន្ទាន់នោះគឺបញ្ឈប់អំពើហិង្សា,នាំអំណោយមនុស្សធម៌ជូនដល់ប្រជាជនទាំងអស់ដែលកំពុងត្រូវការនិងបង្កលក្ខណៈជឿទុកចិត្តគ្នាដោះស្រាយបញ្ហា ជាពិសេស តាមរយៈការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន៕