ឯកឧត្តមហ៊ុនម៉ានីទទួលជួបឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជាខណៈឆ្នាំនេះជាខួបអនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរ

120
UI Promtion 2021

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ តបតាមសំណើរបស់ស្ថានទូតសហព័ន្ធរុស្សី ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលពី ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្សីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅបន្ទប់ប្រជុំគណៈកម្មការទី៧ នៃអគារវិមានរដ្ឋសភា។
ក្នុងជំនួបនេះដែរឯកឧត្តមឯកអគ្គរដ្ឋទូតបានធ្វើការកត់សម្គាល់ពីដំណើរការបាននិងការវិវត្តនៃស្ថានភាពនៅប្រទេសអ៊ុយក្រែន ជាពិសេសលើភាពវិជ្ជមាននៃការចរចារចុងក្រោយនៅទីក្រុង Istanbul នាពេលថ្មីៗនេះ។ ទន្ទឹមគ្នានេះ ឯកឧត្តមក៏បានបង្ហាញពីការបន្តទំនាក់ទំនងទ្វេភាគីរវាងសហព័ន្ធរុស្សី និងព្រះរាជាណាចក្រកម្ពុជាតាមរយៈការរក្សាចំណងមិត្តភាពជាប្រពៃណីការជំរុញកិច្ចសហប្រតិបត្តិការលើផ្នែកនីតិបញ្ញាត្តិ អង្គនីតិប្រតិបត្តិ ការងារយុវជន និងផ្នែកកីឡាជាដើម។
គួរបញ្ជាក់ដែរថា នាខែឧសភា ឆ្នាំ២០២២ខាងមុខនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។ ចំណងមិត្តភាពដ៏យូរអង្វែងនេះ ជាមូលដ្ឋាននៃការបន្តកិច្ចសហប្រតិបត្តិការនានាជាបន្តបន្ទាប់មិនថា ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត៕