សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនបច្ច័យសាងសង់វិហារ និងគូរគំនូរក្នុងវិហារវត្តបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

109
UI Promtion 2021

(ត្បូងឃ្មុំ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានសទ្ធាជ្រះថ្លាប្រគេនបច្ច័យសម្រាប់សាងសង់បង្ហើយព្រះវិហារនៅវត្តបារាយណ៍ និងគូរគំនូរក្នុងព្រះវិហារវត្តបារាយណ៍នេះទៀតផងដែរ ដើម្បីទុកជាសមិទ្ធផលក្នុងព្រះពុទ្ធសាសនា ដែលជាទីកសាងកុសលផលបុណ្យនៃប្រជាពុទ្ធបរិស័ទគ្រប់គ្នា។
គួរបញ្ជាក់ថា វត្តបារាយណ៍ គឺស្ថិតនៅភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ព្រះវិហារនៃវត្តនេះគឺត្រូវបានកសាងតាំងពីឆ្នាំ២០១៦ ហើយរហូតដល់ឆ្នាំ២០២០ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចូលរួមបច្ច័យដើម្បីកសាងបង្ហើយនូវព្រះវិហារនេះ។ មកដល់ពេលបច្ចុប្បន្ន ការកសាងព្រះវិហារនៅវត្តបារាយណ៍នេះគឺសម្រេចរួចរាល់ហើយ នៅឡើយតែការគូរគំនូរក្នុងព្រះវិហារ ដែលមិនទាន់រួចរាល់ជាស្ថាពរ។

ក្នុងឱកាសអញ្ជើញទៅស្រុកកំណើត នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអញ្ជើញចូលទៅកាន់ទីវត្តអម្ពវ័ន ហៅវត្តស្វាយដំណាក់ ដោយបានចូលថ្វាយបង្គំចំពោះព្រះវិញ្ញូវេទី តេង ហែ ព្រះបាឡាត់គណខេត្តត្បូងឃ្មុំ និងជាព្រះចៅអធិការវត្តអម្ពវ័ននោះស្រាប់។ ទីបរមភូមិនេះហើយដែលបានបន្សល់នូវអនុស្សាវរីយ៍កាលពីវ័យក្មេង និងវ័យសិក្សារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មាតាមនុស្សធម៌នៃប្រជាជាតិខ្មែរ។
ជាមួយគ្នានោះ ព្រះចៅអធិការវត្តអម្ពវ័នក៏បានមានសង្ឃដីកាអំពីការគូរគំនូរនៅក្នុងព្រះវិហារវត្តបារាយណ៍ ដែលស្ថិតនៅភូមិបារាយណ៍ ឃុំឈូក ដោយបច្ចុប្បន្នកំពុងត្រូវការបច្ច័យបន្ថែមដើម្បីគូរបង្ហើយឱ្យបានរួចរាល់ ដូច្នេះហើយព្រះចៅអធិការវត្តអម្ពវ័ន ជំនួសមុខឱ្យគណៈកម្មការវត្ត និងប្រជាពុទ្ធបរិស័ទនៅវត្តបារាយណ៍ ក៏មានសង្ឃដីកាស្នើសុំឱ្យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជួយក្នុងកិច្ចការនេះតាមសទ្ធាជ្រះថ្លា។
នាបរិយាកាសគួរជាទីរមណីយជ្រះថ្លានោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានប្រគេននូវបច្ច័យបន្ថែមតាមរយៈព្រះអង្គ តេង ហែ ដើម្បីចូលរួមក្នុងការគូរគំនូរនៅក្នុងព្រះវិហារវត្តបារាយណ៍ ដើម្បីទុកជាសមិទ្ធផលក្នុងព្រះពុទ្ធសាសនា និងសម្រាប់ឱ្យប្រជាពុទ្ធបរិស័ទងាយស្រួលក្នុងការប្រារព្ធពិធីបុណ្យទានផ្សេងៗនៅក្នុងវត្ត ក៏ដូចជានៅក្នុងព្រះវិហារជាដើម។
ព្រះវិញ្ញូវេទី តេង ហែ មានសង្ឃដីកាថា បច្ច័យដែលជាសទ្ធាជ្រះថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺសម្រាប់គូរគំនូរនៅតាមពិដាននៃព្រះវិហារវត្តបារាយណ៍ ដែលមានទំហំសរុប៣២៥ម៉ែត្រការ៉េ។

ព្រះអង្គមានសង្ឃដីកាបញ្ជាក់ថា «កាលពីដើមឡើយ អាត្មាសុំលោក (សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន) ឱ្យជួយកសាងព្រះវិហារនៅវត្តបារាយណ៍ ដែលនៅឯជនបទស្រុកស្រែហួសពីវត្តរបស់អាត្មាទៀត គឺវត្តផ្សេងពីវត្តអាត្មា មានន័យថា លោកចូលបច្ច័យកសាងព្រះវិហារ និងគូរគំនូរក្នុងព្រះវិហារនេះ គឺតាមរយៈអាត្មា»។
ព្រះចៅអធិការវត្តអម្ពវ័នមានសង្ឃដីកាបន្តថា បច្ច័យដែលប្រើប្រាស់សម្រាប់ការកសាងបង្ហើយព្រះវិហារ និងការគូរគំនូរក្នុងព្រះវិហារនៃវត្តបារាយណ៍នេះ គឺមានចំនួនសរុប១០០,០០០ (មួយរយពាន់) ដុល្លារអាមេរិក។
គួរជម្រាបថា ការប្រគេនបច្ច័យបន្ថែមសម្រាប់គូរគំនូរក្នុងព្រះវិហារវត្តបារាយណ៍នេះដែរ គឺនៅមុនមួយថ្ងៃដែលសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមនឹងក្រុមគ្រួសារសាច់ញាតិ បានប្រារព្ធពិធីរាប់បាត្រ និងបង្សុកូលគោរពឧទ្ទិសមគ្គផលជូនចំពោះវិញ្ញាណក្ខន្ធមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ព្រមទាំងញាតិកាដែលបានចែកឋានទៅ។ ពិធីរាប់បាត្រនិងបង្សុកូលនេះទៀតសោត គឺធ្វើឡើងនៅភូមិ២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃចន្ទ ៣កើត ខែចេត្រ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២។

បើតាមសង្ឃដីកាបន្ថែមរបស់ព្រះបាឡាត់គណខេត្តត្បូងឃ្មុំ ព្រះអង្គ តេង ហែ ទីវត្តអម្ពវ័ននេះហើយដែលឯកឧត្តម ហ៊ុន ម៉ាណែត ធ្លាប់បានសាងផ្នួសសងគុណជីដូនខាងមាតា គឺអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានទទួលមរណភាពនាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ដោយជរាពាធ ក្នុងជន្មាយុ៩៦ឆ្នាំ។ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី គឺត្រូវជាមាតាបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងជាមាតាក្មេករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕