កម្ពុជានឹងសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះនៅខេត្តប៉ៃលិន

86
UI Promtion 2021

(ប៉ៃលិន)៖ គណៈកម្មការសាងសង់វិមានឈ្នះ-ឈ្នះ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២នេះ បានប្រកាសសមាសភាពអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ-ឈ្នះ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ដែលគ្រោងសាងសង់នៅខេត្តប៉ៃលិននេះ នឹងបង្ហាញពីវប្បធម៌កត្តញ្ញូសម្ដែងការដឹងគុណ និងការចងចាំរំឭកដល់វីរភាព ស្នាដៃ និងភាពឈ្លៀសវៃរបស់ថ្នាក់ដឹកនាំក្នុងការស្វែងរកសន្តិភាព ដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុសន្តិភាព បង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តជាតិ បញ្ជាក់ពីសច្ចភាពប្រវត្តិសាស្រ្តពិត ដែលបានកើតចេញលើកដំបូងនោះ គឺដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ ទើបមានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តជាបន្តបន្ទាប់ និងជាទីកន្លែងសម្រាប់មនុស្សជំនាន់ក្រោយសិក្សាស្វែងយល់ប្រវត្តិសាស្ត្រពិតរបស់ខេត្តឧត្តរមានជ័យ បញ្ជាក់ពីភាពពិតរបស់កូនខ្មែរសម័យនេះ និងអំពីសមត្ថភាពចំណេះដឹង តម្លៃពិតប្រាកដនៃមគ្គទេសក៍អ្នកដឹកនាំកម្ពុជា។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងបានធ្វើការណែនាំដល់ក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធក្នុងខេត្ត គឺត្រូវមានគំនិតផ្តួចផ្តើមសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ក្នុងនោះដែរ សម្តេចពិជ័យសេនាក៏បានរំឭកឡើងវិញផងដែរពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាក់ស្តែងមួយចំនួន ដែលកម្ពុជាបានជួបប្រទះឆ្លងកាត់ភ្នក់ភ្លើងសង្រ្គាម និងបង្កភាពមហន្តរាយ ភាពឈឺចាប់ខ្លោចផ្សារបសប្រជាជនកម្ពុជា ក៏ដូចខេត្តប៉ៃលិនដែលបានបន្សល់ស្លាកស្នាមនៅមិនទាន់រលុបបាត់អស់នៅឡើយ។ ការបញ្ចប់ដោយជោគជ័យដោយសន្តិវិធីចំពោះសង្រ្គាម និងការបែកបាក់ជាតិ គឺពិតជាសម្រេចបានមកដោយការលំបាកបំផុត ក៏ប៉ុន្តែការពារនូវជីវភាព សុខសន្តិភាព និងការពង្រឹងថែមទៀតនូវវប្បធម៌សន្តិភាព ដែលសម្រេចបានមកនេះ គឺជាភារកិច្ចរឹតតែលំបាកធ្ងន់ធ្ងរណាស់ទៅទៀត។
សម្តេពិជ័យសេនា ទៀ បាញ់ បានបន្តទៀតថា ជាច្រើនជំនាន់មកហើយ កម្ពុជាពុំធ្លាប់ទទួលបានសន្តិភាពពេញលេញដូចសម័យសព្វថ្ងៃនេះទេ ជួនកាលមានការបែកបាក់ទៅជា២ ជា៣ភាគី ដែលនាំឲ្យប្រទេសជាតិមានជម្លោះនឹងគ្នាឥតឈប់ឈរនាពេលកន្លងមក។ នៅក្នុងដំណាក់កាលចុងក្រោយ គឺដោយសាររបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឱ្យប្រទេសកម្ពុជាមានមហន្តរាយនោះ ទើបមានព្រឹត្តិការណ៍ថ្ងៃ២០ មិថុនា ១៩៧៧ ថ្ងៃ២ ធ្នូ ១៩៧៨ និងថ្ងៃ ៧ មករា ១៩៧៩ រហូតដល់ ឆ្នាំ១៩៩៨ ដែលមានការអនុវត្តនយោបាយឈ្នះ-ឈ្នះ និងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
សម្តេចពិជ័យសេនាបានបញ្ជាក់ថា សមិទ្ធផលនយោបាយឈ្នះ-ឈ្នះនាំឲ្យប្រទេសជាតិទទួលបានសន្តិភាពពេញលេញ ដែលជាកត្តាចម្បងសម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងកិច្ចការតំបន់ និងអន្តរជាតិដោយជោគជ័យ និងបានប្រែក្លាយជីវភាពរស់នៅរបស់ប្រជាជនពីជីវភាពក្រីក្រមកជាប្រជាជនមានចំណូលកម្រិតមធ្យម។
ការសាងសង់ស្តូបឈ្នះ-ឈ្នះ នៅក្រុងប៉ៃលិន ខេត្តប៉ៃលិននេះនឹងសាងសង់ឡើង ក្រោមការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងធនធានថវិកា គំនិត ប្រាជ្ញារបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាជន បញ្ញវន្ត និស្សិត សិស្ស ដោយមិនគិតនិន្នាការនយោបាយឡើយ ហើយសំណង់និងតំបន់អភិវឌ្ឍនេះនឹងក្លាយទៅជាសំណង់ប្រវត្តិសាស្រ្តរាប់រយឆ្នាំ ជាកេរមរតកក្នុងសម័យតេជោសែនសម្រាប់មនុស្សជាតិគ្រប់ជំនាន់នៅលើទឹកដីកម្ពុជា៕