សម្តេចក្រឡាហោម ស ខេង លើកទឹកចិត្តដល់សមត្ថកិច្ចពាក់ព័ន្ធមិនត្រូវលើកលែង យោគយល់ និងអនុគ្រោះដល់អ្នកដែលប្រព្រឹត្តបទល្មើសនោះទេ

87
UI Promtion 2021

ភ្នំពេញ៖សម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) បានលើកទឹកចិត្តដល់សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការបង្ក្រាបបទល្មើសជួញដូរមនុស្សត្រូវធ្វើការប្រកបដោយតម្លាភាពនិងយុត្តិធម៌ដោយមិនត្រូវលើកលែងយោគយល់និងអនុគ្រោះដល់អ្នកដែលប្រព្រឹត្តបទល្មើសនោះទេហេតុដូច្នេះហើយការឃាត់ខ្លួនជនសង្ស័យគឺត្រូវតែ បន្តការខិតខំបន្តទៀតទៅតាមបរិមាណបទល្មើសដែលកើតមានឡើង។ នេះបើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ ។

សម្តេចក្រឡាហោមសខេងបានមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២១និងទិសដៅការងារឆ្នាំ២០២២ របស់ គ.ជ.ប.ជ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បន្ថែមទៀតថា ចំពោះស្ថាប័នតុលាការត្រូវផ្តល់នូវយុត្តិធម៌ ប្រកបដោយភាពត្រឹមត្រូវតម្លាភាពដើម្បីធានានិងលើកកម្ពស់ការការពារការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឱ្យកាន់តែល្អប្រសើរថែមទៀត។ ជាមួយគ្នានេះដែរសម្រាប់ការផ្តល់សេវាជួយជនរងគ្រោះត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតដោយត្រូវចូលរួមសហប្រតិបត្តិការជាមួយដៃគូជាតិនិងអន្តរជាតិក្នុងការជួយលើកកម្ពស់គាំទ្រនិងការពារដល់ជនរងគ្រោះ។

ក្នុងឱកាសនោះដែរសម្តេចក្រឡាហោមបានជំរុញដល់ក្រសួងស្ថាប័ន្ធពាក់ព័ន្ធដែលស្ថិតនៅក្រោមគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួយដូរមនុស្ស(គ.ជ.ប.ជ)ត្រូវបន្តកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែសកម្មនិងជិតស្និតបន្ថែមទៀតដែលបែងចែកមុខងារទៅតាមជំនាញដើម្បីធ្វើឱ្យកិច្ចការងារទាំងនោះឱ្យទទួលបានជោគជ័យ ។

ឆ្លៀតក្នុងឱកាសនេះដែរសម្តេចក្រឡាហោមក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវកុំប្រថុយប្រថាននឹងគ្រោះថ្នាក់ដោយព្យាយាមឆ្លងដែនចាកចេញតាមមធ្យោបាយលួចលាក់ខុសច្បាប់និងប្រកបដោយភាពប្រឈមនឹងគ្រោះថ្នាក់ដែលនឹងធ្វើឱ្យមានគ្រោះថ្នាក់និងការខាតបង់កាន់តែធ្ងន់ធ្ងរ៕