ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត មានប្រសាសន៍ថាឆ្នាំ២០២២កម្ពុជាមានភារកិច្ចច្រើន,កងទ័ពត្រៀមអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានទ័ពជើងគោក ដែលបានដាក់ចេញ (Video inside)

195
UI Promtion 2021

(បាត់ដំបង)៖ ឯកឧត្តម  ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា កងទ័ពជើងគោកពិតជាមានការទទួលខុសត្រូវខ្ពស់ ដោយសារត្រូវបំពេញទាំង ការងារស្នូលជាប្រចាំផង និងភារកិច្ចបន្តប្រយុទ្ធនឹងជំងឺរាតត្បាតផង។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែតបានបញ្ជាក់ថា«ការប្រយុទ្ធនឹងជំងឺកូវីដ១៩នៅតែបន្តនិងមិនទាន់បញ្ចប់ ប៉ុន្តែអ្វីៗស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបានដោយសារជោគជ័យនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំង (សម្រេចបានប្រមាណជិត៩៣% ធៀបនឹងចំនួនប្រជាជនសរុប១៦លាននាក់)។ ចំពោះមុខនេះ ភារកិច្ចរបស់កងទ័ពក្នុងការថែរក្សាបរិយាកាសសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ ក៏កាន់តែឈាន មកដល់ដំណាក់កាលកាន់តែស្រួចស្រាវក្នុងឆ្នាំ២០២២នេះ ដែលជាឆ្នាំដ៏សំខាន់ពោរពេញដោយភារកិច្ចយ៉ាងមមាញឹកពីព្រោះទន្ទឹមនឹងការណ៍ដែលកម្ពុជាត្រូវបំពេញភារកិច្ចក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២គឺកម្ពុជាក៏ត្រូវរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ជាមួយនឹងការធានាថាដំណើរការប្រជាធិបតេយ្យនៅមូលដ្ឋានដ៏សំខាន់មួយនេះអាចប្រព្រឹត្តទៅបានក្នុងបរិយាកាសសន្តិភាពនិងស្ថិរភាពដូចដែលបានដំណើរការយ៉ាងទៀងទាត់រួចមកហើយ រាប់ចាត់តាំងពីអាណត្តិទី១ ក្នុងឆ្នាំ២០០២ មក។ ដូច្នេះសូមបន្តប្រុងប្រៀបត្រៀមលក្ខណៈធានាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានដាក់ចេញ»។

ការថ្លែងនេះពេលឧត្តមសេនីយ៍អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញភស្តុភារ,យន្តយុទ្ធថ្នាក់កងវរសេនាតូចកងអនុសេនាធំនិងបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់របស់យោធភូមិភាគទី៥នៅខេត្តបាត់ដំបង នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។

ជាការចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមអបអរសាទរចំពោះលទ្ធផលនៃវគ្គហ្វឹកហ្វឺន បំប៉នជំនាញភស្តុភារ,យន្តយុទ្ធថ្នាក់កងវរសេនាតូចកងអនុសេនាធំនិងបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់នេះដែលបានដំណើរការអស់រយៈពេលជាច្រើនខែមក។

វគ្គហ្វឹកហ្វឺនទាំងនេះពិតជាបានឆ្លើយតបចំពោះសេចក្តីត្រូវការផ្ទាល់របស់យោធភូមិភាគទី៥ក្នុងការពង្រឹងនិងពង្រីកសមត្ថភាពជំនាញរបស់យោធិនដើម្បីធានាបាននូវនិរន្តរភាពនៃការអនុវត្តភារកិច្ចលើការងារធានាឱ្យការត្រៀមប្រយុទ្ធបម្រើប្រយុទ្ធនិងប្រយុទ្ធក៏ដូចជាសកម្មភាពការងារប្រចាំថ្ងៃនិងភារកិច្ចផ្សងៗទៀតរបស់កងឯកភាពដូចជាប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយជាដើមនិងសូមកោតសរសើរចំពោះសិក្ខាកាមទាំងអស់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ត្រងត្រាប់រៀនសូត្ររហូតទទួលបានជោគជ័យបញ្ចប់វគ្គក្នុងពេលនេះ។

«ជោគជ័យនេះ កើតចេញពីការពុះពារជម្នះនូវឧបសគ្គ និងការលំបាកគ្រប់បែបយ៉ាង ដែលនេះហើយ គឺជាមោទនភាពសម្រាប់សិក្ខាកាមបញ្ចប់វគ្គគ្រប់ៗរូប ហើយខ្ញុំក៏សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំង អស់នឹងប្រើប្រាស់ជំនាញចំណេះដឹងនិងបទពិសោធន៍ទទួលបានពីវគ្គហ្វឹកហ្វឺននេះសម្រាប់យកទៅអនុវត្តបំពេញរាល់ភារកិច្ចនៅតាមបណ្តាកងឯកភាពឱ្យទទួលបានជោគជ័យនិងកាន់តែមានប្រសិទ្ធភាពខ្ពស់ក៏ដូចជាសម្រាប់កសាងនិងអភិវឌ្ឍខ្លួនឱ្យមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទទួលរ៉ាប់រងរាល់ភារកិច្ចរបស់អង្គភាពនាពេលចំពោះមុខ និងតទៅអនាគត»។ នេះជាការបញ្ជាក់ថែមរបស់លោកមេបញ្ជាការ។

ជាមួយគ្នានេះ ឯកឧត្តម សូមថ្លែងអំណរគុណចំពោះគណៈកម្មការហ្វឹកហ្វឺនបំប៉នជំនាញ, ក្រុមការងារ កសាងឯកសារភស្តុភារនិងក្រុមគ្រូឧទ្ទេស,គណៈគ្រប់គ្រងវគ្គនិងយោធភូមិភាគទី៥ព្រមទាំងបណ្តាស្ថាប័ន-កងឯកភាពពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់បង្កលក្ខណៈ និងរៀបចំដំណើរ ការវគ្គហ្វឹកហ្វឺន ទាំងនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់និងបានសហការយ៉ាងល្អរហូតសម្រេចបានលទ្ធផលការងារតាមផែនការកំណត់ទោះបីជាមានបញ្ហាប្រឈមមួយចំនួនដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ក៏ដោយ។

ទាំងអស់នេះគឺពិតជាបានស្តែងឱ្យឃើញអំពីការប្តេជ្ញាចិត្តការទទួលខុសត្រូវនិងសាមគ្គីភាពសហការជាធ្លុងមួយរបស់ថ្នាក់ដឹកនាំមេបញ្ជាការមេបញ្ជាការរងគ្រប់លំដាប់ថ្នាក់យោធាចារ្យនិងយោធិនទាំងអស់ក្នុងបុព្វហេតុកសាងបណ្តុះបណ្តាលធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទឱ្យមានសមត្ថភាពពេញលេញ និងប្រកប ដោយ វិជ្ជាជីវៈ សំដៅធានាបាននូវប្រសិទ្ធភាព នៃកិច្ចការពារជាតិ៕